លោក សាន្ត ចន្ទ​កុម្ភៈ៖ គណនេយ្យ​ជំនាញ​ត្រូវការ​ជា​ចាំបាច់​នូវ​វិន័យ​ផ្ទាល់ខ្លួន និង​ភាពស្មោះត្រង់

បើ​និយាយ​ពី​រឿង​គណនេយ្យមនុស្ស​គ្រប់គ្នា​ប្រហែលជា​គិតថាវា​ជា​មុខវិជ្ជា​ស្មុគស្មាញ ត្រូវ​ការគិត​លេខច្រើន ឯកសារ​ច្រើន​ជុំ​ទិស និង​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត។តែ​សម្រាប់​គណនេយ្យករ​ជំនាញ​វិញ ពួកគេ​មើលឃើញថា គណនេយ្យ​ជា​មុខវិជ្ជា​ដ៏​សំខាន់​ដែល​ទាមទារ​នូវ​ការអត់ធ្មត់ហើយ​មានតម្លៃ​បំផុត​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន និង​សង្គម។

ក្នុងចំណោម​គណនេយ្យក​រ​ជំនាញ (Certified Public Accountant) នៅ​កម្ពុជា លោក សាន្ត ចន្ទ​កុម្ភៈ គឺជា​អ្នកជំនាញ​មួយរូប​ដែល​បាន​ឆ្លងកាត់​ដំណាក់កាល​លំបាក​ជាច្រើន​ពី​ជីវិត​កុមារភាព​ដែល​ទើប​ឆ្លង​ផុតពី​សង្គ្រាម​មក​ក្លាយជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ជំនាញ​គណនេយ្យ ដោយ​កាលៈទេសៈ​នោះ​វា​មិនមែនជា​រឿង​ងាយ​នោះទេ​សម្រាប់​សាមញ្ញ​ជន​ម្នាក់​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ក្នុង​អាជីព​នេះ។

នៅថ្ងៃនេះ កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​បានធ្វើ​បទសម្ភាស​មួយ​ជាមួយ​លោក​ សាន្ត ចន្ទ​កុម្ភៈ ពី​ដំណើរ​ជីវិត​ជាក់ស្តែង និង​ការវិវឌ្ឍ​ខ្លួន​ក្នុង​ពិភព​ការងារ មុន​ក្លាយជា​គណនេយ្យករ​ជំនាញ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​សេវាកម្ម​គណនេយ្យ សវនកម្ម និង​ពន្ធដារមួយរូប​នៅ​កម្ពុជា ដែលមាន​អត្ថន័យ​ដូចខាងក្រោម។

1. តើ​លោក​អាច​បញ្ជាក់បាន​ទេពី​ដំណើរ​ជីវិត​ពី​កុមារភាព និង​ការសិក្សា​មុនពេល​លោក​ឈាន​ជើង​ចូលអាជីព​គណនេយ្យ​នេះ?​
បើ​និយាយ​ពី​ប្រវត្តិ​រៀនសូត្រ និង​ការរស់នៅ គឺមាន​ភាពលំបាក​បន្តិច ព្រោះ​ខ្ញុំ​កើត​នៅឆ្នាំ1988 ដែល​ពេលនោះ​គ្រួសារ​ខ្ញុំ​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​សាយធូ ដែលជា​តំបន់​ដ៏​លំបាក​មួយ​សម្រាប់​កា​ររ​ស់​នៅ។ ខ្ញុំ​មិន​ស្គាល់​គោ ក្របី ឬ​ស្រូវ​ទេ​នៅពេលនោះ។ ក្រោយមក​នៅ​ឆ្នាំ1991 ក្រោយពី​មាន​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ទើប​ក្រុមគ្រួសារ​របស់ខ្ញុំ​ចាប់ផ្តើម​ផ្លាស់​ទី​មក​រស់នៅ​ខេត្តបាត់ដំបងជាទី​ដែល​ខ្ញុំ​ធំធាត់ និង​សិក្សា​មូលដ្ឋានគ្រឹះ​នៅ​ទីនោះ។

