ភ្នំពេញៈ ចំនួនអាផាតមិនដាក់ចូលទីផ្សារបានកើនឡើងដូចពពុះសាប៊ូ ជាក់ស្តែងគិតត្រឹមដំណាច់ឆ្នាំមុន អាផាតមិន និងខុនដូចំនួន២៩២គម្រោង និងមានផ្ទះចំនួន៧៧០០យូនីតបានដាក់ចូលទីផ្សារ។
យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា ក្នុងអំឡុងឆ្នាំមុនអាផាតមិនបានដាក់ចូលទីផ្សារបានកើនឡើង២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ស្របពេលជាមួយតម្រូវការប្រើប្រាស់បានធ្លាក់ចុះ៨ភាគរយ ដោយសារការផ្គត់ផ្គង់អាផាតមិនច្រើននៅលើទីផ្សារ។
ការសិក្សាដដែលបានរកឃើញផងដែរថា បញ្ហាសំខាន់នៅពីក្រោយការធ្លាក់ចុះតម្រូវការប្រើប្រាស់ គឺដោយសារចំនួនខុនដូបានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារបានកើនឡើង ដែលធ្វើឲ្យចំណែកទីផ្សារមានការចែករំលែកគ្នា ប៉ុន្តែទោះជាយ៉ាងណាគេនៅតែឃើញអត្រាប្រើប្រាស់អាផាតមិនមានកម្រិតខ្ពស់រហូតដល់៩០ភាគរយ។
លោកឧកញ៉ានួន រិទ្ធីអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដែលបានវិនិយោគលើអាផាតមិននៅទីក្រុងភ្នំពេញផងដែរនោះបានថ្លែងថា ទីផ្សារអាផាតមិននៅតែមានភាពល្អប្រសើរ ទោះបីជាមានការផ្គត់ផ្គង់កើនឡើងក្តី តែអាផាតមិនដែលបានសាងសង់រួចថ្មីៗនៅតែទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ទាំងក្នុងស្រុក និងជនបរទេស។
លោកបន្តថា ទីផ្សារអាផាតមិនទាល់តែមានតម្រូវការទើបមានការផ្គត់ផ្គង់ ដូច្នេះការវិនិយោគលើអាផាតមិន មិនមានអ្វីគួរឲ្យបារម្ភទេ បើទោះជាមានខុនដូថ្មីៗបានបញ្ចប់ការសាងសង់ច្រើន និងធ្វើឲ្យការប្រកួតប្រជែងកើនឡើងក្តី ក៏តម្រូវការ គោលដៅ និងទីតាំងនៃគម្រោងនីមួយៗមានភាពខុសៗគ្នា ហេតុនេះទើបទីផ្សារអាផាតមិននៅតែមានភាពល្អប្រសើរ។
អាផាតមិនសំដៅលើអាគារស្នាក់នៅរួម ដែលមានម្ចាស់តែមួយ ឬអ្នកវិនិយោគសាងសង់សម្រាប់ឱ្យជួល។ ចំណែកខុនដូជាអាគារសហកម្មសិទ្ធិ ដែលមានម្ចាស់ច្រើនហើយអ្នកវិនិយោគសាងសង់វាឡើងសម្រាប់លក់៕