ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានបន្តរីកចម្រើន និងមានភាពរឹងមាំ ទោះបីបានប្រឈមនឹងហានិភ័យមួយចំនួនក្តី ដែលកំណើនសម្រាប់ឆ្នាំ2018 ត្រូវបានប៉ាន់ប្រមាណថា បានកើនឡើងក្នុងអត្រា7.3% ស្ថិតនៅក្នុងកម្រិតខ្ពស់ក្នុងរយៈពេល 6ឆ្នាំចុងក្រោយ និងខ្ពស់ជាងអត្រាកំណើនមធ្យមនៃប្រទេសកំពុងលូតលាស់ និងប្រទេសក្នុងតំបន់ទៀតផង។ នេះបើយោងសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាស្តីពីវឌ្ឍនភាពម៉ាក្រូសេដកិច្ច និងវិស័យធនាគារឆ្នាំ2018 និងទស្សនវិស័យឆ្នាំ2019។
ទោះបីជាប្រឈមនឹងភាពតានតឹងខាងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន និងឥទ្ធិពលនៃប្រតិកម្មគោលនយោបាយរូបិយវត្ថុក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួនក៏ដោយ ក៏កំណើនសេដ្ឋកិច្ចពិភពលោក និងតំបន់នានាមានភាពល្អប្រសើរ និងបានផ្តល់កាលានុវត្តភាពល្អដល់សេដ្ឋកិច្ចកម្ពុជា។
សេចក្តីប្រកាសខាងលើបានបង្ហាញថា វិស័យកាត់ដេរ សំណង់ និងទេសចរណ៍បន្តមានកំណើនក្នុងអត្រា 2ខ្ទង់ក្នុងបរិយាកាសអំណោយផលនៃកំណើនសេដ្ឋកិច្ចពិភពលោក និងមានការគាំទ្រពីគោលនយោបាយសារពើរពន្ធវិត្ថារកម្ម គោលនយោបាយរូបីយវត្ថុនិងផ្លែផ្កា និងវឌ្ឍនភាពវិស័យធនាគារ និងវិស័យផ្សេងៗទៀត។
លំហូរចូលនៃវិនិយោគផ្ទាល់ពីបរទេសបន្តកើនឡើងក្នុងអត្រាខ្ពស់12% ជាពិសេសទៅលើវិស័យធនាគារ អចលនទ្រព្យ និងកាត់ដេរ ហើយបានគាំទ្រជញ្ជីងទូទាត់ឱ្យមានអតិរេកប្រមាណ4.5% នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស)។ អតិរេកជញ្ជីងទូទាត់បានរួមចំណែកគរពូនទុនបម្រុងអន្តរជាតិដល់ 10ប៊ីលានដុល្លារអាមេរិកដែលអាចធានាបានការនាំចូលទំនិញ និងសេវាកម្មសម្រាប់ឆ្នាំបន្ទាប់បានជាង 5ខែ ដែលជាកម្រិតមួយខ្ពស់ បើធៀបនឹងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន(3ខែ)។
យោងតាមការសិក្សារបស់ធនាគារពិភពលោក (WB) ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបាននិងកំពុងនាំឱ្យមានការបំផ្លាស់ទីនៃការវិនិយោគ និងកំណើននៃការនាំចេញក្នុងតំបន់។
ទន្ទឹមនឹងនេះ ការសិក្សារបស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា កម្ពុជាអាចទទួលបានកំណើនវិនិយោគក្នុងវិស័យកម្មន្តសាល និងកសិកម្ម ដោយសារកម្ពុជាអាចផលិត និងនាំចេញទំនិញមួយចំនួនក្នុងវិស័យនេះដែលមិនស្ថិតក្នុងគោលដៅដែលត្រូវដំឡើងពន្ធទាំងនៅសហរដ្ឋអាមេរិក និងប្រទេសចិន។
ជាក់ស្តែងការនាំចេញរបស់កម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ជាពិសេសផលិតផលកាត់ដេរត្រូវបានប៉ាន់ស្មានថា កើនឡើង24.7% ស្របពេលដែលការនាំចេញផលិតផលមួយចំនួនបានកើនឡើងក្នុងអត្រា 2-3ខ្ទង់ ដូចជាការនាំចេញអង្ករកើន23% ទោចក្រយានកើន12% និងគ្រឿងបន្លាស់យានយន្តកើនឡើង 3ដង។
ថ្វីបើការនាំចេញផលិតផលកាត់ដេរនៅតែបន្តមានចំណែកធំប្រមាណ 2/3នៃការនាំចេញសរុបក៏ដោយ ក៏ចំណែកនេះបានថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបនឹងប្រមាណ96% កាលពី 10ឆ្នាំមុន។ ចំពោះវិស័យទេសចរណ៍ភ្ញៀវទេសចរអន្តរជាតិបន្តកើនឡើងខ្ពស់ក្នុងអត្រា11.5%(ដល់6.2លាននាក់)ស្របពេលដែលគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាត្រូវបានអភិវឌ្ឍ។
ស្របពេលដែលទំនាក់ទំនងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាន់តែមានភាពស៊ីជម្រៅ ស្ថិរភាព និងការរីកចម្រើន វិស័យធនាគារបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា។ វិស័យធនាគារបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយបានជំរុញឱ្យភាពស៊ីជម្រៅផ្នែកហិរញ្ញវត្ថុនៃផ.ស.សកើនដល់78% ធៀបនឹង73% នៅឆ្នាំ2018 ហើយទ្រព្យសកម្មសរុបបានកើនដល់174% នៃផ.ស.ស(កើន20%)។
ឥណទានចំពោះវិស័យឯកជន បានកើនឡើងដល់102% នៃផសស(កើន20.1%)ដែលបានធ្វើពិពិធកម្មមូលដ្ឋាន កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ ជាមួយគ្នានេះវិស័យធនាគារក៏បានចូលរួមចំណែកជាមួយរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រដោយបានបង្កើនបរិយាប័ន្នហិរញ្ញវត្ថុជាលំដាប់ ដែលបច្ចុប្បន្ន 69%នៃប្រជាជនពេញវ័យបានទទួលសេវាហិរញ្ញវត្ថុ ស្របពេលដែលចំណេះដឹងពីការប្រើប្រាស់សេវាហិរញ្ញវត្ថុត្រូវបានពង្រឹងជាប្រចាំ។
ចំពោះទស្សនវិស័យសម្រាប់ឆ្នាំ2019 សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងបន្តមានកំណើនក្នុងរង្វង់ 7% ហើយអត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាប 2.6% ជាមួយនឹងស្ថិរភាពនៃអត្រាប្តូរប្រាក់ 4050រៀលក្នុង 1ដុល្លារ។ ទុនបម្រុងអន្តរជាតិរំពឹងថា នឹងបន្តកើនដល់ 11,3ប៊ីលានដុល្លារអាមេរិក។
ទោះជាយ៉ាងណាក្តី ទន្ទឹមនឹងការវាយតម្លៃពីភាពស្វាហាប់នៃកំណើនសេដ្ឋកិច្ចកម្ពុជា NBCបានបង្ហាញពីហានិភ័យមួយចំនួនផងដែរ ដូចជាការឡើងថ្លៃលុយដុល្លារអាមេរិក ការប្រឈមនឹងលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពន្ធ(EBA) និងការប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន ដោយសារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសក្នុងតំបន់មួយចំនួន។
ក្រៅពីហានិភ័យក្រៅប្រទេស កម្ពុជានៅបន្តប្រឈមបញ្ហាមួយចំនួនទាក់ទងនឹងថ្លៃដើមផលិតខ្ពស់ និងការកើនឡើងល្បឿននៃវិស័យសំណង់ និងអចលនទ្រព្យ ដែលអាចជាហានិភ័យសម្រាប់វិស័យធនាគារ។
អ្នកជំនាញសេដ្ឋកិច្ច ដែលតាមដានសភាពការណ៍សេដ្ឋកិច្ចកម្ពុជា បានបញ្ជាក់ប្រាប់ឡារ៉ែនពាណិជ្ជថា ឆ្នាំ2018 វិស័យធនាគារពិតជាមានភាពល្អប្រសើរដោយភាពទៀងទាត់នៃការលូតលាស់សេដ្ឋកិច្ចយើងក្នុងរង្វង់7% តាមដែលយើងមើលឃើញពីការរីកចម្រើននៃវិស័យនេះវាលឿនជាងការទស្សន៍ទាយ។
បើតាមការប្រមើលមើលក្នុងវិស័យនេះ នៅឆ្នាំ2019 កំណើនសេដ្ឋកិច្ចក៏ត្រូវបានរំពឹងថា នឹងស្ថិតនៅក្នុងរង្វង់7%បន្តទៀត ទោះបីមិនទាន់ជាក់លាក់ ក៏អង្គការអន្តរជាតិខាងហិរញ្ញវត្ថុ មានដូចជា IMF និងADB ជាដើមក៏បានព្យាករដែរថា សេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់7%។ តែការលូតលាស់នេះស្ថិតក្នុងភាពផុយស្រួយ បើទោះបីជាមានការលូតលាស់ជាងប្រទេសជិតខាង ដែលបានត្រឹមតែ3-5%ប៉ុណ្ណោះក្ដី។
លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនហ្វ័រតេបានមានប្រសាសន៍ថា៖ “ភាពផុយស្រួយ នេះគឺចង់និយាយថា ដោយសារយើងពឹងផ្អែកទៅលើឧស្សហកម្មដែលមិនមានជំនាញច្បាស់លាស់។ គឺឧស្សាហកម្មអាចបំផ្លាស់ទីលឿន មានរោងចក្រកាត់ដេរជាដើម។ តែរដ្ឋាភិបាលបានខិតខំកៀងគរអ្នកវិនិយោគឱ្យមកវិនិយោគទៅលើវិស័យថ្មីៗដែលអាចឱ្យកម្មករ-ពលកររបស់យើងមានជំនាញខ្ពស់ ដូចជារោងចក្រដំឡើងយានយន្ត រោងចក្រផលិតគ្រឿងបន្លាស់យានយន្ត ជាដើម”។
លោក យក់ ចំរើនឫទ្ធិ បានបញ្ជាក់ដែរថា ក៏ដូចជាស្រដៀងគ្នាដែរដែលយើងមើលឃើញវិស័យសំណង់ អចលនទ្រព្យ តែងមានការបារម្ភថា វិស័យនេះអាចជាហានិភ័យមួយ ព្រោះការរីកចម្រើនរបស់វាក៏មានភាពផុយស្រួយដែរ ពេលណាដែលវាបំពេញគ្រប់តម្រូវការរបស់វា ឬមានអ្វីមួយមកខ្ទាស់ នោះវាអាចនឹងមានបញ្ហាព្រោះហិរញ្ញវត្ថុដែលវិនិយោគត្រូវបានចាក់បំពេញក្នុងការសាងសង់ ហើយវាមិនអាចបំប្លែងទៅផលិតជាអ្វីផ្សេងទៀតបានឡើយ។ ប៉ុន្តែនេះគ្រាន់ជាក្តីបារម្ភទៅលើវិស័យសំណង់ អចលនទ្រព្យ តែវិស័យនេះកន្លងមកមិនទាន់មានអ្វីជាបញ្ហានោះទេ៕