សម្រាប់​ជីវិត​ជាក់ស្តែង​នៅពេលនោះ ក្រោយពេល​មក​រស់នៅ​ខេត្តបាត់ដំបង ជីវិត​ខ្ញុំ​មិន​កំសត់​ដូច​អ្នកដទៃ​ដែល​បាត់បង់​ឪពុកម្តាយ​សាច់ញាតិ​នោះទេ តែ​ក៏​មិន​ស្រួល​ប៉ុន្មាន​ដែរ​ក្នុង​គ្រួសារ​ដែលមាន​ឪពុក​ជា​គ្រូបង្រៀន ហើយ​ម្តាយ​ជា​មេផ្ទះ និង​ជា​កសិករ​ជាមួយ​កូន 5នាក់។ យើង​រស់នៅ​ដូច​គ្រួសារ​កសិករ​ដទៃ-ទៀត​ដែរ​គឺ ចិញ្ចឹម​ជ្រូក មាន់ ទា ដាំ​បន្លែ​ផ្លែឈើ និង​រកត្រី​ដើម្បី​ចិញ្ចឹមជិវិត តែ​ពេលខ្លះ​រឿង​លំបាក​ពេល​នោះបាន​ក្លាយជា​មេរៀន​ជាច្រើន​ដល់​ខ្ញុំ ឱ្យ​ចេះ​តស៊ូ​ធ្វើ​ការងារ​ជាច្រើន​ក្នុងពេល​តែមួយ​នៅ​ជនបទ។

នៅពេលនោះ ដោយសារតែ​ឆ្ងាយ​ពី​ការអប់រំ​ដ៏​ត្រឹមត្រូវ និង​មិនទាន់មាន​ការផ្សព្វផ្សាយ​ទូលំទូលាយ​ពី​អាជីព​ការងារ ខ្ញុំ​មិនដែល​ស្គាល់​ទាល់តែសោះ​ពី​ពាក្យ​ថា គណនេយ្យ ព្រោះ​ពី​តូច​មក​ខ្ញុំ​ដឹង​តែ​ម្យ៉ាង​គត់គឺ​ខ្ញុំ​ចង់​ក្លាយជា​ទាហាន ព្រោះ​ដោយសារ​ខ្ញុំ​រស់នៅក្នុង​បរិស្ថាន​មួយ​ដែល​មើល​ឃើញតែ​រូបភាព​ទាហាននិង​ប្រជាជន​ចំណាកស្រុក។ សំណាង​ដែរ​នៅពេលនោះ ក្រោយពេល​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យខ្ញុំ​រៀន​ពូកែ​គួរសម​ដែល​អាចធ្វើឱ្យ​ខ្ញុំ​ប្រឡង​ជាប់​សាកលវិទ្យាល័យ​មួយចំនួន ដូចជា​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​ទទួលបាន​អាហារូបករណ៍​ផ្នែក​សេដ្ឋកិច្ច និង​គ្រប់គ្រង​ពាណិជ្ជកម្ម​ជា​ភាសា​បារាំង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ជាដើម។ ពេលនោះ​ឪពុកម្តាយ​ខ្ញុំ​បដិសេធ​ដាច់ខាត​មិនឱ្យ​ធ្វើ​ទាហាន​ទេ ហេតុនេះ​ខ្ញុំ​មានតែ​ជម្រើស​ចូលរៀន​សាលាផ្សេងៗប៉ុណ្ណោះ។

ពេល​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ឆ្នាំ2004 ខ្ញុំ​ក៏​សម្រេចចិត្ត​ជ្រើសរើស​រៀន​នៅ​សាកល-វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ចព្រោះ​ខ្ញុំ​អាច​រៀន​បាន​ដោយ​មិនបាច់​បង់ប្រាក់​តាមរយៈ​អាហារូបករណ៍​រាជរដ្ឋាភិបាល​កម្ពុជា ណាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បានផ្តល់​អាហារូបករណ៍100% ដល់​សិស្ស​តែ​ប្រហែល 15នាក់​ប៉ុណ្ណោះ។

