យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការ UNICEF បានឱ្យដឹងថា ការអប់រំកុមារតូចចាប់ពីអាយុ៣ឆ្នាំ ដល់៥ឆ្នាំនៅកម្ពុជាមានឥទ្ធិពលដល់កុមារពេញមួយជីវិត។ កុមារដែលបានទទួលការអប់រំតាំងពីនៅតូច នឹងមានការចេះត្រៀមខ្លួនដើម្បីទទួលយកការអប់រំរយៈពេលវែង រួមទាំងមានឱកាសចូលរៀន និងបញ្ចប់ការសិក្សាកម្រិតបឋមច្រើនទៀតផង។
យោងតាមទិន្នន័យរបស់នាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថាក្នុងឆ្នាំ ២០១៦-២០១៧ នេះ មានកុមារ ២នាក់ក្នុងចំណោម ៥នាក់ក្នុងប្រទេសកម្ពុជា ចាប់ពីអាយុ ៣ឆ្នាំ ដល់៥ឆ្នាំ បានចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យ។ ទិន្នន័យនេះបង្ហាញឱ្យឃើញពីការកើនឡើងយ៉ាងវិជ្ជមានបើប្រៀបធៀបជាមួយឆ្នាំសិក្សា ២០០៨-២០០៩ ដែលមានកុមារតូចចន្លោះពីអាយុ ៣ឆ្នាំ ដល់ ៥ឆ្នាំ ត្រឹមតែ ១នាក់ប៉ុណ្ណោះក្នុងចំណោម ៥នាក់ ដែលបានចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យ។
ភាពវិជ្ជមាននេះ នឹងជំរុញឱ្យការទទួលបានការអប់រំសម្រាប់កុមារតូចៗកាន់តែមានលក្ខណៈប្រសើរឡើងនៅគ្រប់មជ្ឈដ្ឋាន ហើយវាក៏ជាគុណសម្បត្តិល្អមួយផងដែរសម្រាប់អនាគតនៃធនធានមនុស្សរបស់កម្ពុជា។ ផ្អែកលើទិន្នន័យដដែលនេះក៏បានបង្ហាញផងដែរថា ខេត្តដែលមានអត្រាកុមារតូចចូលរៀនថ្នាក់មត្តេយ្យខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា គឺមិនមែនរាជធានីភ្នំពេញនោះទេ តែជាខេត្តដែលស្ថិតនៅជាយដែននៃប្រទេសទៅវិញ។
ក្នុងឯកសាររបស់នាយកដ្ឋានអប់រំកុមារតូច បានបង្ហាញថា ខេត្តស្ទឹងត្រែងមានចំនួនកុមារតូចចូលរៀនថ្នាក់មត្តេយ្យចាប់ពីអាយុ៣ឆ្នាំទៅ មានចំនួន ៧៨% ច្រើនជាងរាជធានីភ្នំពេញដែលមានចំនួនត្រឹមតែ ៣៥% តែប៉ុណ្ណោះសម្រាប់ឆ្នាំសិក្សា ២០១៦-២0១៧នេះ៕