បច្ចេកវិទ្យានៅក្នុងពិភពលោកបានប្រែប្រួលយ៉ាងឆាប់រហ័ស ដែលការណ៍នេះបានជំរុញឱ្យអ្នកជំនាញ ជាពិសេសប្រទេសអភិវឌ្ឍន៍នានាបានព្យាយាមស្វែងរកសមិទ្ធផលថ្មីៗដើម្បីដោះស្រាយបញ្ហានានារបស់មនុស្សជាតិលើពិភពលោក។ ថ្វីដ្បិតតែបច្ចេកវិទ្យាអាចនឹងឆក់យកឱកាសការងារពីមនុស្សខ្លះមែន តែពេលខ្លះវាក៏ផ្តល់ភាពវិជ្ជមានផងដែរសម្រាប់ប្រជាជនលើពិភពលោកដែលទទួលបានការអប់រំកាន់តែច្រើនឡើង។ គុណសម្បត្តិ គឺមនុស្សនឹងបោះបង់ការងារតូចៗហើយចាប់យកការងារដែលកាន់តែខ្លាំង មានប្រសិទ្ធភាព និងមានល្បឿនលឿនជាងមុន។ ចំណុចពិសេសមួយផ្សេងទៀត គឺមនុស្សគ្រប់គ្នា រួមទាំងជនពិការអាចនឹងមានភាពងាយស្រួលក្នុងការធ្វើការងារនៅគ្រប់ទីកន្លែង។
ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនបានបង្កើតកម្មវិធីសាកល្បងមួយនៅក្នុងភោជនីយដ្ឋានដោយដាក់មនុស្សយន្តជាអ្នកបម្រើការងារនៅក្នុងភោជនីយដ្ឋានដែលគ្រឿងយន្តទាំងនោះត្រូវបានបញ្ជាដោយជនពិការដែលមិនមានកាយសម្បទាគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកបម្រើក្នុងភោជនីយដ្ឋានបាន។
គ្រឿងយន្តទាំងអស់នេះអាចមានសមត្ថភាពក្នុងការដើរយកកាហ្វេជូនភ្ញៀវ ជូតសម្អាតតុដោយខ្លួនឯង និងទំនាក់ទំនងជាមួយភ្ញៀវតាមការបញ្ជារបស់ជនពិការ។ បុគ្គលិកជនពិការទាំងអស់មិនចាំបាច់ចាកចេញពីផ្ទះទៅកន្លែងធ្វើការងារនោះទេ ពួកគេត្រូវបានបង្រៀន និងផ្តល់ឧបករណ៍សម្រាប់បញ្ជាដោយក្រុមការងារនៅផ្ទះ។
មនុស្សយន្តបម្រើការក្នុងភោជនីយដ្ឋានទាំងអស់នោះត្រូវបានអភិវឌ្ឍដោយលោក Kentaro Ory Yoshifuji ដែលជានាយកប្រតិបត្តិនៃមន្ទីរពិសោធន៍ Ory Lab ដែលចាប់ដៃគ្នាសហការជាមួយនឹងសហ-ស្ថាបនិកសំខាន់ 2រូបទៀត គឺលោក Aki Yuki និង Yoshifumi Shiiba។ មនុស្សយន្តទាំងអស់នោះត្រូវបានរចនាឡើងដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ជាពីចម្ងាយជាមួយនឹងការបញ្ជា 1.2ម៉ែត្រ និងអាចបញ្ចូនសំឡេង និងវីដេអូដែលគេបានថតរូបអតិថិជនទៅកាន់អ្នកបញ្ជាផ្ទាល់តាមរយៈទូរស័ព្ទដៃ Smart Phone ឬTablet។
ហាងកាហ្វេដែលបានដាក់មនុស្សយន្តឱ្យប្រើប្រាស់នេះបានបង្កើតឡើងនៅឆ្នាំ2008 ក្រោមក្តីស្រមៃថា មនុស្ស និងមនុស្សយន្តអាចរស់នៅជាមួយគ្នា ហើយធ្វើការងារដើម្បីបម្រើឱ្យគ្នាទៅវិញទៅមកបាន។ ក្រុមការងារទាំងអស់ដែលបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនេះ មានគ្នា 10នាក់ ហើយពួកគេម្នាក់ៗនឹងទទួលបានប្រាក់ចំណូលប្រមាណ 1,000យ៉េន ឬស្មើនឹង 8ដុល្លារក្នុងមួយម៉ោង ដែលជាចំណូលទាបជាងគេបំផុតក្នុងប្រទេសជប៉ុន៕