ចំពោះ​ជីវិត​នៅ​សាកលវិទ្យាល័យ​វិញ​គឺមាន​ការតស៊ូ​ច្រើន។ ការផ្គត់ផ្គង់​ថវិកា​ពី​គ្រួសារ​ខ្ញុំ​មាន​កម្រិត​ដោយសារ​ជីវភាព​ពួកគាត់​លំបាក​ខ្លាំង ហើយ​ពួកគាត់​លះបង់​ច្រើនណាស់​សម្រាប់​ឱ្យកូនៗបាន​រៀនសូត្រ​នៅ​សាកលវិទ្យាល័យគ្រប់ៗគ្នា។ ដោយសារតែ​ហេតុ-នេះហើយ ទើប​ខ្ញុំ​ត្រូវ​ចាប់ផ្តើម​ប្រើប្រាស់​ទម្លាប់​ចាស់​របស់ខ្ញុំ​វិញ គឺ​ធ្វើ​ការងារ​ជាច្រើន​ក្នុងពេល​តែមួយ​ដើម្បី​ផ្គត់ផ្គង់​ផ្នែក​ខ្លះ​នៃ​ការសិក្សា ដោយ​ធ្វើជា​អ្នកបកប្រែ​ក្រៅ​ម៉ោង​ផង ជា​មគ្គុទេសក៍​ទេសចរណ៍​ឯកជន​ផង ធ្វើការ​ងារ​នៅ​បណ្ណាល័យ​ផង និង​ផ្នែកផ្សេងៗទៀត​ដែល​អាចធ្វើឱ្យ​ខ្ញុំ​ចាប់ផ្តើម​មានឱកាស​រៀនភាសា​អង់គ្លេស​បាន​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​បាន​លុយ​ទៀតផង។ មួយទៀត​ខ្ញុំ​ត្រូវ​រៀន​នៅ​មហាវិទ្យាល័យ​ជា​ភាសា​អង់គ្លេស និង​បារាំង​ដែល​ខ្ញុំ​សូម្បីតែ​អាន​ឱ្យ​ត្រូវ​សូរ ក៏​មិនចេះ​ផង​ពេល​ចប់​វិទ្យាល័យ។ គ្រូ​មួយចំនួន​ជា​ជនជាតិ​បារាំង និង​អាមេរិកដូច្នេះ​បញ្ហា​ភាសា​ក៏​ធ្វើឱ្យ​ខ្ញុំ​លំបាក​ខ្លាំង​ទាល់តែ​មែនទែន​ក្នុង​ការយល់​ពី​មេរៀន។ បើ​មើ​លពី​ជីវិត​ជាទូទៅ​ឃើញថា មិនសូវ​ជា​ស្រួល​ប៉ុន្មាន​ឡើយ។ ខ្ញុំ​មិនដែល​អង្គុយ​រៀន​ដោយ​មិន​បារម្ភ​អំពី​ក្រពះ​ទេ តែ​កាលៈទេសៈ​នោះ​មិនមែន​មានតែ​ខ្ញុំ​ទេ​ដែល​ជួប​ស្ថានភាព​បែបនេះ មាន​មនុស្ស និង​សិស្ស​និស្សិត​ជាច្រើន​នាក់​ទៀត​លំបាក​ជាង​នេះ​ផង តែ​គេ​អាច​តស៊ូ​រហូត​ក្លាយជា​អ្នកជំនាញសំខាន់ៗ និង​អ្នក​ខ្លះទៀត​ក៏​ក្លាយជា​អ្នកគ្រប់គ្រងធំៗនាពេល​បច្ចុប្បន្ននេះ។

