រដ្ឋាភិបាលនឹងបន្តការអនុគ្រោះសម្រាប់ម្ចាស់អចលនទ្រព្យទាំងអស់នៅកម្ពុជា តាមរយៈការអនុវត្តបន្តពាក់ព័ន្ធនឹងការបង់ពន្ធប្រថាប់ត្រាចំនួនមួយដង ចំពោះការផ្ទេរកម្មសិទ្ធ ឬសិទ្ធកាន់កាប់អចលនទាំងមានបណ្ណកម្មសិទ្ធ និងគ្មានបណ្ណកម្មសិទ្ធ។
នៅថ្ងៃទី 16 ខែមករា ឆ្នាំ2019 នេះ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានចារឯកភាពលើលិខិតស្នើរសុំគោលការណ៍អនុវត្តបន្តពាក់ព័ន្ធនឹងការបង់ពន្ធប្រថាប់ត្រាចំនួនមួយដង ចំពោះការផ្ទេរសិទ្ធ ឬសិទ្ធកាន់កាប់អចលនទ្រព្យពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធ) និងបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធ) ពីប្រធាននាយកដ្ឋានចលនទ្រព្យ និងអចលនទ្រព្យលោក ខឹម តុលា។
នៅក្នុងលិខិតនោះបានបញ្ចាក់ថា ដោយមើលឃើញប្រជាពលរដ្ឋជាអ្នកទទួលសិទ្ធ ឬកាន់កាប់អចលទ្រព្យចុងក្រោយ (អ្នកទិញ) ដែលត្រូវរងការបង់ពន្ធប្រថាប់ត្រាច្រើនតំណនៅសេសសល់នៅឡើយ អគ្គនាយកដ្ឋានពន្ធដារបានស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈលិខិតលេខ 18602 អពដ ចុះថ្ងៃទី 04 ខែធ្នូ ឆ្នាំ2018 ដើម្បីបន្តគោលការណ៍អនុគ្រោះឱ្យបង់ពន្ធប្រថាប់ត្រាចំនួនមួយដង ចំពោះការផ្ទេសកម្មសិទ្ធ ឬសិទ្ធកាន់កាប់អចលនទ្រព្យ ទាំងពុំបានចុះបញ្ជី និងបានចុះបញ្ជីដែលបានផុតសុពលភាពត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ2018។ ជាមួយគ្នានេះ ក្រសួងក៏បានឯកភាព និងបានស្នើសុំការសម្រេចបន្តគោលការណ៍នេះពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួចហើយដែរតាមលិខិតលេខ 136 សហវ.អពដ ចុះថ្ងៃទី10 ខែមករា ឆ្នាំ2018៕