ការជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យ ជាចំណុចប្រឈមមួយសម្រាប់សិស្សនិស្សិតស្ទើរគ្រប់គ្នា មិនថានៅតំបន់ជនបទ ឬនៅតំបន់ទីក្រុងនោះទេ។ ថ្វីដ្បិតតែបច្ចុប្បន្ននេះប្រព័ន្ធព័ត៌មានឧត្តមសិក្សាបានជ្រួតជ្រាបទៅដល់គ្រប់ទីកន្លែង និងមានភាពសម្បូរបែបក៏ដោយក៏និស្សិតមិនតិចទេដែលចេញមកធ្វើការងារខុសជំនាញ ឬខកបំណងបន្ទាប់ពីសិក្សាជិតចប់ថ្នាក់បរិញ្ញាបត្រហើយ ទើបដឹងថាខ្លួនមិនស្រឡាញ់អាជីពនោះ។
លោក អួង បូរិន្ទ ប្រធានធនធានមនុស្សនៃក្រុមហ៊ុន Aplus Consulting បានលើកឡើងថាការជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យជាជំហានដ៏សំខាន់សម្រាប់ជីវិតរបស់សិស្សនិស្សិត ព្រោះវាជាដំណាក់កាលដំបូងបំផុតដែលពួកគេចាប់ផ្តើមផ្លាស់ប្តូរស្ថានភាពការសិក្សាពីរៀនដើម្បីបន្តឡើងថ្នាក់មកជារៀនដើម្បីអនុវត្តជាក់ស្តែងវិញម្ដង។ លោកថា មាននិស្សិតខ្លះរៀនពូកែ ហើយមានភាពលេចធ្លោ តែពេលដាក់ពាក្យធ្វើការងារពិតប្រាកដ បែរជាមិនអាចទទួលបានការងារធ្វើ ព្រោះពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្ត និងចេះតែមេរៀនក្នុងសាលាតែប៉ុណ្ណោះមិនមានលទ្ធភាពប្រើប្រាស់ចំណេះនោះទៅតាមស្ថានភាពជាក់ស្តែង និងសេចក្តីត្រូវការរបស់ស្ថាប័ននោះទេ។
លោក អួង បូរិន្ទ បាននិយាយថា៖ “កាលពីក្មេងខ្ញុំជាមនុស្សពូកែផ្នែកគីមីវិទ្យា និងវិទ្យាសាស្ត្រពិតហើយតាមពិតទៅសាលាដែលត្រូវនឹងទេពកោសល្យរបស់ខ្ញុំ គឺសាលាតិចណូ តែក្រោយពេលប្រឡងបាក់ឌុបជាប់ ខ្ញុំទទួលបានព័ត៌មានច្រើនពេក ធ្វើឱ្យខ្ញុំពិបាកបែងចែកថា តើខ្លួនឯងត្រូវនឹងជំនាញអ្វីឱ្យពិតប្រាកដ?។ បន្ទាប់មកក៏សម្រេចចិត្តជ្រើសរើសជំនាញផ្នែកលក់ និងទីផ្សារវិញ ព្រោះមានមិត្តភក្តិ រួមជាមួយមនុស្សជុំវិញខ្លួនជាច្រើនផ្តល់យោបល់”។
លោក អួង បូរិន្ទ បានបន្ថែមផងដែរថា នៅពេលរៀនមហាវិទ្យាល័យ លោកខិតខំប្រឹងប្រែង និងសម្រេចចិត្តសំខាន់តែមួយគត់គឺ រៀនឱ្យពូកែ។ ជាលទ្ធផលការសិក្សារបស់លោក គឺទទួលបានល្អណាស់ ហើយលទ្ធផលនៃការប្រឡងក៏ខ្ពស់ៗផងដែរ ដែលធ្វើឱ្យលោកទទួលបានចំណាត់ថ្នាក់លេខ3 ក្នុងចំណោមនិស្សិតរាប់រយនាក់ តែអ្វីដែលហួសចិត្តនោះគឺ ក្រោយពេលបញ្ចប់ការសិក្សា និងដាក់ពាក្យធ្វើការងារ បែរជាមិនមានក្រុមហ៊ុនណាជ្រើសយករូបលោកឡើយ។ បញ្ហានេះមកពីលោកប្រឹងប្រែងខ្លាំងពេកតែក្នុងសាលា តែមិនបានគិតពីស្ថានភាពជាក់ស្តែងនៃការងារក្នុងអាជីពដែលលោកបានជ្រើសរើស។ លោកថាស្ថានភាពបែបនេះក៏កំពុងកើតមានផងដែរសម្រាប់និស្សិតកម្ពុជាមួយចំនួនដែលកំពុងសិក្សានៅមហាវិទ្យាល័យ។