2. ក្រោយពេល​បញ្ចប់​ការសិក្សា​ភ្លាម លោក​ចាប់ផ្តើម​ធ្វើការ​ងារ​ក្នុង​ជំនាញ​គណនេយ្យ​ភ្លាម ឬ​យ៉ាងណា?
តាមពិត​ដោយសារតែ​មុខវិជ្ជា​សេដ្ឋកិច្ច និង​គ្រប់គ្រង​មាន​ភាពទូលំទូលាយ​ពេក ខ្ញុំ​ក៏បាន​ចូលធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​កូកាកូឡា ផ្នែក​អ្នក​ហាត់​ការគ្រប់គ្រងចង្វាក់​ផលិតកម្ម និង​ផ្គត់ផ្គង់ ហើយ​មិន​បានដឹង​លម្អិតពី​គណនេយ្យ​ទេ តែ​ខ្ញុំ​ចាប់ផ្តើម​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​គណនេយ្យ​ថ្លៃដើម និង​គណនេយ្យ​គ្រប់គ្រង​បន្ទាប់ពី​ធ្វើការ​នៅ​ទី​នោះបាន​មួយរយៈ។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក​ទើប​ខ្ញុំ​ចាប់ផ្តើម​ចេញមក​ធ្វើ​ការងារ​ផ្នែក​គណនេយ្យនិង​សវនកម្ម ព្រោះ​ខ្ញុំ​យល់ថា យើង​ចាំបាច់​ត្រូវតែមាន​ជំនាញ​ជាក់លាក់​មួយ​ដើម្បី​ចិញ្ចឹមជីវិត ហើយ​យើង​មិនអាច​ស្ថិតក្នុង​ស្ថានភាព​ជំនាញ​ដែល​ទូលំទូលាយ​ខ្លាំងបែបនេះ​បានទេ និង​ត្រូវតែ​សម្រួច​អាជីព​ឱ្យ​ខ្លាំង ហើយ​ម្យ៉ាងទៀត​គ្មានអ្វី​អាង​ទាល់តែសោះ។

ក្រោយពេល​ចេញពី​ក្រុមហ៊ុន​កូកាកូឡា ទើប​ខ្ញុំ​ចាប់ផ្តើម​ចូលមក​ក្រុមហ៊ុន Morison Kak & Associés ដែល​ពេលនោះ​ហើយ​ជា​ពេលដែល​ខ្ញុំ​ចាប់ផ្តើមមើលឃើញ​ពី​អាជីព​គណនេយ្យ​នេះ​កាន់តែច្រើនឡើង។ ពេលនោះ​ខ្ញុំ​ក៏បាន​ប្រឡង​ជាប់​អាហារូបករណ៍​ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ហើយក៏​បានចាប់ផ្តើម​រៀន​កម្មវិធី ACCA។ កាលៈទេសៈ​នៃ​ការរៀន​នេះ​បើ​គិតពី​ជីវ-ភាព មិន​លំបាក​​ដូច​រៀន​មហាវិទ្យាល័យពេក​ទេ តែបើ​គិតពី​ពេលវេលា​ចាំបាច់​ត្រូវមាន​ការគ្រប់គ្រង​ឱ្យបាន​ហ្មត់ចត់ ព្រោះ​ត្រូវធ្វើ​ការងារ​ពេញ​ម៉ោង និង​ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់ ហើយ​រៀន​ពេលយប់ និង​ចុង​សប្តាហ៍។ពេលវេលា​ស្ទើរតែ​គ្មាន​សោះ​សម្រាប់​ការ​សម្រាក បើទោះបីជា​ខ្ញុំ​ទៅ​ស្រុកកំណើត​ក៏​ទៅ​ឱ្យតែ​ឃើញ​មុខ​ឪពុកម្តាយ​ទេ ពេលវេលា​ទាំង​ប៉ុន្មាន​ដែល​នៅផ្ទះ​ក៏ត្រូវ​ចំណាយ​សម្រាប់​ការមើល​សៀវភៅ និង​ធ្វើ​លំ​ហាត់​ដែរ បើ​មិន​ដូច្នោះ​ទេ ប្រាកដជា​មិនអាច​រៀន​ទាន់​គេ និង​ប្រឡង​ជាប់​ឡើយ។ ស្ថានភាព​នេះ​ខុសគ្នា​ឆ្ងាយ​ណាស់​ពី​យុវវ័យ​បច្ចុប្បន្ន ដែល​ភាគច្រើន​មាន​ពេលវេលា និង​ធនធាន​គ្រប់គ្រាន់ តែ​ប្រហែលជា​ដោយសារតែ​ពេល​ច្រើនពេក ទើប​អ្នកខ្លះ​គាត់​មិនសូវ​ចេះ​សន្សំ​ពេលវេលា ហើយ​បណ្តែតបណ្តោយ​ច្រើន​ដែល​ធ្វើឱ្យ​គុណភាព​នៃ​ចំណេះដឹង និង​សមត្ថភាព​ការងារ​ខ្សោយ។

