Skip to content

រឿន ណាត បើកទំព័រអាជីពសម្ដែងកុនតាមរយៈរឿងខ្លី « រឹងមាំ »

គ្រាន់តែបង្ហាញ​រូប​ Poster មួយ​សន្លឹក​ពី​រឿង​ខ្នាត​ខ្លី​ របស់បវរកញ្ញា​ចក្រវាល​កម្ពុជា រឿន ណាត នៅលើបណ្ដាញសង្គមហ្វេសប៊ុកមិនបានប៉ុន្មានម៉ោងផង ស្រាប់មានហ្វេនៗចាប់អារម្មណ៍យ៉ាងភ្លូកទឹកភ្លូកដី។ រឿងខ្លីនេះ ​នាង​ទើប​តែ​ថត​ចប់​រួច​រាល់​និង​ត្រៀម​បញ្ចេញ​ ដែល​ជា​ស្នាដៃ​សម្ដែង​លើក​ដំបូង​បំផុត​ ក្រៅពីការបង្ហាញទេពកោសល្យជា​តារា​ម៉ូដែល​នៅលើឆាក។

រឿងខ្លីនេះមានចំណងជើងថា « រឹងមាំ » ជាការបើកទំព័រអាជីពសម្ដែងដំបូង និងមានដៃគូសម្ដែងជាមួយ​តារា​សម្ដែង​​សាច់​ដុំ​កង់ៗ Sool Cool ក្រោមវណ្ណកម្មរបស់ផលិតកម្ម សាស្ត្រា ។ តារាស្រីរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា មួយរឿងដំបូងនេះចាយពេល​ថត​អស់​រយៈ​​តែ​4ថ្ងៃទេ តែពិតជាលំបាកខ្លាំងជាងការដើរបង្ហាញម៉ូដទៀត ព្រោះថា អ្នកដឹកនាំសម្ដែងតម្រូវឱ្យនាងសម្រក់ទឹកភ្នែកច្រើន ហើយមានឈុតខ្លះនាងយំ​ឡើង​ពេញ​មួយ​ថ្ងៃ​ក៏​មានដដែរ ព្រោះដើម្បីឈុតឆាកកាន់តែចាក់ដោតអារម្មណ៍អ្នកទស្សនាឱ្យស្រក់ទឹកភ្នែកតាម។

រឿន ណាត បានបញ្ជាក់ទៀតថា ដោយសារតែនាងសម្ដែងដំបូង ភាពអៀនខ្មាស ណែបណិតជាមួយតួឯកប្រុសគឺនៅតែមាន និងធ្វើឱ្យនាងសម្ដែងខុសជាច្រើនដង។ តែយ៉ាងណាមិញ នាងរំពឹងថា ការសម្ដែងរឿងខ្លីដំបូងនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ហ្វេនៗ៕

Leave a Reply

Your email address will not be published. Required fields are marked *