អ្នកវិទ្យាសាស្ត្របានធ្វើបទបង្ហាញថា ទារក កុមារ និងមនុស្សមានវ័យចំណាស់ ងាយនឹងមានជំងឺដែលបណ្ដាលមកពីអាកាសធាតុត្រជាក់ ហើយទារកនឹងបាត់បង់កម្ដៅរាងកាយរហ័សជាងមនុស្សធំ។ ទន្ទឹមនឹងនោះ បើអាកាសធាតុកាន់តែចុះត្រជាក់ ប្រហែលជាកាន់តែប្រឈមនឹងជំងឺគាំងបេះដូងកាន់តែខ្លាំងដែរ។ អ្នកស្រាវជ្រាវក៏បានរកឃើញថា នៅក្នុងរដូវចុះត្រជាក់ អត្រានៃការកើតជំងឺគាំងបេះដូងមានការឡើងចុះៗមិនទៀងទៀតឡើយ ហើយនៅពេលសីតុណ្ហភាពចុះមកទាបជាង15អង្សារ ជំងឺគាំងបេះដូងបានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ផងដែរ។ ប្រសិនបើអ្នកមានអាការត្រជាក់ចុងដៃចុងជើង នៅពេលដែលអាកាសធាតុចុះត្រជាក់ នោះមិនមែនជារឿងធម្មតាទេ វាគឺជារឿងសំខាន់ដែលអ្នកត្រូវគិតគួរពីបញ្ហាសុខភាពរបស់អ្នក។ ហើយបើមានអាការមិនប្រក្រតីនៅក្នុងខ្លួន ដូចជា ត្រជាក់ដៃជើង ឡើងស្លេកស្លាំង សម្ពាធឈាមទាប បេះដូងធ្វើទុកបណ្ដាលឱ្យពិបាកដកដង្ហើម សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។ តែយ៉ាងណាមិញ ទស្សនាវដ្ដី ឡារ៉ែន សូមណែនាំពីការសង្កេតទាំង5ចំណុច ដែលធ្វើឱ្យអ្នកត្រជាក់ចុងដៃចុងជើងមិនប្រក្រតីឱ្យបានជ្រាបជាព័ត៌មានបន្ថែមដូចខាងក្រោមនេះ៖
1. ពិនិត្យលើស្បែក ៖ កាលបើស្បែកមានបញ្ហាក៏អាចបណ្តាលឱ្យអ្នកមានអាការត្រជាក់ចុងដៃចុងជើង ព្រោះសរសៃឈាមតូចៗ ដែលនៅក្រោមស្បែកបានឆ្លងមេរោគ ហើយធ្វើឱ្យឈាមមិនអាចរត់ទៅដល់ចុងដៃចុងជើងរបស់អ្នក ទើបបណ្តាលឱ្យអ្នកមានអាការត្រជាក់ចុងដៃចុងជើង។
2. បញ្ហាបេះដូង ៖ នៅពេលដែលអ្នកមានបញ្ហាបេះដូង ជាតិកូឡេស្តេរ៉ុលអាចនឹងកំពុងវាយលុកប្រព័ន្ធឈាមក្នុងខ្លួនរបស់អ្នក ហើយអាចបណ្តាលឱ្យអ្នកមានអាការត្រជាក់ចុងដៃចុងជើង និងប្រឈមជាមួយអាការគាំងបេះដូង។
3. សម្ពាធឈាមទាប ៖ បញ្ហាសម្ពាធឈាមទាបក៏ជាកត្តាមួយដែលធ្វើឱ្យអ្នកជំងឺ មានអាការត្រជាក់ចុងដៃចុងជើងផងដែរ ហើយប្រឈមមុខនឹងជំងឺគាំងបេះដូង។ បញ្ហានេះកើតឡើងព្រោះអ្នកជំងឺខ្វះជាតិទឹក បាត់បង់គ្រាប់់ឈាម និងក្រពេញមួយចំនួនមានដំណើរការមិនប្រក្រតី។
4. អ្នកជំងឺសេ្លកស្លាំង ៖ ការកង្វះគ្រាប់ឈាម និងអុកស៊ីហ៊ែ្សនក្នុងខ្លួនជាមូលហេតុចម្បងដែលធ្វើអ្នកជំងឺមានអាការសេ្លកស្លាំង។ អ្នកជំងឺប្រភេទនេះ ភាគច្រើនមានរោគសញ្ញា ពិបាកដកដង្ហើមសន្លប់ ឈឺក្បាល អស់កម្លាំង និងជាពិសេសមានគ្រោះថ្នាក់សុខភាពនាអំឡុងពេលរដូវចុះត្រជាក់។
5. ភាពតានតឹងក្នុងខួរក្បាល ៖ អាកាសធាតុចុះត្រជាក់អាចបណ្ដាលឱ្យខួរក្បាលដំណើរការមិនសូវពេញកម្លាំង និងបណ្ដាលចរន្ដឈាមរត់មិនសូវបានប្រសើរក្នុងសរសៃឈាម ជាហេតុនាំឱ្យរាងកាយមានសភាពស្លេកស្លាំង។ ខណៈដែលខួរក្បាលមានបញ្ហាគិតច្រើន នោះអាការត្រជាក់ចុងដៃចុងជើងស្លេកស្លាំង បានស្ដែងឱ្យឃើញភ្លាមៗ ព្រោះថា ប្រព័ន្ធឈាមមានទំនាក់ទំនងទៅកាន់ខួរក្បាល។ ដូច្នេះហើយ ប្រសិនបើអ្នកមានអាការមិនប្រក្រតីនៅក្នុងរាងកាយនាអំឡុងពេលរដូវចុះត្រជាក់ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យសុខភាព ចៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង៕