កីឡាករវាយកូនបាល់ Rafael Nadal នឹងត្រូវប៉ះជាមួយនឹងកីឡាករវ័យក្មេង StefanosTsitsipas នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលរូបគេសម្លឹងរកការឈានទៅកាន់ព្រឹត្តិការណ៍ Australian Openវគ្គផ្តាច់ព្រ័ត្រជាលើកទី5 ខណៈដែលកីឡាការិនីឡើងទម្រង់លេង Petra Kvitova សម្លឹងរកការបន្ថែមជ័យជម្នះ10លើកជាប់ៗគ្នា។
ថ្ងៃទី11 នៃការប្រកួតក្នុងព្រឹត្តិការណ៍ Grand Slam បើកឆាកក្នុងឆ្នាំនេះបេក្ខភាពដែលត្រូវឈានទៅវគ្គផ្តាច់ព្រ័ត្រក្នុងវិញ្ញាសាបុរស នឹងត្រូវកាត់សេចក្តីខណៈដែលបេក្ខភាពផ្នែកនារីទាំង 2នាក់ ក៏នឹងត្រូវបានរកឃើញផងដែរ។
Nadal បានឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដោយមិនចាញ់សោះសូម្បីតែ 1សិត ប៉ុន្តែ Tsitsipas អាចនឹងក្លាយជាគូប្រកួតដ៏ខ្លាំងម្នាក់ ក្រោយពីរូបគេបានបង្កើតការភ្ញាក់ផ្អើលតាមរយៈការផ្តួលកីឡាករ Roger Federer ក្នុងការប្រកួត 4សិត ក្នុងវគ្គ 16នាក់ចុងក្រោយ។
កីឡាករសញ្ជាតិអេស្ប៉ាញមានចំណាត់ថ្នាក់លេខ2 ប្រចាំព្រឹត្តិការណ៍ដែលនឹងត្រូវប្រកួតនៅពេលរាត្រីថ្ងៃនេះកំពុងតែព្រួយបារម្ភអំពីតារាឆ្នើមរបស់ក្រិកវ័យក្មេងម្នាក់នោះ(StefanosTsitsipas) ដែលរូបគេបានចាត់ទុកថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោក ប៉ុន្តែ Nadal ក៏បានប្រកាសផងដែរថាពេលវេលារបស់គេនៅមិនទាន់បញ្ចប់ទេ ខណៈដែលរូបគេកំពុងសម្លឹងរកការឈ្នះពាន Grand Slam លើកនេះជាលើកទី18។
ទាក់ទងនឹងតារាឆ្នើមវ័យក្មេងជាច្រើនដែលទើបតែរះនោះ កីឡាករ Nadal បានឱ្យដឹងថា៖«ពួកគេអាចនឹងត្រូវរង់ចាំបន្តិចសិន ប៉ុន្តែ ពួកគេហាក់ដូចជាមិនចង់រង់ចាំឡើយ»។
ស្ថិតក្នុងចំណាត់ថ្នាក់ទី14 ប្រចាំព្រឹត្តិការណ៍ Tsitsipas មិនត្រូវបានមើលស្រាលដោយ Nadal ឡើយ ប៉ុន្តែកីឡាករមានចំណាត់ថ្នាក់លេខ2ក្នុងពិភពលោក Nadal ក៏មានការជឿជាក់លើសមត្ថភាពខ្លួនឯងផងដែរ៕