ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រដ្ឋាភិបាលបានសម្រេចកសាងផ្លូវក្រវាត់ក្រុងទី3 ថ្មីមួយកាលពីសប្តាហ៍មុនឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទឹកដីខេត្តកណ្តាលដែលគេមានជំនឿថា នឹងធ្វើឱ្យតម្លៃដីនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងថ្មីមួយនេះមានតម្លៃខ្ពស់កាន់តែខ្លាំងឡើងថែមទៀត។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមានប្រសាសន៍ថា ផ្លូវក្រវាត់ក្រុងទី3 ឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលនេះ គឺជាគោលនយោបាយថ្មីមួយទៀតក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ចេញពីរាជធានីភ្នំពេញ ហើយជាផ្លូវដែលសម្បូរឡានធំ ឬរថយន្តដឹកទំនិញឆ្លងកាត់។ លោកបន្តថា ជាដំបូងផ្លូវនេះគ្រាន់តែជាបណ្ដុំឧស្សាហកម្មកើតថ្មីដែលមានរោងចក្រសហគ្រាសចូលទៅវិនិយោគនៅទីនោះចំនួនតិចតួច ហើយតម្លៃដីក៏នៅធូរថ្លៃនៅឡើយ ដែលគេអាចវិនិយោគដោយការទិញទុកលក់យកចំណេញសម្រាប់ថ្ងៃអនាគតបាន។
លោកបានបន្តទៀតថា ផ្លូវក្រវាត់ក្រុងទី3 នេះស្ថិតនៅតាមភូមិសាស្ត្រផ្សេងៗគ្នា ដូចជាកាត់តាមតំបន់ភាគខាងជើងដែលកំពុងមានការរីកចម្រើនខ្លាំង តំបន់ភាគខាងកើតរាជធានីដែលក៏មានការរីកចម្រើនខ្លាំងគួរសមផងដែរ និងតំបន់ភាគខាងត្បូងរាជធានីដែលនៅរង់ចាំពេលវេលាអភិវឌ្ឍន៍យូរទៀតនៅឡើយ (មានន័យថា ដីធ្លីនៅភាគខាងត្បូងមិនទាន់ឡើងថ្លៃខ្លាំងនៅឡើយ លុះត្រាតែមានរោងចក្រឧស្សាហកម្មចូលទៅដល់ទីនោះ ហើយនិងមានមនុស្សចូលទៅសង់លំនៅឋានច្រើន ទើបតម្លៃដីទីនោះមានកើនឡើងខ្លាំង)។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី3 នេះត្រូវឆ្លងកាត់ផ្លូវជាតិលេខ4 និងផ្លូវជាតិលេខ1 ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលមានប្រវែងសរុបជិត53គីឡូម៉ែត្រក្នុងនោះឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញជាង15គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្ត្រខេត្តកណ្តាលប្រវែងជិត 38គីឡូម៉ែត្រដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ លេខ14+105 នៃផ្លូវជាតិលេខ4 និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រលេខ 24+840 នៃផ្លូវជាតិលេខ1។ ផ្លូវក្រវាត់ក្រុងថ្មីនេះមានទំហំទទឹងផ្លូវរហូតដល់ទៅ 27ម៉ែត្រសម្រាប់ទីប្រជុំជន ឯក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ 25ម៉ែត្រដែលមានដាក់អំពូលភ្លើងបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុងផងដែរ។
ផ្លូវក្រវាត់ក្រុងទី3 នេះនឹងមានសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន 4កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ4 លេខ3 លេខ2 និងលេខ21ដែលមានប្រវែងសរុប 1,000ម៉ែត្រ) សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចំនួន 2កន្លែងៈ មួយត្រង់កោះអន្លង់ចិន ប្រវែងសរុប996ម៉ែត្រក្នុងនោះស្ពានបាសាក់ខាងកើតប្រវែង630ម៉ែត្រ និងស្ពានបាសាក់ខាងលិចប្រវែង 366ម៉ែត្រ និងមានសាងសង់ស្ពានមធ្យម និងខ្លីចំនួន 6កន្លែង និងលូគ្រប់ប្រភេទចំនួន 113កន្លែងទៀត។
គម្រោងផ្លូវនេះចំណាយថវិកាសរុបប្រមាណ 273លានដុល្លារអាមេរិកដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលកម្ពុជាក៏មានចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករផងដែរ។ ផ្លូវមួយខ្សែនេះនឹងត្រូវបានសាងសង់បន្តដោយក្រុមហ៊ុនសំណង់ស៊ាងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើរយៈពេលសាងសង់ចំនួន 42ខែ ដោយគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ2021។ ផ្លូវក្រវាត់ក្រុងខ្សែទី3នេះក៏តភ្ជាប់ផងដែរទៅនឹងផ្លូវទំនប់កប់ស្រូវលើផ្លូវជាតិលេខ5 និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ6 ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយដើម្បីបម្រើការជាផ្លូវដឹក-ជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ6ផ្លូវជាតិលេខ5 ផ្លូវជាតិលេខ4 ផ្លូវជាតិលេខ3 ផ្លូវជាតិលេខ2 និងផ្លូវជាតិលេខ21 ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ1 ពិសេសតភ្ជាប់ទៅចំណតផែកុងតឺន័រថ្មីរបស់កំពងផែស្វយ័តភ្នំពេញនៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវេយ៍ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង)របស់មហាអនុតំបន់មេគង្គផងដែរ។
អ្នកជំនាញបានអះអាងថា ផ្លូវថ្មីមួយនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ដែលធ្លាប់មានកន្លងមក ពិសេសជួយសម្រួលដល់ការធ្វើដំណើរ និងចរាចរណ៍ក្នុងរាជធានីបន្ថែមទៀត និងធ្វើឱ្យតម្លៃដីនៅតំបន់ជាយក្រុងទាំងនោះកាន់តែឡើងថ្លៃ។ លើសពីនេះទៀត ការសាងសង់ផ្លូវក្រវាត់ក្រុងទី3នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ជាពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវេយ៍ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គរួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភ័ស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវក្រវាត់ក្រុងនេះទៅជាតំបន់អភិវឌ្ឍន៍បុរីលំនៅឋាន តំបន់ភ័ស្តុភារកម្ម និងឧស្សាហកម្មដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា។
សូមរំឭកថា បច្ចុប្បន្នផ្លូវក្រវាត់ក្រុងខ្សែទី2 កំណាត់ទី2 របស់កម្ពុជាកំពុងដំណើរការសាងសង់ជិតនឹងបញ្ចប់ផងដែរ។ ផ្លូវក្រវាត់ក្រុងទី2 តភ្ជាប់ពីផ្លូវមិត្តភាពកម្ពុជា-វៀតណាម តភ្ជាប់តាមបណ្តោយផ្លូវណត់ប្រ៊ីដ ផ្លូវទ្រុងមាន់ ផ្លូវភូមិទួលពង្រ ផ្លូវទំនប់ 7មករា ផ្លូវ 60ម៉ែត្រ ហៅមហាវិថីតេជោ តភ្ជាប់ទៅផ្លូវជាតិលេខ2 ត្រង់គីឡូម៉ែត្រលេខ 14+417 ចំណុចគល់ស្ពានព្រែកហូផ្នែកខាងជើងនៅត្រង់ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងតភ្ជាប់ទៅផ្លូវលេខ115 និងស្ពានមិត្តភាពកម្ពុជា-ចិន ក្រុងតាខ្មៅ៕