អង្គការ UNESCO បានប្រកាសឱ្យមានការប្រកួតខ្សែវីដេអូសម្រាប់អាណាព្យាបាល សិស្ស គ្រូ និងអ្នកគ្រប់គ្រងសាលានៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ អ្នកឈ្នះការប្រកួតនេះនឹងអាចឈ្នះដំណើរទៅទីក្រុងបាងកក និងរង្វាន់ជាច្រើនទៀត។ ខ្សែវីដេអូដែលបេក្ខភាពផលិតបាន នឹងត្រូវយកទៅធ្វើបទបង្ហាញនៅទីក្រុងបាងកក ដោយដកស្រង់យកសាលារៀនណាដែលអ្នកគិតថាជា សាលារៀនរីករាយ។
គោលបំណងសំខាន់នៃការប្រកួតខ្សែវីដេអូនេះគឺ ដើម្បីលើកទឹកចិត្តឱ្យមានការយកចិត្តទុកដាក់ផ្នែកអប់រំ និងបំផុសឱ្យមានសកម្មភាពដើម្បីជំរុញឱ្យសាលារៀនកាន់តែមានភាពច្នៃប្រឌិត ប្រកបដោយភាពរីករាយដល់សិស្សានុសិស្ស។ ម្យ៉ាងវិញទៀត សុភមង្គលក្នុងការសិក្សាក៏ជាប្រធានបទមួយដែលកម្មវិធីចង់ទទួលបានពីអ្នកផលិតខ្សែវីដេអូទាំងអស់នោះផងដែរ ព្រោះវាជាធាតុសំខាន់មួយក្នុងការលើកតម្កើងផ្នែកអប់រំនៅក្នុងប្រទេសនីមួយៗ។ ការបង្កើតភាពសប្បាយរីករាយក្នុងការសិក្សា អាចធ្វើឱ្យក្មេងកាន់តែច្រើនឡើងចង់ទទួលយកការរៀនសូត្រ ហើយមិនបោះបង់ការសិក្សា ព្រោះពួកគេគិតថាការសិក្សាគឺ អាចធ្វើឱ្យពួកគេសប្បាយចិត្ត និងមានភាពកក់ក្តៅ។
ប្រជាជននៅក្នុងប្រទេសកម្ពុជាអាចស្វែងរកមើលខ្សែវីដេអូ និងព័ត៌មានលម្អិតនៅក្នុងគេហទំព័ររបស់អង្គការ UNESCO ដែលកម្មវិធីនេះក៏ត្រូវបានគេផលិតឡើងផងដែរនៅក្នុងឆ្នាំ ២០១៦៕