មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយថា រាជរដ្ឋាភិបាលកំពុងមានផែនការជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើនពីអ្នកធុរកិច្ច និងវិនិយោគិនក្នុងស្រុកលើគ្រប់វិស័យដើម្បីជួយដល់កំណើនសេដ្ឋកិច្ច ខណៈដែលការវិនិយោគនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ភាគច្រើនជាអ្នកវិនិយោគបរទេស។
ថ្លែងនៅក្នុងវេទិកាសាធារណៈស្តីពីម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងថវិកាឆ្នាំ2019 ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា នីតិកាលទី6នេះ រាជរដ្ឋាភិបាលនឹងបង្កើនការគ្រប់គ្រងលើវិស័យសេដ្ឋកិច្ចឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពឡើង។
ទោះជាកម្ពុជាសម្បូរកម្លាំងពលកម្មបម្រើក្នុងវិស័យការងារច្រើនមែន តែក៏មិនគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងការរីកចម្រើននោះដែរ ដូច្នេះយើងត្រូវជំរុញ និងធ្វើការលើកទឹកចិត្តឱ្យមានអ្នកវិនិយោគទុនក្នុងស្រុកចូលរួមវិនិយោគកាន់តែច្រើន ព្រោះបច្ចុប្បន្នការវិនិយោគក្នុងស្រុកភាគច្រើនជាជនបរទេស។
ឯកឧត្តមបានបន្ថែមថា ធនធានមនុស្ស និងកម្លាំងការងារ គឺមិនគ្រប់គ្រាន់ទេ។ ដូច្នេះក្នុងរយៈពេល 5ឆ្នាំក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលនឹងជំរុញបង្កើនអ្នកវិនិយោគជាជនជាតិខ្មែរនៅក្នុងស្រុកឱ្យកាន់តែច្រើន ដោយរដ្ឋាភិបាលបានត្រៀមនូវកញ្ចប់ថវិកាជាច្រើនដើម្បីគាំទ្រដល់វិស័យឯកជន។ ឯកឧត្ដមមានប្រសាសន៍ថា៖ “នៅក្នុងអាណត្តិនេះរដ្ឋាភិបាលនឹងជួយ និងលើកទឹកចិត្តដល់វិនិយោគិនកម្ពុជាបន្ថែមទៀត និងរៀបចំថវិកាដើម្បីគាំទ្រដល់វិស័យឯកជនដោយមានផែនការច្បាស់លាស់ និងគោលនយោបាយត្រឹមត្រូវ‟។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ទៀតថា ក្នុងរយៈពេល 10ឆ្នាំចុងក្រោយនេះ ស្របពេលដែលបដិវត្តន៍ឧស្សាហកម្មទី4 កំពុងដំណើរការ រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការងារលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល 15ឆ្នាំរបស់ខ្លួនជាមួយនឹងគោលនយោបាយត្រឹមត្រូវ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនយ៉ាងឆាប់រហ័ស។
នៅក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងថវិកាឆ្នាំ2019 រដ្ឋាភិបាលនៅតែបន្តផ្តោតលើវិស័យអាទិភាពចំនួន4 ដូចជា៖ ប្រជាជន ផ្លូវថ្នល់ អគ្គីសនី និងទឹក និងការងារផ្សេងទៀតដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់ប្រទេស។ ឯកឧត្តមបានមានប្រសាសន៍ថា៖“ផ្អែកលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលការណ៍ពង្រីកការគ្រប់គ្រងហិរញ្ញវត្ថុ កិច្ចការទាំងនោះកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 របស់រដ្ឋាភិបាល‟។
ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី11មករាកន្លងមកនេះ បានប្រកាសដាក់ចេញនូវយុទ្ធនាការពង្រឹងឯករាជភាពរបស់កម្ពុជាតាមរយៈការកែទម្រង់លើវិស័យសំខាន់ៗជាច្រើន ពិសេសសម្តេចបានប្រកាសពីផែនការជួយសម្រួលដល់ Camcontrol ពីភារកិច្ចធ្វើអធិការកិច្ចនៅតាមច្រកព្រំដែនដើម្បីកាត់បន្ថយបន្ទុកដល់អាជីវករ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញយុទ្ធនាការថ្មីមួយដើម្បីជំរុញឯករាជភាពសេដ្ឋកិច្ចនិងកាត់បន្ថយការពឹងផ្អែកលើពាណិជ្ជកម្មអនុគ្រោះដែលផ្តល់ដោយបណ្តាប្រទេសជឿនលឿន ដោយ
សម្ដេចបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងផ្តល់ការសម្របសម្រួលពាណិជ្ជកម្មប្រសើរជាងមុន និងលុបបំបាត់នីតិវិធីមិនចាំបាច់។ សម្តេចនឹងចុះហត្ថលេខាដើម្បីដកមន្ត្រីមួយចំនួនចេញពីព្រំដែនទាំងអស់ដោយទុកតែមន្ត្រីគយ និងអន្តោប្រវេសន៍ប៉ុណ្ណោះ ដើម្បីកាត់បន្ថយតម្លៃនៃការនាំចេញ និងជួយជំរុញ និងលើកកម្ពស់ការធ្វើធុរកិច្ច ធ្វើយ៉ាងណាឱ្យអ្នកធុរកិច្ចក្នុងស្រុកបានចំណេញច្រើន។
សម្តេចបន្តថា៖“ការដាក់មន្ត្រីច្រើននៅតាមព្រំដែនមិនមែនជាដំណោះស្រាយទេ តែវាធ្វើឱ្យមានការបង្កើនការចំណាយក្នុងការនាំចេញ-នាំចូល។ សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងលើវិស័យតែមួយទេ យើងមិនអាចឱ្យគេខ្ទប់រន្ធច្រមុះមួយហើយយើងស្លាប់នោះទេ យើងមានវិស័យជាច្រើនទៀតដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់យើង‟។
សេចក្តីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឱ្យដឹងថា “យើងតែងតែបង់ថ្លៃសេវាសម្រាប់ការត្រួតពិនិត្យទំនិញតាមគយ និងកាំកុងត្រូល ដូច្នេះការសម្រេចដកយក Camcontrol ចេញពីនីតិវិធីត្រួតពិនិត្យទំនិញនឹងជួយកាត់បន្ថយការចំណាយ។ ថ្លៃឈ្នួលសម្រាប់ការត្រួតពិនិត្យកាំកុងត្រូល គឺជាផ្នែកមួយនៃបន្ទុកចំណាយរបស់យើង ហើយវាធ្វើឱ្យតម្លៃនៃឯកសារនៅក្នុងប្រទេសរបស់យើងខ្ពស់ជាងប្រទេសដទៃទៀត‟។
លោក ច័ន្ទ សុផល នាយកវិទ្យាស្ថានសិក្សាគោលនយោបាយបានថ្លែងទាក់ទងនឹងបញ្ហានេះថានេះគឺជាផ្នែកមួយនៃកំណែទម្រង់ដើម្បីកែលម្អសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងកាត់បន្ថយការពឹងផ្អែកលើសម្បទានពាណិជ្ជកម្មដែលផ្តល់ដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ កម្ពុជាអាចមានការងារច្រើនថែមទៀតដែលត្រូវធ្វើ ដើម្បីជំរុញឱ្យក្លាយទៅជាប្រទេសមួយមានសមត្ថភាពប្រកួតប្រជែងដោយពេញលេញនៅលើទីផ្សារពិភពលោក៕