គូស្វាមីភរិយាខ្លះ នៅពេលរៀបការគ្នារួចរាល់ហើយក៏ធ្វើដំណើរមកដល់ដំណាក់កាលរៀបផែនការដើម្បីមានបុត្រជាមួយគ្នា តែប្រាកដណាស់ថា គ្រួសារខ្លះក៏ចង់មានកូនត្រឹមតែ1នាក់ តែគ្រួសារខ្លះក៏រៀបផែនការចង់បានកូនច្រើនជាងហ្នឹង ដែលក្នុងនោះកូនភ្លោះអាចជាគោលដៅមួយដែលគូស្វាមីភរិយាជាច្រើនគូចង់បាន តែ… តើនឹងធ្វើយ៉ាងណាដើម្បីឱ្យសមបំណងក្នុងការមានកូនភ្លោះដើម្បីឱ្យពួកគេធំឡើងក្លាយជាមិត្តភក្តិផង ជាបងប្អូនផងក្នុងពេលតែមួយ? ថ្ងៃនេះ ឡារ៉ែន បានរួបរួមបច្ច័យជាច្រើនដែលនឹងជួយឱ្យគូស្វាមីភរិយារបស់អ្នកមានកូនភ្លោះបានកាន់តែងាយឡើងមកជម្រាបជូនដូចខាងក្រោម…។
អ្វីខ្លះដែលបើសិនធ្វើទៅហើយ មានឱកាសបានកូនភ្លោះកាន់តែខ្លាំងឡើង?
មើលទៅលើពូជអំបូរ
នេះគឺជាចំណុចសំខាន់ដំបូងគេរបស់ការមានកូនភ្លោះក៏អាចថាបានដែរ ទោះវាជាមិនមែនជាបច្ច័យទាំងអស់ក្ដី តែក៏វាមានចំណែកច្រើនគួរសមដែរ។ បើនៅក្នុងក្រុមគ្រួសាររបស់ទាំងពីរនាក់(ទាំងប្ដី និងប្រពន្ធ)មានប្រវត្តិមានបងប្អូនភ្លោះ នោះឱកាសដែលគូស្វាមីភរិយារបស់អ្នកនឹងបានកូនភ្លោះក៏មានច្រើនទៅតាមនោះដែរយ៉ាងពិតប្រាកដ។
ពូជសាសន៍ក៏សំខាន់
ជាមធ្យម មនុស្សនៅក្នុងពូជសាសន៍អាហ្វ្រិកនឹងមានឱកាសមានកូនភ្លោះខ្លាំងជាងជនជាតិស្បែកស ឬជនជាតិស្បែកលឿង ដោយអត្រាការកើតបានកូនភ្លោះជាមធ្យមនៅលើមនុស្សស្បែកខ្មៅនឹងជួបប្រទះប្រមាណជា 1% – 4% មនុស្សស្បែកសប្រមាណ 0.7% – 1% និងនៅលើមនុស្សស្បែកលឿងប្រមាណជា 0.3%ប៉ុណ្ណោះឯង។
បើជាការពពោះលើកទី2 ឡើងទៅ ឱកាសក៏នឹងមានច្រើនតាមនោះដែរ
ការមានកូនពីមុនមកហើយនឹងអាចជួយបង្កើនឱកាសក្នុងការមានកូនភ្លោះដល់អ្នកបានច្រើនណាស់ ព្រោះថា ស្ត្រីជាម្ដាយនឹងមានការទម្លាក់ស៊ុតកើនឡើងច្រើនហ្នឹងឯង។
អាយុ
ដែលធ្លាប់បានឮមកទាំងអស់គ្នាថា រឹតតែស្ត្រីជាម្ដាយមានអាយុច្រើនឡើង ក៏នឹងរឹតតែប្រថុយប្រថាននឹងការមានកូនហើយជួបនឹងសភាវផ្សេងៗច្រើនឡើងតាមហ្នឹងដែរ តែវាផ្ទុយគ្នានឹងការមានកូនភ្លោះ ព្រោះរឹតតែអ្នកមានអាយុក្នុងអំឡុង 35 – 39ឆ្នាំ រឹតតែមានឱកាសដែលអ្នកនឹងមានកូនភ្លោះច្រើនឡើង។ មូលហេតុ ក៏ព្រោះតែរាងកាយមានស៊ុតនៅសល់ច្រើន ទើបត្រូវបានជំរុញច្រើនឡើងដែរ ធ្វើឱ្យរាងកាយរបស់ស្ត្រីបញ្ចេញអ័រម៉ូន FSH ចេញមកច្រើន ធ្វើឱ្យស៊ុតមានឱកាសធ្លាក់ម្ដងៗច្រើនជាង 1 ហ្នឹងឯង។