លោក បូរិន្ទ បានបញ្ជាក់បន្តទៀតថា ក្រោយមកទើបលោកចាប់អាជីពសិក្សាមួយផ្សេងទៀតគឺគណនេយ្យ និងហិរញ្ញវត្ថុ ដែលកាលនោះចំណាយពេលចោលប្រមាណជិត 5ឆ្នាំ។ ឆ្លងកាត់បទពិសោធនេះ លោកបានណែនាំថា សិស្សគួរចាប់ផ្តើមជ្រើសរើសជំនាញសិក្សាចាប់ពីថ្នាក់ទី10 ទៅឱ្យហើយ ដើម្បីព្យាយាមស្វែងយល់ឱ្យបានច្បាស់ពីជំនាញដែលខ្លួននឹងចាប់យកនាពេលអនាគត និងស្ថានភាពនានាជុំវិញអាជីពនោះ ដើម្បីត្រៀមខ្លួន ធ្វើយ៉ាងណារៀបចំខ្លួនឱ្យស្របទៅនឹងតម្រូវការការងារជាក់ស្តែង។
លោក ងួន ប៊ុននិត អគ្គនាយកក្រុមហ៊ុនធនធានមនុស្ស Idea plus consulting បានលើកឡើងថាបញ្ហាបច្ចុប្បន្នដែលធ្វើឱ្យមានបញ្ហាលំបាកក្នុងការស្វែងរកការងារធ្វើរបស់សិស្ស-និស្សិតគឺ កង្វះព័ត៌មាន និងមិនបានត្រៀមខ្លួនឱ្យបានល្អមុនពេលចូលសិក្សាមហាវិទ្យាល័យ។ មាននិស្សិតខ្លះនៅតាមបណ្តាខេត្តមិនស្គាល់ជំនាញ និងការងារច្រើននោះទេគេមើលឃើញតែជំនាញណាដែលមាននៅជុំវិញខ្លួនតែប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យពួកគេមិនមានឱកាសក្នុងការចាប់យកអាជីពសំខាន់ៗដែលសង្គមកំពុងត្រូវការ ឬអាចនឹងសម្រេចចិត្តជ្រើសរើសជំនាញតាមគេតាមឯងក្រោយពេលបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា។ ការជ្រើសរើសជំនាញភ្លាមៗក្រោយពីបញ្ចប់បាក់ឌុប មានរយៈពេលខ្លីណាស់ ហេតុនេះពេលខ្លះអាចធ្វើឱ្យសិស្សសម្រេចចិត្តខុស ហើយជ្រើសរើសតែជំនាញណាដែលមានមនុស្សជ្រើសរើសច្រើនធ្វើឱ្យពួកគេប្រកួតប្រជែងក្នុងទីផ្សារដែលចង្អៀត។
លោក ងួន ប៊ុននិត បាននិយាយថា៖ “និស្សិតគួរព្យាយាមស្វែងយល់ព័ត៌មានពីអាជីពការងារ និងស្វែងយល់ឱ្យបានច្បាស់ពីចំណង់ចំណូលចិត្តរបស់ខ្លួនឱ្យបានជាក់លាក់នៅពេលពួកគេចាប់ផ្តើមចូលថ្នាក់មហាវិទ្យាល័យ ព្រោះចាប់ផ្តើមពីពេលនេះ ពួកគេអាចមានពេលវេលាច្រើនដើម្បីសម្រេចចិត្ត ឬសាកសួរយោបល់ទៅកាន់សិស្សច្បងដែលកំពុងស្ថិតក្នុងអាជីពដែលគេប្រាថ្នានោះឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យជ្រើសរើសខុស ហើយស្តាយក្រោយ និងខាតបង់ពេលវេលា”។
បច្ចុប្បន្ននេះ ទោះបីជាក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នឯកជន ភាគីពាក់ព័ន្ធ និងរួមទាំងស្ថាប័នព័ត៌មានផង កំពុងយកចិត្តទុកដាក់ក្នុងការជំរុញឱ្យសិស្សមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការជ្រើសរើសជំនាញក្តី តែអ្នកនៅក្នុងវិស័យធនធានមនុស្សនៅតែមើលឃើញថា សិស្ស-និស្សិតកម្ពុជាជាច្រើនជាពិសេសសិស្សនៅថ្នាក់វិទ្យាល័យនៅត្រូវការប្រភពព័ត៌មាន និងការប្រឹក្សាជាច្រើនបន្ថែមទៀតដើម្បីកំណត់ទិសដៅជំនាញឱ្យបានត្រឹមត្រូវសម្រាប់អនាគត៕