រយៈពេល3 ទៅ5ឆ្នាំ នៃ​ការរៀន​ជំនាញ​គណនេយ្យខ្ញុំ​បានកំណត់​ខ្លួនឯង​យ៉ាងខ្លាំង​ថា ត្រូវតែមាន​វិន័យព្រោះ​វិន័យ​សំខាន់​ខ្លាំងណាស់​សម្រាប់​ជំនាញ​នេះ។គណនេយ្យករ​ត្រូវការ​ភាពច្បាស់លាស់ 1គឺ1 2គឺ2មិនអាច​បន្លំ​បានទេ ហេតុនេះ​ការរៀនសូត្រ​ក៏ត្រូវ​ដាក់​កំហិត​ខ្លួនឯង​ដែរ បើ​កំណត់ថា ត្រូវធ្វើ​ឱ្យអស់ 10លំ​ហាត់ទោះ​ហត់​ពី​ការងារ​យ៉ាងណា ក៏​ចាំបាច់​ត្រូវ​ធ្វើឱ្យ​បាន-ដែរ។ បញ្ហា​ភាសា​អង់គ្លេស​លែង​ជា​ចំណុច​លំបាក​ដែល​ត្រូវ​យកចិត្តទុកដាក់​ហើយ ព្រោះ​ខ្ញុំ​បាន​ខំ​ប្រឹងរៀន​យ៉ាងខ្លាំង​ដែល​អាច​ប្រើ​ការកើត​សម្រាប់​ជា​លក្ខណៈ​អាជីព​តាំងពី​ចប់​បរិញ្ញាបត្រ​ម៉្លេះ។ រៀន​គណនេយ្យ​ត្រូវការ​ភាសា​ខ្លាំង ជាពិសេស​អង់គ្លេស ព្រោះ​បើ​ភាសា​មិន​ខ្លាំង​ទេ​យើង​នឹង​ប្រឈម​នឹង​បញ្ហា​ជាច្រើន។

3. ក្នុងនាម​ជា​គណនេយ្យករ​ជំនាញ​មួយរូប​លោក​មើលឃើញថា តើ​និស្សិត​ខ្មែរ​បច្ចុប្បន្ន​នៅ​ខ្វះចន្លោះ​ត្រង់​កន្លែង​ណាខ្លះ?
សិស្ស​ខ្មែរ​យើង​ភាគច្រើន​ចូលចិត្ត​រៀន​មុខវិជ្ជា​សង្គម ប្រើ​ភាសា​ច្រើន មិន​ចូលចិត្ត​រៀន​លេខ​ស្មុគស្មាញ​ទេ ហើយ​ចំណុច​នេះ​ផ្ទុយ​ពីមុខ​វិជ្ជា​គណនេយ្យ​ដែល​ទាមទារ​ឱ្យមាន​ភាព​លម្អិត​បំផុត និង​ច្បាស់លាស់។ គណនេយ្យ​មិន​ខុសពី​បច្ចេកវិទ្យា​ព័ត៌មាន (ICT) ប៉ុន្មាន​ទេ វា​ទាមទារ​ឱ្យមាន​ការ​គណនា​ប្រទាក់ក្រឡា​គ្នាហើយ​វា​ទាមទារ​ឱ្យមាន​ភាព​ឆ្លាត​វៃ​ខ្លាំង ហេតុនេះ​ប្រសិនបើ​យើង​បណ្តែតបណ្តោយ ប្រាកដជា​មិនអាចមាន​ជំនាញ​ច្បាស់លាស់​បានទេ។

ដូច​ខ្ញុំ​បញ្ជាក់​ខាងលើ​ផងដែរ​ថា បញ្ហា​វិន័យ​នេះ ក៏​ជា​បញ្ហា​ចម្បង​មួយ​ដែល​យើង​មើលឃើញថា និស្សិត​បច្ចុប្បន្ន​ខ្លះ​ដោយសារតែ​គាត់​រស់នៅក្នុង​បរិស្ថានស្រួលៗពេក ហេតុនេះ​គាត់​មិនសូវ​ស្តាយ​ពេលវេលា​នោះទេ។ ចំពោះ​វិន័យ​ផ្ទាល់ខ្លួន​ក៏​មិនសូវ​យកចិត្តទុកដាក់​ដែរ ដែលជា​ហេតុ​ធ្វើឱ្យ​គាត់​ងាយ​បោះបង់ចោលទៅវិញ ហើយ​អ្នកខ្លះ​រហូត​សម្រេចចិត្ត​ចាកចេញ​ពីមុខ​វិជ្ជា​នេះ​ទៀតផង។

