ចំនួនការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនឡើងប្រមាណជាង 8ម៉ឺនតោនកាលពីឆ្នាំមុនដែលមានកំណើនប្រមាណជា20 ទៅ25ភាគរយជាប្រចាំ។ នេះបើយោងតាមមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
លោក ជា អូន អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា កំណើននៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសកាលពីឆ្នាំ2018 មានសម្ទុះរឹងមាំល្អ។
លោក អូន បានមានប្រសាសន៍ថា៖“មានកំណើនច្រើននៅក្នុងវិស័យនេះ ប៉ុន្តែកំណើនភាគច្រើនមានតែនៅព្រលានយន្តហោះភ្នំពេញ(ពោធិ៍ចិនតុង) និងខេត្តព្រះសីហនុប៉ុណ្ណោះ”។ លោកបន្តថា៖“កំណើននេះបាននាំមុខដោយតំបន់សេដ្ឋកិច្ចពិសេស ជាទីដែលមានរោងចក្ររាប់រយប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាមួយនឹងសកម្មភាពនាំចេញនៅក្នុងខេត្តព្រះសីហនុ”។
លោកអូន បានពន្យល់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុជាកត្តាសំខាន់សម្រាប់ជំរុញកំណើននាំចេញនាពេលអនាគត ដោយភាគច្រើនការនាំចេញតាមយន្តហោះ មានសម្លៀកបំពាក់ ស្បែកជើង និងផលិតផលកសិកម្មមួយចំនួន។
របាយការណ៍ថ្មីៗរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ2018 មានទំនិញប្រមាណជា 69,000តោនបានដឹកតាមយន្តហោះ បើធៀបនឹងឆ្នាំ2017 ឃើញថាមានកំណើនប្រមាណជា 16ភាគរយ ហើយភាគច្រើនកំណើននេះមានតែនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
លោក ស៊ីន ចាន់ធី ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទំនិញកម្ពុជាបានថ្លែងថា កំណើនខ្លាំងត្រូវបានគេមើលឃើញថា មានតែនៅរដូវនាំចេញខ្លាំងដែលជាទូទៅគឺចាប់ពីខែកុម្ភៈ ដល់ខែមីនា។ លោកថា ក្នុងអំឡុងខែនោះមិនមានយន្តហោះដឹកជញ្ជូនទំនិញណាមួយទំនេរទេ។
ដោយឡែកការដឹកជញ្ជូនតាមទូកុងតឺន័រទៅអឺរ៉ុប និងអាមេរិក អាចត្រូវចំណាយប្រាក់ប្រមាណពី 4ពាន់ ទៅ5ពាន់ដុល្លារដោយកប៉ាល់ តែតាមផ្លូវអាកាស(យន្តហោះ)នឹងមានតម្លៃប្រមាណ 50,000ដុល្លារអាមេរិកក្នុងទំហំទំនិញដូចគ្នា។ លោកថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺជាជម្រើសទី1 និងដឹកតាមរថយន្តជាជម្រើសទី2 និងដោយឡែកការដឹកទំនិញតាមយន្តហោះដែលមានតម្លៃថ្លៃជាងគេនោះ ជាញឹកញាប់ត្រូវបានគេប្រើប្រាស់តែនៅពេលណាដែលមានទំនិញបន្ទាន់ ឬទីផ្សារត្រូវការប្រញាប់តែប៉ុណ្ណោះ។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការទទូលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថាវិស័យអាកាសចរណ៍ស៊ីវិលមានការអភិវឌ្ឍ និងវិវឌ្ឍន៍ទៅមុខខ្លាំង និងមានកំណើនគួរឱ្យកត់សម្គាល់ ដោយសារតែគោលនយោបាយបើកចំហជើងមេឃដែលបានអនុវត្តមកតាំងពីឆ្នាំ1999។
លោកបន្ថែមថា ដោយសារតែការធ្វើទំនើបកម្មនៃការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងការពង្រីកព្រលានយន្តហោះ ការពង្រឹងច្បាប់ និងបទប្បញ្ញត្តិក្នុងវិស័យនេះ បានធ្វើឱ្យការដឹកជញ្ជូនអ្នកដំណើរ និងចំនួនទំនិញមានការកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោករដ្ឋលេខាធិការ បានបន្ថែមទៀតថា ទន្ទឹមនេះដែរ វិស័យអាកាសចរណ៍ស៊ីវិលកាន់តែមានការ-រីកចម្រើនបោះជំហានទៅមុខគួរជាទីមោទនៈ ដោយសម្រេចបានស្នាដៃ និងសមិទ្ធផលធំៗជាច្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានធ្វើទំនើបកម្មប្រព័ន្ធនាំផ្លូវហោះហើរដើម្បីរក្សាបាននូវកំណើនអ្នកធ្វើដំណើរតាមផ្លូវអាកាស ពង្រីកស្ថានីយអ្នកដំណើរ និងពង្រឹងក្របខណ្ឌច្បាប់ និងបទប្បញ្ញតិ្តបច្ចេកទេសដើម្បីរក្សាបានការពង្រឹងសន្តិសុខ និងសុវត្ថិភាពក្នុងវិស័យអាកាសចរណ៍ស៊ីវិល។
លោកបានបន្តថា ការវិលត្រឡប់មកសាជាថ្មីនៃស្ថិរភាពនយោបាយ និងសង្គមរបស់កម្ពុជា បានធ្វើឱ្យវិស័យទេសចរណ៍មានការកើនឡើងតាមរយៈការពង្រឹងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។
លោកអះអាងថា៖“ការកែលម្អអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានធ្វើឱ្យវិស័យទេសចរណ៍មានការកើនឡើងគួរឱ្យកត់សម្គាល់”។
ដោយលោកបានឱ្យដឹងថា៖“ជាលទ្ធផលសម្រាប់កម្ពុជា វិស័យដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសបានទទួលកំណើនយ៉ាងខ្លាំង និងគួរជាទីចាប់អារម្មណ៍ក្នុងតំបន់អាស៊ាន និងនៅលើឆាកអន្តរជាតិ ដែលកាលពីឆ្នាំ1998 មានអ្នកដំណើរតាមផ្លូវអាកាសត្រឹមតែជាង 62ម៉ឺននាក់ប៉ុណ្ណោះ តែក្នុងឆ្នាំ2018 គឹតត្រឹមថ្ងៃទី19 ធ្នូ មានអ្នកដំណើរតាមផ្លូវអាកាសកើនរហូតដល់ចំនួនជាង 10លាននាក់ចេញចូលតាមព្រលានយន្តហោះអន្តរជាតិទាំង3”។
ដោយឡែក កំណើននៃការដឹកជញ្ជូនទំនិញបានឈានចូលដល់ 68,702តោន នៅអាកាសយានដ្ឋានទាំង3 គិតត្រឹមខែវិច្ឆិកា ឆ្នាំ2018 ឬកើនឡើងប្រមាណ 16ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2017។
គួរបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ2018 មានប្រទេសចំនួន 44 បានចុះកិច្ចព្រមព្រៀងជាមួយនឹងព្រះរាជាណាចក្រកម្ពុជាលើផ្នែកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស និងមានក្រុមហ៊ុនអាកាសចរណ៍ចំនួន 47ក្រុមហ៊ុនបាននិងកំពុងធ្វើប្រតិបត្តិការហោះហើរ ចេញ-ចូលព្រះរាជាណាចក្រកម្ពុជា៕