សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (Cambodian Valuers and Estate Agents Association ឬ CVEA) បានបើកកិច្ចប្រជុំលើកទី1 ក្រោមអធិបតីភាពលោកប្រធានថ្មី ច្រឹក សុខនីម ដោយបាននាំយកផែនការ និងទិសដៅដ៏ទាក់ទាញក្នុងការកៀងគរសមាជិកបន្ថែម។
ថ្លែងឱ្យដឹងនាឱកាសនេះ លោក សុខនីម បានបង្ហាញពីជំហរ និងស្មារតីដ៏មុតមាំក្នុងការដឹកនាំ សមាគមអចលនទ្រព្យមួយនេះឱ្យបោះជំហានទៅមុខដើម្បីជាប្រយោជន៍ស្មើគ្នាដល់គ្រប់ភាគីពាក់ព័ន្ធ និងប្រយោជន៍ដល់វិស័យនេះ ព្រមទាំងសេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។ អ្វីដែលត្រូវធ្វើដំបូងបំផុតគឺការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធដឹកនាំថ្មីមួយដែលមានលក្ខណៈពេញលេញ និងរឹងមាំសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
ទាក់ទងនឹងកិច្ចការដឹកនាំវិញ លោក សុខនីម បានបញ្ជាក់ពីភារកិច្ចអាទិភាពចំនួន2 ដែលត្រូវធ្វើនៅក្នុងអាណត្តិរបស់លោក ក្នុងនោះទី1 គឺការប្រឹក្សាផ្នែកច្បាប់ដើម្បីធានាការពារដល់ផលប្រយោជន៍របស់សមាជិកទាំងអស់ និងទី2 គឺជំនួយបច្ចេកទេសលើការប្រឹក្សាផ្នែកអាជីវកម្មដើម្បីធ្វើឱ្យក្រុមហ៊ុន ដែលជាសមាជិកកាន់តែមានការសហការគ្នា និងការពង្រឹងភាពជាដៃគូជាមួយគ្នាក្នុងទិសដៅតែមួយ។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL បានថ្លែងក្នុងកិច្ចប្រជុំ “ការពង្រឹងសមត្ថភាពជាផ្នែកដ៏ចាំបាច់មួយដោយលោកបានបញ្ជាក់ថា សមត្ថភាពអ្នកបច្ចេកទេសខាងអចលនទ្រព្យនៅមានកម្រិតនៅឡើយ។ ដូច្នេះសមាគមត្រូវតែជួយបំពេញបន្ថែមនូវចំណុចខ្វះខាតទាំងនេះតាមរយៈការផ្តល់ជូនវគ្គបណ្តុះបណ្តាលគន្លឹះថ្មីៗសម្រាប់សមាជិកម្នាក់។ ក្រៅពីនេះការប្រើប្រាស់ធនធានមនុស្សឱ្យត្រូវសមត្ថភាព និងការផ្តល់ឱកាសឱ្យបុគ្គលជំនាញអាចចូលជាសមាជិកសមាគមបាន គឺជាចំណុចត្រូវយកចិត្តទុកដាក់មុនគេ‟។
លោក ច្រឹក សុខនីម បានបញ្ជាក់ឱ្យដឹងអំពីទិសដៅបញ្ចុះតម្លៃ50% ក្នុងការទាក់ទាញបណ្តាក្រុមហ៊ុន និងភ្នាក់ងារអចលនវត្ថុឱ្យចូលជាសមាជិក CVEA បន្ថែមទៀត។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖“ខ្ញុំនឹងបន្តកៀងគរសមាជិកឱ្យបានច្រើនជាង 100ក្រុមហ៊ុន ព្រោះឥឡូវតាមកំណត់ត្រាចំនួនតែ 100ជាងបន្តិច គឺយើងអាចកៀងគរបាន ព្រោះឥឡូវក្រសួងថា មានដល់ទៅ 250ក្រុមហ៊ុនឯណោះដែលបានចុះបញ្ជីត្រឹមត្រូវ ដូចនេះខ្ញុំកៀងគរឱ្យគាត់ចូលតាមរយៈគោលនយោបាយបញ្ចុះតម្លៃ‟។
សម្រាប់ទិសដៅកៀងគរនេះទៀតសោត លោក ច្រឹក សុខនីម បានប្តេជ្ញាក្នុងការបង្កើនចំនួនសមាជិកឱ្យកាន់តែច្រើនដោយលោកបានបញ្ជាក់ថា លោកនឹងធ្វើការកៀងគរបន្ថែមដើម្បីឱ្យសមាគម CVEA កើនឡើ់ងយ៉ាងទាបបំផុត 120ក្រុមហ៊ុន។
នៅមានកិច្ចការមួយចំនួនទៀតដែរ ដែលបានលើកយកមកពិភាក្សា គឺការខ្វះខាតក្នុងប្រើប្រាស់ព័ត៌មានទិន្នន័យក្បាលដី និងយន្តការក្នុងការស្នើសុំទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងមតិយោបល់ពីសមាជិកសមាគម។
លោក ច្រឹក សុខនីម បានថ្លែងថា ស្របពេលដែលទីផ្សារអចលនទ្រព្យកម្ពុជាកំពុងរីកចម្រើន និងប្រឈមបញ្ហាមួយចំនួន អ្នកជំនាញក្នុងវិស័យនេះបានអះអាងថា ទីផ្សារនេះនៅតែបន្តមានភាពរឹងមាំសម្រាប់រយៈពេល 10ឆ្នាំទៅមុខទៀត។
លោកបន្តថា៖ “5 ទៅ10ឆ្នាំខាងមុខ វិស័យនេះនៅតែរឹងមាំ តែ20ឆ្នាំទៅមុខនោះ វាអាចនឹងមានបញ្ហាប្រឈម តែបញ្ហាកើតឡើង ឬអត់ វាអាស្រ័យលើគោលនយោបាយរបស់ប្រទេសនោះ ព្រោះបើប្រទេសហ្នឹងមានលុយបម្រុងច្រើន វាអាចជួយស្រោចស្រង់ស្ថានភាពសេដ្ឋកិច្ចប្រទេសនោះបាន‟។ លោកបន្តថា៖“បើប្រទេសមួយមានទុនបម្រុងតិច វាងាយមានហានិភ័យណាស់ ព្រោះបើបញ្ហាសកលកើតមានឡើង ប្រទេសនោះនឹងងាយរងគ្រោះ‟។
សូមបញ្ជាក់ថា លោក ច្រឹក សុខនីម អគ្គនាយករបស់ក្រុមហ៊ុន Century 21 Mekong ត្រូវបានជ្រើសរើសឱ្យធ្វើជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ (CVEA) អាណត្តិថ្មី ដែលមានរយៈពេល 2ឆ្នាំបន្តទៀតគិតពីឆ្នាំ2019 ដល់ឆ្នាំ2020៕