ចំពោះ​វិន័យ​នេះ​គឺ​កើតចេញពី​កត្តាសំខាន់ៗចំនួន2 គឺ​កត្តា​ក្នុង​ខ្លួន និង​កត្តា​ខាងក្រៅ។ កត្តា​ក្នុង​ខ្លួន​គឺ កើតចេញពី​ការតាំង​ចិត្ត និង​ទម្លាប់​នៃ​ការរស់នៅ​ផ្ទាល់ខ្លួន​របស់​មនុស្សម្នាក់ៗ ហើយ​កត្តា​ក្រៅ​ខ្លួន​គឺ​កត្តា​គ្រួសារ និង​បរិស្ថាន​ជុំវិញខ្លួន។ និស្សិត​ដែលមាន​វិន័យ​ល្អ និង​មិនល្អ​ក៏​កើតចេញពី​កត្តា​គ្រួសារ​ដែរ។និស្សិត​ខ្លះ​គាត់​រស់នៅក្នុង​គ្រួសារ​ដែល​ឪពុកម្តាយ​មិនសូវ​យកចិត្តទុកដាក់ ហើយ​រស់​នៅតាម​ទម្លាប់​មិនសូវ​ផ្តល់​តម្លៃ​ចំពោះ​ពេលវេលា នោះ​គាត់​អាច​នឹង​ពិបាក​បន្តិច​ក្នុងការ​ទម្លាប់ខ្លួន ឬ​បង្គាប់​ខ្លួន​ឱ្យ​គោរព​វិន័យ​លើ​ខ្លួនឯង។

មកដល់​ចំណុច​វិន័យ​នេះ​ខ្ញុំ​ចង់​បញ្ជាក់​ផងដែរ​ថាគ្រាន់​តែមាន​វិន័យ​មួយ​មុខ​មិនទាន់​គ្រប់គ្រាន់​ទេ​សម្រាប់​គណនេយ្យករ​ជំនាញ(CPA) វា​ទាមទារ​ឱ្យមាន​ចំណង់ (passion) ខ្លាំង​ដើម្បី​បង្កើតបានជា​ថាមពល​សម្រាប់​បន្តដំណើ​រ​ឱ្យបាន​យូរអង្វែង។ ប្រសិនបើ​យើង​មានតែ​វិន័យ ហើយ​កំណត់​ខ្លួនឯង​ខ្លាំងពេក ថ្ងៃ​ណា-មួយ​យើង​នឹង​ហត់ ហើយ​បោះបង់​វា​ចោល តែ​ប្រសិនបើ​យើង​មាន​ចំណង់ ហើយ​ស្រឡាញ់​មុខវិជ្ជា​នេះយើង​នឹង​អាច​ធ្វើបាន​កាន់តែប្រសើរឡើង។ នៅពេលនោះ​ការងារ​ស្មុគស្មាញ នឹង​លែងមានទៀតហើយព្រោះ​យើង​យល់ច្បាស់​ពី​មូលដ្ឋានគ្រឹះ ហើយ​ភាព​លម្អិតតូចៗទាំងឡាយ​ក៏​យើង​អាចបែងចែក​វា​យ៉ាង​មាន​របៀបរៀបរយ​ក្នុង​ការងារ​ជា​គណនេយ្យករ​ផងដែរ។

4. តើ​ការងារ​គណនេយ្យ​បាន​ផ្លាស់​ប្តូរជីវិត​លោក​យ៉ាងណាខ្លះ?
ចាប់ផ្តើម​ពី​ចូលធ្វើ​ការងារ​ផ្នែក​គណនេយ្យ និងក្លាយជា​គណនេយ្យករ​ជំនាញ​មក ចំណុច​ទី1 គឺ​ប្រាក់ចំណូល​ច្រើនជាង​មុន និង​ទទួលបាន​ការទទួលស្គាល់​ច្រើនជាង​មុន​ពី​សង្គម តែ​ចំណុច​នេះ​មិនមែនជា​ចំណុច​ចម្បង​ទេ។ ចំណុច​សំខាន់​ដែល​គណនេយ្យ​បានធ្វើឱ្យ​ជីវិត​ខ្ញុំ​ផ្លាស់ប្តូរ​នោះ​គឺ ការធ្វើការងារ​ក្នុង​អាជីព​នេះ​ជា​ច្រក​យ៉ាងសំខាន់​ដែល​អាចធ្វើឱ្យ​យើង​អភិវឌ្ឍ​ខ្លួន​ក្លាយជា​សហគ្រិន​ដ៏​ហ្មត់ចត់​ម្នាក់។

