គេមើលឃើញថា បន្ទាប់ពីសពប្អូនស្រី លោក ខេមរៈ សិរីមន្ដ បានមកដល់គេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយនោះ គេឃើញថា ហ្វេនៗអ្នកគាំទ្រនិងសិល្បៈជាច្រើន ទៅដល់ទីនោះភ្លាម មានវត្តមានដូចជា លោក ហេង ឡុង អ្នកនាង ចន ច័ន្ទលក្ខណា កញ្ញា សុខ ពីសី អ្នកនាង ពេជ្រ សោភា ព្រមទាំងតារាប្រុសស្រីជាច្រើនទៀត ដែលម្នាក់សុទ្ធតែរន្ធត់ចិត្ត និងបង្ហាញពីការស្តាយស្រណោះ ខេមរៈ ស្រីពៅ គ្រប់គ្នា។
នៅព្រឹកថ្ងៃទី 28 ខែមករា នេះ គេបានឃើញមានវត្តមានរបស់ លោក ព្រាប សុវត្តិ ព្រមទាំងកូនៗទាំង 3 នាក់ បានឆ្លៀតពេលមកចូលរួមពិធីបុណ្យសពរបស់ប្អូនលោក ខេមរៈ សេរីមន្ត ផងដែរ ដោយក្នុងទឹកមុខក្រៀមក្រំជាទីបំផុត និងអារម្មណ៍សោកសៅស្ទើតែស្រក់ទឹកភ្នែកតាមលោក ខេមរៈ សេរីមន្ត ទៅហើយ។
ក្រឡែកមកមើលលោក ខេមរៈ សិរីមន្ដ វិញហាក់បីដូចជាទន់អស់ទាំងខ្លួនប្រាណ ដោយមានអ្នកចាំឈរទប់ពីក្រោយជាប់រហូត ព្រោះមើលទៅលោកក្តុកក្តួលអួលដើមក ខ្ទប់មុខយំមិនចេញ។ ពេលនេះក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត កំពុងធ្វើបុណ្យតាមប្រពៃណី ហើយបើតាមការបញ្ជាក់ពីលោក ខេមរៈ សិរីមន្ត លើវីដេអូ បានឱ្យដឹងថា សពរបស់ប្អូនស្រីលោក នឹងដង្ហែរទៅបូជានៅវត្តសំរោងអណ្តែត នៅរសៀលម៉ោង 1 ថ្ងៃទី 28 ខែមករា ឆ្នាំ2019 នេះ ៕