ភ្នំពេញៈ ទោះជាការលក់លំនៅដ្ឋានជាទូទៅមានការថមថយល្បឿនក្តី ប៉ុន្តែការផ្តល់ឥណទានរបស់ អេស៊ីលីដា ដែលមានទឹកប្រាក់ ៤០លានដុល្លារ កើនឡើង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអឹលស៊ី បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២ មិថុនា ថា កាលពីដំណាច់ឆ្នាំមុនអេស៊ីលីដាបានផ្តល់ឥណទានទំហំទឹកប្រាក់ ២១០លានដុល្លារក្នុងវិស័យលំនៅដ្ឋាន ហើយគ្រាន់តែរយៈពេល ៥ខែដើមឆ្នាំនេះ ឥណទានអេស៊ីលីដាបានបញ្ចេញទឹកប្រាក់ ៤០លានដុល្លារអាមេរិក និងមានអតិថិជនក្នុងដៃសរុប ៤៣៣,០០០នាក់ ដែលបាន និងកំពុងប្រើប្រាស់ឥណទានរបស់ធនាគារនេះ។
លោកបន្តថា “ការផ្តល់ឥណទានរបស់យើងមិនមានការរឹតបន្តឹងនោះទេ ប៉ុន្តែយើងមិនផ្តល់ឥណទានសម្រាប់អ្នកទិញផ្ទះទុកលក់ ឬជួលទេ ព្រោះប្រសិនជាពួកគេលក់ ឬជួលមិនបាននោះ ពួកគេនឹងត្រូវប្រឈមនឹងបញ្ហាក្នុងការសងត្រឡប់”។ លោកបន្តថា “ឥណទានរបស់អេស៊ីលីដាផ្តោតតែលើអ្នកទិញលំនៅដ្ឋានយកមករស់នៅប៉ុណ្ណោះ”។
អ្នកនាងឆាយ ស៊ីណា ប្រធានផ្នែកទីផ្សារនៃបុរីវិមានភ្នំពេញបានថ្លែងថា អ្នកទិញលំនៅដ្ឋានក្នុងបុរីនេះភាគច្រើនបានប្រើប្រាស់ឥណទានរបស់ធនាគារ ដោយសារលក្ខខណ្ឌនៃឥណទានកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជន ពិសេសគ្រួសារថ្មីថ្មោងដែលទើបរៀបការហើយមានបំណងចាកចេញពីឪពុកម្តាយ មកបង្កើតគ្រួសារថ្មីដោយខ្លួនឯង។
អ្នកនាងបន្តថា “អ្នកទិញលំនៅដ្ឋានប្រមាណ៧០ទៅ៨០ភាគរយហើយ ដែលបានប្រើប្រាស់ឥណទានពីធនាគារ”៕