ឆ្នាំ2018 កន្លងទៅ វិស័យឧស្សាហកម្មបានចូលរួមក្នុងកំណើននៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស)មានប្រមាណ 32.4% ដែលសម្ទុះនៃការរីកចម្រើនក្នុងវិស័យឧស្សាហកម្មនេះបានរួមចំណែកមួយផ្នែកធំដល់កំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងនៅក្នុងសន្និបាតក្រសួងស្ដីពីសមិទ្ធផលសំខាន់ៗជាច្រើនដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម សម្រេចបានក្នុងការជំរុញ និងអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាក្នុងឆ្នាំ2018 និងក្នុងរយៈពេលមួយអាណត្តិកន្លងទៅ ដែលកាលពីឆ្នាំមុន(2017)មានត្រឹម 30.9% តែកំណើននៃផ.ស.សក្នុងឆ្នាំ2018 កន្លងទៅមាន 32.4% ហើយបានបង្កើនអនុបាតវិស័យឧស្សាហកម្ម ប្រមាណជា 10.9% (ឆ្នាំ2017 មានតែ 9.5%)។
ឯកឧត្តមបណ្ឌិត បានបន្តថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏មានឆន្ទៈសិក្សាស្រាវជ្រាវ និងចាប់យកឱកាសពីការរីកចម្រើន នៃបដិវត្តន៍ឧស្សាហកម្មទី4 ដែលស្តែងឱ្យឃើញពីការវិវឌ្ឍនៃភាពរីកចម្រើនបច្ចេកវិទ្យានៃពិភពលោកហើយដែលអាចជះឥទ្ធិពលដល់ការធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងលឿន ដល់វិស័យផលិតកម្ម ឧស្សាហកម្ម សំដៅជំរុញឱ្យមានការកែលម្អខ្សែចង្វាក់ផលិតកម្ម ការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ នៅក្នុងវិស័យឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
នៅក្នុងរបាយការណ៍បានបង្ហាញថា ចំនួនរោងចក្រសរុបនៅក្នុងឆ្នាំ2018 កន្លងទៅមានចំនួន1,528ដោយចំនួននេះបានកើនលើសឆ្នាំ2017 ចំនួន 28រោងចក្រ។ ចំណែកឯកម្លាំងពលកម្មសរុបក្នុងឆ្នាំ2018 មានចំនួន 973,129នាក់ ដែលកាលពីឆ្នាំ1998 មានត្រឹមតែ 98,153នាក់ប៉ុណ្ណោះ។
ចំពោះតម្លៃសរុបបរិមាណផលិតផលក្នុងឆ្នាំ2018កន្លងទៅ មានចំនួនប្រមាណ 13,538លានដុល្លារអាមេរិក កើនឡើងប្រមាណ26% បើធៀបនឹងឆ្នាំ2017 ដែលបរិមាណផលិតផលនាំចេញមានប្រមាណតែ 10,137លានដុល្លារអាមេរិក និងតម្លៃសរុបបរិមាណផលិតផលលក់ក្នុងស្រុកមានប្រមាណ3,401លានដុល្លារអាមេរិក។
នៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល SMEs វិញក្នុងឆ្នាំ2018 មានចំនួនសរុប 156,853មូលដ្ឋាន(ទីតាំងអាជីវកម្ម) និងផ្តល់ការងារបានចំនួន1,123,333កន្លែង ធៀបនឹងឆ្នាំ2017 មានចំនួន 155,640មូលដ្ឋាន ដែលក្នុងនោះមានកំណើនចំនួន 1,213មូលដ្ឋាន ស្មើនឹង0.78%។
ឯកឧត្តម ចម ប្រសិទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាលនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានលើកទឹកចិត្តក្នុងការអនុគ្រោះពន្ធ ដែល SMEs អាចចាប់យកនូវអត្ថប្រយោជន៍ពីការលើកទឹកចិត្តផ្នែកពន្ធដារ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ SMEs ដែលជាចលករមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច បង្កើតការងារបន្ថែម និងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក។
សម្រាប់ការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះអាជីវកម្ម សហគ្រាសអាចទទួលបាននូវការលើកទឹកចិត្តដូចជា៖
1- លើកលែងពន្ធលើប្រាក់ចំណូលចំនួន 3ឆ្នាំដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសចុះបញ្ជីថ្មី ឬចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមាន។
2- លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល5ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសចុះបញ្ជីថ្មី ឬចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមាន និងបានបំពេញលក្ខខណ្ឌណាមួយដូចខាងក្រោម ដូចជាការប្រើវត្ថុធាតុដើមក្នុងស្រុកចាប់ពី 60%ឡើងទៅ ឬបង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច 20% ឬមានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster)។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្តល់ការកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី5 កន្លងទៅ រួមទាំងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3 គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ2015-2025។
ឯកឧត្តមអគ្គបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា កិច្ចខិតខំទាំងអស់នោះ បាននាំមកនូវសមិទ្ធផលនានាគួរជាទីមោទនៈ និងបានធ្វើឱ្យវិស័យឧស្សាហកម្មកម្ពុជា មានការអភិវឌ្ឍរីកចម្រើនពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ដែលបានចូលរួមវិភាគទានយ៉ាងសំខាន់ ដល់ការរក្សាកំណើនសេដ្ឋកិច្ចជាតិ៕