កីឡាការិនីវាយកូនបាល់ Serena Williams បានយកឈ្នះលើកីឡាការិនីមានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោក Simona Halep កាលពីថ្ងៃចន្ទ ខណៈដែលនាងបានបន្តដំណើរឆ្ពោះទៅកាន់ការឈ្នះពាន Grand Slam ជាលើកទី24 ស្របពេលដែលកីឡាករ Novak Djokovic បានសង្គ្រោះក្នុងការប្រកួតមួយដើម្បីស្ថិតក្នុងការប្រជែងដណ្តើមពាន Australian Open ជាលើកទី7 របស់គេ។
ក្នុងការបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំ កីឡាការិនីអាមេរិករូបនេះ បានកត់ត្រាជ័យជម្នះដ៏ធំបំផុតរបស់នាង ចាប់តាំងពីសម្រាលបុត្ររួច ដើម្បីយកឈ្នះលើ Halep របស់រ៉ូម៉ានី ក្នុងលទ្ធផល 6-1 4-6 និង6-4 និងឈានទៅវគ្គ 8នាក់ចុងក្រោយ ដើម្បីជួបជាមួយនឹងកីឡាការិនី Karolina Pliskova។
Pliskova របស់ឆែក គឺជាកីឡាការិនីកំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អម្នាក់ទៀត ដែលបានឈ្នះពានកម្តៅសាច់ដុំ Brisbane International និងយកឈ្នះលើកីឡាការិនី Garbine Muguruza ដោយក្នុងលទ្ធផល 6-3 និង 6-1 ដើម្បីឈានទៅជួប Serena។
ក្រោយពីការប្រកួតដ៏ស្វិតស្វាញ Serena បានឱ្យដឹងថា៖ «ខ្ញុំដូចជាអ្នកប្រយុទ្ធម្នាក់អ៊ីចឹង។ ខ្ញុំមិនបោះបង់ចោលឡើយ។ វាជាការប្រកួតដ៏ស្វិតស្វាញ ហើយមានពិន្ទុដ៏មិនគួរឱ្យជឿ ប៉ុន្តែ ខ្ញុំស្រឡាញ់ការលេងកីឡាវាយកូនបាល់ និងស្ថិតនៅទីនេះ ហើយខ្ញុំពេញចិត្តទីលាននេះ។ វាពិតជារំភើបណាស់ក្នុងការវិលត្រឡប់មកវិញ»។
ជាមួយគ្នានេះ កីឡាករជប៉ុន Kei Nishikori បានផ្តួល Pablo CarrenoBusta របស់អេស្ប៉ាញ ក្នុងលទ្ធផល 6-7 (8/10) 4-6, 7-6, 6-4 និង7-6 (10/8) ក្នុងការប្រកួត 5ម៉ោង និង5នាទី ដើម្បីទៅជួប Djokovic ដែលបានផ្តួល Daniil Medvedev 6-4, 6-7 (5/7) 6-2 និង6-3៕