គណនេយ្យ​អាច​បង្រៀន​យើង​ឱ្យ​យល់​ពី​ភាពច្បាស់លាស់ ហ្មត់ចត់ ស្មោះត្រង់ និង​ទំនាក់ទំនង​ល្អ។នៅពេល​យើង​ធ្វើការ​ងារ​នេះ​មានន័យថា យើង​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់​ចំពោះ​វាសនា​ក្រុមហ៊ុនធំៗដែលជា​អតិថិជន​របស់​យើង ព្រោះ​ប្រសិនបើ​យើង​មិន-មាន​ភាពច្បាស់លាស់ ហើយ​ធ្វេសប្រហែស មនុស្ស​ជាច្រើន​នឹង​ជួប​បញ្ហា ដែល​កត្តា​នេះ​ធ្វើឱ្យ​យើង​មាន​ទម្លាប់​កាន់តែ​ប្រសើរឡើង​មុនពេល​ក្លាយជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់ខ្លួន។ ក្រៅពីនេះ​ការងារ​នេះ​ធ្វើឱ្យ​យើង​មាន​ចំណង់​កាន់តែខ្លាំង​ក្នុងការ​ពង្រីក​ចំណេះដឹង និង​មានគំនិត​ច្រើន​ដើម្បី​ចូលរួម​ក្នុង​សកម្មភាពសំខាន់ៗក្នុង​អាជីព។ ជាក់ស្តែង​រហូតមកដល់​ថ្ងៃនេះ ខ្ញុំ​នៅតែ​រៀន​មិនទាន់​ឈប់​នៅឡើយ បើទោះបីជា​ខ្ញុំ​ជា​គ្រូបង្រៀន​ថ្នាក់អនុបណ្ឌិត​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ​ថ្នាក់​ភាសា​បារាំង​នៅ​សាកលវិទ្យាល័យ RULEក៏ដោយ ហើយ​ខ្ញុំ​ក៏​ជា​តួអង្គ​មួយរូប​ដែល​កំពុង​ចូលរួមចំណែក​ក្នុងការ​បង្កើត​កម្មវិធី​គណនេយ្យករ និង​សវន​ករជំនាញ​ថ្នាក់ជាតិ (Cambodia CPA)ផងដែរ។

ចាប់ផ្តើម​ពី​ការងារ​នេះ វា​ធ្វើឱ្យ​យើង​មើលឃើញ​ឱកាស​ជាច្រើន ហើយ​បន្ត​រៀន​ដើម្បី​ពង្រឹងសមត្ថភាព​ការងារ។ ក្រោយពេល​ធ្វើការ​ងារ​បា​ន​មួយរយៈ ខ្ញុំ​ក៏មាន​ឱកាស​ក្នុងការ​បញ្ចប់​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ University of London នៃ​ប្រទេស​អង់​គ្លស និង​កំពុង​ឈោង​ចាប់​ថ្នាក់បណ្ឌិត​សេដ្ឋកិច្ច​បន្ថែមទៀត​នៅ​ប្រទេស​លោកខាងលិច​មួយ​នេះ​ក្នុងពេល-វេលា​ដ៏​សមស្រប​មួយ ដែល​ពីមុនមក​ខ្ញុំ​មិនដែល​ហ៊ាន​នឹក​ស្រមៃ​សោះ​ថា ខ្ញុំ​អាចធ្វើ​វា​បាន។

