បើទោះជាមានការប្រឹងប្រែងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញជាបន្ដបន្ទាប់យ៉ាងណាក៏ដោយ ក៏ការកកស្ទះតាមដងផ្លូវគ្រាដែលសាធារណជនធ្វើដំណើរនៅតែជាប្រធានបទដ៏ក្ដៅគគុក ដែលគេកំពុងតែចាប់អារម្មណ៍ ក្នុងនោះក៏មានការលើកឡើងថា តើនៅពេលណាទើបរាជធានីភ្នំពេញអាចរំដោះខ្លួនចេញរួចពីការកកស្ទះទាំងនោះបាន?
ឯកឧត្ដមប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើង ដោយទទួលស្គាល់ថាបើទោះជារាជធានីភ្នំពេញបច្ចុប្បន្នមានការអភិវឌ្ឍយ៉ាងខ្លាំងយ៉ាងណាក៏ដោយ ក៏បញ្ហាកកស្ទះនៅតែជាប្រធានបទក្ដៅដដែល។ ឯកឧត្ដមបន្ដថា ជាក់ស្ដែងបើទោះជាមានកិច្ចការជាច្រើនត្រូវបានធ្វើឱ្យកាន់តែល្អប្រសើរឡើងដូចអ្វីយើងបានឃើញក៏ពិតមែន តែរាជធានីភ្នំពេញក៏នៅតែត្រូវការការចូលរួមពីវិស័យឯកជន ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍បន្ថែមទៀតដែរ។
គួរបញ្ជាក់ថា កាលពីអតីតកាលទីក្រុងភ្នំពេញមានការរៀបចំប្លង់មេសម្រាប់ការរស់នៅរបស់ប្រជាជនក្នុងរង្វង់តែពី 30-50 ម៉ឺននាក់ រីឯហេដ្ឋារចនាសម្ព័ន្ធរៀបចំសម្រាប់បម្រើឱ្យយានយន្ដប្រមាណតែ 1ម៉ឺនគ្រឿងប៉ុណ្ណោះ។ បច្ចុប្បន្នភ្នំពេញមានមនុស្សរស់នៅក្នុងរង្វង់៣លាននាក់ មានយានយន្ដ 47 ម៉ឺនគ្រឿង និងម៉ូតូជិត2លានគ្រឿង។ ដោយឡែកផ្លូវនៅក្នុងរាជធានីភ្នំពេញមានប្រមាណតែជាង1ពាន់គីឡូម៉ែត្រ(1800គីឡូម៉ែត្រ)តែប៉ុណ្ណោះ ឥឡូវចំងាយផ្លូវមាន2ពាន់គីឡូម៉ែត្រ និងបានពង្រីកផ្លូវធំជាងមុន ប៉ុន្ដែទីក្រុងនេះនៅតែមានបញ្ហាប្រឈមចំពោះការកកស្ទះដដែល។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កន្លងមកសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្លាប់បានលើកឡើងថា ៖ «ទីក្រុងយើងមានបញ្ហាស្ទះបី ស្ទះឡាន ស្ទះទឹក និងស្ទះសំរាម»។ ស្ទះបីនៅតែជាប្រធានបទក្ដៅសម្រាប់ទីក្រុងភ្នំពេញដែលសាលារាជធានីភ្នំពេញកំពុងតែយកចិត្ដទុកដាក់ខ្លាំងបំផុត «យើងបានដោះស្រាយពីមួយឆ្នាំទៅមួយឆ្នាំកាន់តែប្រសើរឡើង ប៉ុន្ដែនៅមិនទាន់អាចឆ្លើយតបបានទាំងស្រុងថា ទីក្រុងមួយនេះនឹងរំដោះខ្លួនចេញផុតពីបញ្ហាស្ទះបីនេះឬយ៉ាងណានោះទេ»។
ទោះជាយ៉ាងណាឯកឧត្ដមលើកឡើងថា៖ ”យើងនឹងខិតខំដើម្បីធ្វើឱ្យទីក្រុងរបស់យើងមួយនេះមានការប្រែប្រួលបន្ថែមទៀត យើងនឹងធ្វើឱ្យទីក្រុងយើងដោះស្រាយបាននូវបញ្ហាប្រឈមធំៗថែមទៀតដើម្បីធ្វើឱ្យការរស់នៅរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរឡើង តាមរយៈការមានផែនការសកម្មភាពច្បាស់លាស់ រួមជាមួយការចូលរួមអំពីស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា យើងពិតជាអាចឆ្លងផុតបញ្ហានេះបាន”។
តាមការប៉ាន់ស្មានរបស់វិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បញ្ជាក់ថា ការកកស្ទះចរាចរណ៍បានធ្វើឱ្យពលរដ្ឋកម្ពុជាបាត់បង់ថវិកាផ្ទាល់ខ្លួនចំនួន 6 លានដុល្លារក្នុងមួយឆ្នាំ។ នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា មានប្រសាសន៍ថា ការកកស្ទះចរាចរណ៍នេះ ក៏អាចបង្កឱ្យប៉ះពាល់ដល់បរិស្ថាន មានន័យថា ពេលយើងបញ្ឆេះម៉ាស៊ីនយានយន្តចោល វាធ្វើឱ្យឡើងកម្តៅ និងជាពិសេសប៉ះពាល់យ៉ាងខ្លាំងជាមួយនឹងសុខភាព និងបរិស្ថាន៕