នាពេលបច្ចុប្បន្ននេះ នៅតាមបណ្តាស្រុក-ក្រុងនានា មានការិយាល័យចំណុះមន្ទីរជាច្រើនដែលកំពុងបើកដំណើរការ តែមិនសូវមានការងារប្រតិបត្តិការ ហើយមានការិយាល័យដែលចាំបាច់ត្រឹមតែ 2-3ប៉ុណ្ណោះដែលដំណើរការជាប់ជាប្រចាំ។ ស្ថានភាពបែបនេះត្រូវបានរាជរដ្ឋាភិបាលមើលឃើញថា អាចជាចំណុចមួយក្នុងការខ្ជះខ្ជាយលើថវិកាជាតិ។
នៅថ្ងៃទី25 ខែមករា ឆ្នាំ2019 នេះសម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍នៅក្នុងជំនួបជាមួយកម្មករ-កម្មការិនីនៅខេត្តកំពតថា នាពេលខាងមុខនេះនឹងមានការកែសម្រួលរចនាសម្ព័ន្ធថ្នាក់ស្រុក-ក្រុង ដោយមិនឱ្យមានការិយាល័យរបស់មន្ទីរនៃក្រសួងនីមួយៗធ្លាក់ទៅដល់ក្រោមទៀតទេ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «សម្លឹងមើលទៅ ទុកតែ 3ផ្នែកទេ អប់រំត្រូវតែមានហើយ សុខាភិបាលត្រូវតែមានការិយាល័យ ព្រោះទាក់ទងនឹងសេវាព្យាបាលជូនប្រជាជន ហើយរៀបចំដែនដីក៏ត្រូវតែមានដែរ ព្រោះមានការងារពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី ក្រៅពីនោះការិយាល័យស្រដៀងៗគ្នាមានមុខងារប្រហែលៗគ្នាត្រូវដាក់មួយកញ្ចប់»។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរថា ការរៀបចំបែបនេះអាចនឹងប្រើប្រាស់ទឹក-ភ្លើងតិចជាងមុន មនុស្សធ្វើការតិចជាងមុន មធ្យោបាយក៏តិចជាងមុនដែរ ហេតុនេះគួរតែធ្វើការកែទម្រង់ដាក់ជាចង្កោមតែម្តង។ ការកែទម្រង់នេះមានលទ្ធភាពក្នុងការជួយឱ្យសេដ្ឋកិច្ចស្ទុះឡើង ហើយប្រសិទ្ធភាពក៏កាន់តែខ្ពស់ផងដែរ៕