5. ងាក​មក​បញ្ហា​ទីផ្សារការងារ​វិញ តើ​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា បច្ចុប្បន្ន​មាន​និន្នាការ​គាំទ្រ​ក្រុមហ៊ុន​គណនេយ្យ​បរទេស​ជាង ឬ​ក្រុមហ៊ុន​ក្នុងស្រុក​ច្រើនជាង?
បច្ចុប្បន្ននេះ ដោយសារតែ​ធនធានមនុស្ស​យើង​កាន់​តែមាន​ច្រើន ក្រុមហ៊ុន​នានា​ចាប់ផ្តើម​ងាក​មកប្រើប្រាស់​សេវាកម្ម​គណនេយ្យ​ក្នុងស្រុក​វិញ ព្រោះ​មាន​ភាពងាយស្រួល​ក្នុងការ​ទំនាក់ទំនងហើយ​គាត់​ក៏មាន​ទំនុកចិត្តខ្ពស់​លើ​គណនេយ្យករខ្មែរ​ដែរ។ ទោះបីជា​យ៉ាងនេះ​ក្តីក៏​ក្រុមហ៊ុន​គណនេយ្យ​ក្នុងស្រុក​នៅតែមាន​កត្តា​ប្រឈម​មួយចំនួន​ដែរ។ បញ្ហាសំខាន់ គឺ​បញ្ហា​ធនធានមនុស្ស ព្រោះ​បើទោះបីជា​យើង​មាន​ធនធានមនុស្ស​ច្រើន​គួរសម​ក៏ដោយ ក៏​គុណភាព​របស់​បុគ្គលិក​ខ្លះ​ត្រូវការ​បណ្តុះបណ្តាល​ច្រើន​បន្ថែមទៀត។ ក្រុមហ៊ុនតូចៗមួយចំនួន​គាត់​មិនទាន់មានលទ្ធភាព​ក្នុង​ការ-ជួល​គណនេយ្យក​រ​ជំនាញខ្លាំងៗនោះទេ ព្រោះ​គាត់​ត្រូវ​ចំណាយ​ច្រើន ហេតុនេះ​អ្វីដែល​គាត់​អាច​ធ្វើបាន​គឺ​បណ្តុះបណ្តាល​បុគ្គលិក​ខាងក្នុង​ឱ្យក្លាយ​ជា​បុគ្គលិក​ខ្លាំង​វិញ​ម្តង។ ដំណាក់កាល​នេះ​មិន​ងាយស្រួល​ពេក​ទេ​សម្រាប់​ក្រុមហ៊ុននីមួយៗ ព្រោះ​វា​ទាមទារ​ពេលវេលា​យូរ។

6. តើ​លោក​មាន​យោបល់ ឬ​មានមតិ​ផ្តាំផ្ញើ​អ្វីខ្លះ​ដល់​សិស្ស-និស្សិត និង​ប្រជាជន​ខ្មែរ​ដែល​ចង់ក្លាយជា​គណនេយ្យករ​ជំនាញ (Certified Public>Accountant)?
ជា​សំណូមពរ​របស់ខ្ញុំ គឺ​ចង់ឱ្យ​និស្សិត​ខ្មែរ​ចាប់ផ្តើម​ហ៊ាន​ធ្វើ​ការងារលំបាកៗ ព្រោះ​បច្ចុប្បន្ននេះ​មាន​និស្សិត​មិនតិច​ទេ​ដែល​ចូលចិត្ត​តែ​ការងារ​ងាយស្រួល ហើយ​ចង់បាន​ផលប្រយោជន៍​ច្រើន។ ភាពជោគជ័យ​មិនមែន​កើតឡើង​សម្រាប់​អ្នក​ផ្តេកផ្តួល​ជាមួយ​ភាពងាយស្រួល​នោះទេ តែ​វា​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​ជាប់​ជានិច្ច ហើយ​ប្រឈម​ជាមួយ​ឧបសគ្គ​ម្តងមួយៗរហូត​យើង​អាច​ប្រើប្រាស់​កំហុស​ឱ្យ​ក្លាយជា​បទពិសោធ​សម្រាប់​បន្តដំណើរ​ដ៏​រឹងមាំ​ក្នុងនាម​ជា​គណនេយ្យករ​ជំនាញ ដើម្បី​ខ្លួនឯង​ផ្ទាល់​ផង ការអភិវឌ្ឍ​ក្រុមហ៊ុន​នៅក្នុង​ស្រុក និង​សង្គម​របស់​យើង​ទាំងមូល​ផង៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា