ខុសពីមួយរយៈមុនដែលតារាសម្ដែងវ័យក្មេង លោករុន ណាកូ រមែងសរសើរពីទឹកចិត្តគូដណ្ដឹងថាបើកទូលាយចំពោះរបស់ខ្លួនក្នុងការងារសិល្បៈ ស្រាប់តែមួយរយៈចុងក្រោយគេកត់សម្គាល់ថាលោកបែរជាប្ដូរជំហរមិនលើកឡើងពីគូដណ្ដឹងដូចមុន។ អ្វីដែលគេកត់សម្គាល់គឺលោកស្រាប់តែឧស្សាហ៍ផុសៗអត្ថន័យបែកបាក់ ខណៈដែលលោកកាន់តែហ៊ានស្និទ្ធិស្នាលជាមួយតារាសម្ដែងកញ្ញា ទេព មុន្នីរក្សា ដូចលែងមានសម្ពាធលែងខ្វល់ពីក្រសែភ្នែកមហាជន។
នៅក្នុងពិធីសម្ពោធរឿង«អន្ទងវិញ្ញាណ»របស់ផលិតកម្ម Wonderfilm Cambodia កាលពីថ្ងៃទី22 ខែមករា គ្មានអ្នកណាមិនកត់សម្គាល់ថានោះទេ ថាតារាសម្ដែងលោក រុន ណាកូ ច្រាសច្រាលរង់វាំស្រីស្អាតតូចច្រលឹងកញ្ញា ទេព មុន្នីរក្សា មិនខុសពីមាន់រកពង ក្នុងពេលដែលនាងស្ទះផ្លូវហើយមកមិនទាន់។ គ្រាន់តែនាងបង្ហាញខ្លួននៅក្នុងពិធីសឹងតែឡើងមិនដល់វេទិកាប្រារព្ធកម្មវិធីផង គេឃើញតារាទាំងពីររត់រកគ្នាដូចចាក់មិនលិច ខណៈដែលអ្នកទាំងពីរក៏មិនខ្លាចពីការប្រមាញ់របស់អ្នកកាសែតជុំវិញទំនាក់ទំនងស្និទ្ធស្នាលនៅក្នុងថ្ងៃនោះ។
ជាមួយនឹងសំណួរចាក់ដោតថាបើលោកស្និទ្ធស្នាលជាមួយកញ្ញា ទេព មុន្នីរក្សា យ៉ាងតិច មិនខ្លាចគូដណ្ដឹងឆេះដុំទេឬ? តារាសម្ដែងលោក រុន ណាកូ បានសារភាពថារវាងលោកនឹង គូដណ្ដឹងសម្រេចចិត្តដើរផ្លូវរាងខ្លួនប្រមាណជិតមួយខែមកហើយ ទើបលោកយល់ថាខ្លួនមានសេរីភាពសម្រាប់ការងារសិល្បៈ ដោយចង់សំដៅថាមិនខ្លាចនឹងបណ្ដើរ ឬកៀកកើយជាមួយតារាស្រីណាមួយនៅក្នុងការងារសិល្បៈ។ យ៉ាងណាមិញ លោកថារវាងខ្លួន និងកញ្ញា ទេព មុន្នីរក្សា នៅមិនទាន់មានអារម្មណ៍ស្រឡាញ់គ្នានទេ ដោយគ្រាន់តែមានអារម្មណ៍ចូលចិត្តគ្នាខ្លាំង ហើយបើបានបណ្ដើរគ្នាទៅណាមកណា គឺហាក់មានភាពកក់ក្ដៅប៉ុណ្ណោះ៕