ទម្ងន់ខ្លួន និងកម្ពស់
ស្ត្រីដែលកើតរោគធាត់ ឬមានទម្ងន់ខ្លួនច្រើនជាងប្រក្រតីបន្តិច រួមទាំងមានកម្ពស់ដែលខ្ពស់ល្មមសមរម្យនោះ មានឱកាសក្នុងការតាំងគភ៌កូនភ្លោះបានច្រើនតាមនោះដែរ។
ការទទួលទានកាល់ស្យូមអាចជួយអ្នកបាន
ស្ត្រីដែលញ៉ាំទឹកដោះគោជាប់ជាប្រចាំមានចំណែកធ្វើឱ្យតាំងគភ៌បានកូនភ្លោះច្រើនជាងដល់ទៅ5ដង បើប្រៀបធៀបជាមួយអ្នកដែលមិនបរិភោគអាហារប្រភេទសាច់សត្វសោះ នេះគឺដោយសារតែប្រូតេអុីនដែលហៅថា IGF ដែលមាននៅក្នុងទឹកដោះគោ និងផលិតផលពីសត្វផ្សេងៗនោះគឺជាប្រូតេអុីនដែលនឹងជួយឱ្យសំបុកស៊ុតមានប្រតិកម្មរហ័សឡើង និងជួយបង្កើនចំនួនស៊ុតឱ្យច្រើនឡើងហ្នឹងឯង។
ការបំបៅដោះកូន
នៅពេលស្ត្រីមានកូនដំបូងរួចហើយ ការបំបៅដោះកូនយ៉ាងទៀងទាត់រហូតដល់កំណត់ពេលដែលស័ក្តិសម គឺប្រមាណជា12ខែនោះមានចំណែកជួយឱ្យស្ត្រីនោះមានឱកាសតាំងគភ៌បន្ទាប់ទៅទៀតជាកូនភ្លោះបានកាន់ច្រើនឡើងទៀតផង។
ធ្លាប់ញ៉ាំថ្នាំពន្យារកំណើតលើស 3ឆ្នាំ
ហេតុផលស្រដៀងៗនឹងការតាំងគភ៌នៅពេលអាយុ35ឆ្នាំឡើងទៅដែរ ព្រោះស៊ុតនឹងបង្ខំទម្លាក់មកច្រើន ធ្វើឱ្យមានឱកាសដែលអាចធ្វើឱ្យស៊ុតនឹងធ្លាក់មកច្រើនជាង 1ហ្នឹងឯង។
ចង់បានកូនភ្លោះ ត្រូវញ៉ាំឱ្យច្រើន
ការទទួលទានអាហារឱ្យច្រើនៗអាចនឹងធ្វើឱ្យទម្ងន់ខ្លួនរបស់ស្ត្រីកើនឡើងពីប្រក្រតីខ្លះតែនឹងធ្វើឱ្យរាងកាយរបស់ស្ត្រីមាំមួនឥតខ្ចោះ និងធ្វើឱ្យមានឱកាសក្នុងការតាំងគភ៌កូនភ្លោះបានកាន់តែងាយឡើងទៅតាមនោះដែរ តែយ៉ាងណាក៏ដោយ គួរសង្កត់ធ្ងន់លើអាហារដែលមានប្រយោជន៍ មិនមែនចេះតែញ៉ាំអ្វីក៏បាននោះទេ ព្រោះអាចនឹងមានផលអវិជ្ជមានបាន។
នេះគ្រាន់តែជាបច្ច័យដែលអាចនឹងជួយហុចផលឱ្យអ្នកមានកូនភ្លោះបានច្រើនឡើងប៉ុណ្ណោះ តែយ៉ាងណាក៏ដោយ បើចង់បង្កើនឱកាសក្នុងការមានកូនភ្លោះនោះ គួរតែទៅប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីស្វែងរកវិធីដែលពិតប្រាកដច្បាស់លាស់ និងស័ក្តិសមជាមួយសុខភាពរបស់ទាំងស្វាមី និងភរិយា ទើបជាការប្រសើរបំផុត៕