លោក Unai Emery បានព្រមានដល់ក្រុម Arsenal ថា បើរងបរាជ័យក្រោមស្នាដៃក្រុម Chelsea នៅរាត្រីថ្ងៃសៅរ៍នេះ ក្តីសង្ឃឹមរបស់ពួកគេក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង4 នៃក្របខ័ណ្ឌ Premier League នឹងត្រូវបញ្ចប់ដែរ។
ក្រុមរបស់លោក Emery នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Chelsea ក្នុងការប្រកួតដ៏សំខាន់នេះនៅកីឡដ្ឋាន Emirates ដោយថែមទាំងដឹងខ្លួនថា ការបរាជ័យនឹងធ្វើឱ្យពួកគេដេញតាមពីក្រោយចំណាត់ថ្នាក់ដែលត្រូវឈ្នះកៅអីក្របខ័ណ្ឌ Champions League រហូតដល់ 9ពិន្ទុ។
ក្រោយពីការមិនស្គាល់ចាញ់សោះចំនួន 22ប្រកួតកាលពីដើមរដូវកាលនេះ ក្រុម Arsenal បានជួបភាពត្រដាបត្រដួសក្នុងអំឡុងរដូវបុណ្យទាន និងចាញ់នៅលើទឹកដីក្រុម West Ham កាលពីចុងសប្តាហ៍មុន។
ក្រុមរបស់លោក Emery នឹងចាប់ផ្តើមប្រកួតដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ6 ប្រសិនបើក្រុម Manchester United ទទួលបានលទ្ធផលជាវិជ្ជមាននៅពេលប្រកួតជាមួយនឹងក្រុម Brighton ក្នុងការប្រកួតគូមុននៅថ្ងៃដដែលនោះ។
Man United បានដេញតាមពីក្រោយក្រុម Arsenal ដល់ទៅ 12ពិន្ទុ នៅត្រឹមពេលដែលលោក Jose Mourinho ត្រូវបណ្តេញចេញ កាលពីពាក់កណ្តាលខែធ្នូ មុននឹងក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ភាគខាងជើងមួយនេះបានភ្លាត់ស្នៀត។
លោក Emery មានអារម្មណ៍ថា ការរងបរាជ័យមួយផ្សេងទៀតក្រោមស្នាដៃក្រុម Chelsea ក្នុងលទ្ធផល 3-2 នាកីឡដ្ឋាន Stamford Brigde កាលពីសប្តាហ៍ទី2 នៃរដូវកាលនេះ នឹងបញ្ចប់ក្តីសង្ឃឹមរបស់ពួកគេក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ4 ជាលើកទី1 ក្នុងរយៈពេល 3ឆ្នាំ។
នៅពេលដែលត្រូវបានចោទសួរថា គម្លាតដេញនឹងធំពេកដែលធ្វើឱ្យមិនអាចដេញតាមទាន់ ឬយ៉ាងណានោះ គ្រូបង្វឹកនៃក្រុម Arsenal រូបនេះបានឆ្លើយថា៖ «ខ្ញុំគិតថា ពិតជាអ៊ីចឹងមែនហើយ»៕