ក្រោយពីការធ្លាក់ចេញយ៉ាងខកចិត្តពីយុទ្ធនាការ AFC Asian Cup ឆ្នាំ2019 លោក Juan Antonio Pizzi គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត បានលាលែងពីតំណែងរបស់លោកកាលពីថ្ងៃចន្ទ។
ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌី បានចាញ់ក្នុងលទ្ធផល 1-0 ក្រោមស្នាដៃក្រុមជម្រើសជាតិជប៉ុន ក្នុងវគ្គ16ក្រុមចុងក្រោយ ហើយលោក Pizzi បានបង្ហាញពីការសម្រេចចិត្តរបស់លោកក្នុងការចាកចេញភ្លាមៗ ដែរបន្ទាប់ពីការប្រកួតនោះ។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំពិតជារីករាយ និងដឹងគុណដល់កីឡាកររបស់ខ្ញុំ ពួកគេបានធ្វើអ្វីដែលខ្ញុំបានស្នើសុំឱ្យធ្វើ។ ពិតណាស់ យើងបានប្រព្រឹត្តកំហុសមួយចំនួន ប៉ុន្តែយើងនឹងរៀនពីកំហុសទាំងនោះ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ការងាររបស់ខ្ញុំជាមួយនឹងក្រុមជម្រើសជាតិ គឺបញ្ចប់ហើយ គ្មាននរណាម្នាក់បាននិយាយជាមួយនឹងខ្ញុំពីការបន្តកុងត្រាថ្មីឡើយ។ ខ្ញុំនៅតែមិនដឹងពីការប្រជែងបន្ទាប់នោះឡើយ»។
ក្រុមជម្រើសជាតិជប៉ុន ដែលម្ចាស់ជើងឯក Asian Cup 4សម័យកាល នឹងត្រូវធ្វើដំណើរទៅកាន់វគ្គ 8ក្រុមចុងក្រោយ ដើម្បីជួបជាមួយនឹងក្រុមម្ចាស់ជើងឯកអាស៊ីអាគ្នេយ៍ វៀតណាម បើទោះបីមិនបានស្ថិតក្នុងទម្រង់លេងដ៏ល្អរបស់ខ្លួនក្នុងយុទ្ធនាការនេះក៏ដោយ។
ក្រុមម្ចាស់ផ្ទះអេមីរ៉ាត អារ៉ាប់រួម បានបញ្ចប់ដំណើរផ្សងព្រេងរបស់ក្រុមបាល់ទាត់ជម្រើសជាតិគៀហ្ស៊ីគីស្ថាន ជាមួយនឹងគ្រាប់បាល់ប៉េណាល់ទីដ៏ចម្រូងចម្រាសនៅនាទីបន្ថែម 15នាទី 2ដង ដើម្បីឈានទៅវគ្គ 8ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Asian Cup កាលពីថ្ងៃចន្ទ។
ជាមួយគ្នានេះ អ្នកចាំទី Mathew Ryan បានសង្គ្រោះបាល់ប៉េណាល់ទី 2គ្រាប់ ខណៈដែលក្រុមជម្រើសជាតិអូស្ត្រាលី បានផ្តួលក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។ ក្រុមម្ចាស់ផ្ទះ អេមីរ៉ាត អារ៉ាប់រួម ដែលបានផ្តួលគៀហ្ស៊ីគីស្ថាន 3-2 នៅនាទីបន្ថែម 15នាទី 2ដង នឹងត្រូវប៉ះជាមួយអូស្ត្រាលី ក្នុងវគ្គ 8ក្រុមចុងក្រោយ៕