កីឡាករវាយកូនបាល់ Novak Djokovic បានឈ្នះពានព្រឹត្តិការណ៍ Australian Open ជាលើកទី7 និងកម្មវិធី Grand Slam ជាលើកទី3 ជាប់ៗគ្នាកាលពីថ្ងៃអាទិត្យ ខណៈដែលរូបគេបានផ្តួលកីឡាករ Rafael Nadal យ៉ាងងាយក្នុងទីក្រុង Melbourne។
កីឡាករសញ្ជាតិស៊ែប៊ីរូបនេះ បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល 6-3 6-2 និង6-3 ដែលជាជ័យជម្នះដ៏ធំបំផុតក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានដ៏ធំមួយ លើគូប្រជែងដ៏ខ្លាំងរបស់គេ។
កីឡាករអេស្ប៉ាញ Nadal វ័យ 32ឆ្នាំ ហាក់ដូចជាមិនអាចទប់ទល់នឹងភាពខ្លាំងរបស់កីឡាករមានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោករូបនេះបានឡើយ និងបានបង្កើតឱ្យមានកំហុសដល់ទៅ 28លើកឯណោះ។
Djokovic វ័យ 31ឆ្នាំ បានកត់ត្រាជ័យជម្នះដោយប្រើពេលអស់ 2ម៉ោង និង4នាទី ដើម្បីឡើងឈរពីលើម្ចាស់ជើងឯក 6សម័យកាល Roy Emerson និង Roger Federer។
ក្រោយពីឈ្នះពាន Grand Slam ជាលើកទី15 របស់គេ Djokovic បានឱ្យដឹងថា៖ «វាជាការប្រកួតមួយក្នុងចំណោមការប្រកួតដ៏ល្អបំផុត។ វាហាក់មិនពិតសោះដែលយើងនៅតែលេងក្នុងកម្រិតនេះ និងនៅតែប្រជែងពានដ៏ធំបំផុតក្នុងកីឡានេះ ហើយវាជាពេលវេលាដ៏អស្ចារ្យ»។
ស្របពេលជាមួយគ្នានេះ កីឡាការិនីវាយកូនបាល់ Naomi Osaka របស់ជប៉ុន បានបញ្ជាក់ថា នាងពិតជា«ស្ថិតក្នុងភាពភ្ញាក់ផ្អើល» ក្រោយពីបានគ្រប់គ្រងការភិតភ័យរបស់ខ្លួនដើម្បីយកឈ្នះលើកីឡាការិនី Petra Kvitova និងឈ្នះពាន Australian Open ក្នុងការប្រកួត 3សិតដ៏រំភើបមួយ ខណៈជ័យជម្នះនេះក៏បានធ្វើឱ្យនាងឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ1 លើតារាងពិភពលោកផងដែរ។
កីឡាការិនីមានចំណាត់ថ្នាក់លេខ4 ប្រចាំព្រឹត្តិការណ៍ និងជាម្ចាស់ជើងឯក US Open រូបនេះបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល 7-6 (7/2) 5-7 និង6-2 ក្នុងការប្រកួត 2ម៉ោង និង27នាទីលើកីឡាការិនីរបស់ឆែក ដើម្បីឈ្នះពានក្នុងកម្មវិធី Grand Slam 2លើកជាប់ៗគ្នា៕
ប្រភពពី៖ Channel News Asia