កាលពីថ្ងៃពុធ ក្លិបតោខៀវ Chelsea បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលនេះ ខណៈដែលលោក Maurizio Sarri សម្លឹងរកការបន្ថែមភាពមុតស្រួចលើតំបន់ប្រយុទ្ធរបស់លោក។
Higuain នឹងចូលរួមម្តងទៀតជាមួយនឹងលោក Sarri ដែលធ្លាប់បានធ្វើជាគ្រូបង្វឹករបស់កីឡាករវ័យ31ឆ្នាំរូបនេះនៅឯក្លិប Napoli និងបានជ្រើសរើសយករូបគេជាគោលដៅទី1ក្នុងការទិញចូលនៅលើទីផ្សារដោះដូរកីឡាករនាខែមករានេះ។
ក្រោយពីបានចំណាយពេលពាក់កណ្តាលរដូវកាលនេះ ក្នុងលក្ខខណ្ឌខ្ចីជើងនៅឯក្លិប AC Milan តារាឆ្នើម Higuain បានទទួលស្គាល់ថា រូបគេចង់ផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge។
ក្រោយពីបំពេញការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Juventus ខ្សែប្រយុទ្ធ Higuain ដែលនឹងពាក់អាវលេខ9នៅកីឡដ្ឋាន Stamford Bridge បានឱ្យដឹងថា៖ «នៅពេលដែលឱកាសក្នុងការចូលរួមជាមួយនឹង Chelsea បានបង្ហាញឡើងដោយខ្លួនឯង ខ្ញុំត្រូវតែទទួលយកវា។ វាជាក្រុមមួយដែលខ្ញុំតែងតែចូលចិត្ត និងមានប្រវត្តិសាស្ត្រជាច្រើន មានកីឡដ្ឋានដ៏អស្ចារ្យ ហើយពួកគេលេងក្នុងក្របខ័ណ្ឌ Premier League ជាលីកមួយដែលខ្ញុំតែងតែចង់លេង»។
កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមថា ខ្ញុំអាចផ្តល់ការជឿជាក់ដែល Chelsea បានបង្ហាញដល់ខ្ញុំនៅលើទីលានវិញ។ ខ្ញុំពិតជាចង់ចាប់ផ្តើម ហើយខ្ញុំសង្ឃឹមថានឹងសម្របខ្លួនបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើបាន»។
លោកស្រី Marina Granovskaia ប្រធានក្លិប Chelsea បានឱ្យដឹងថា៖ « Higuain គឺជាគោលដៅទី1របស់យើងក្នុងការដោះដូរកីឡាករហើយរូបគេមកដល់រួមជាមួយនឹងកំណត់ត្រាយ៉ាងច្បាស់មួយក្នុងកម្រិតដ៏ខ្ពស់បំផុត»៕