ខ្សែប្រយុទ្ធ Tsukasa Shiotani រកបានគ្រាប់បាល់ឈ្នះនៅដើមតង់ទី2 ខណៈដែលក្រុមជម្រើសជាតិជប៉ុន បានផ្លាស់ប្តូរកីឡាករ 10នាក់ ប៉ុន្តែនៅតែបានផ្តួលក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន 2-1 ដើម្បីបញ្ចប់ដោយការឈរលេខ1 ក្នុងពូលរបស់ពួកគេ ក្នុងយុទ្ធនាការ Asian Cup កាលពីថ្ងៃព្រហស្បតិ៍។
ការផ្លាស់ប្តូរកីឡាករដ៏ច្រើននេះ បានធ្វើឱ្យជប៉ុន របូតគ្រាប់បាល់ក្នុងរយៈពេលដ៏ខ្លី ក្រោយពីការរកគ្រាប់បាល់បើកឆាករបស់កីឡាករ EldorShomurodov ប៉ុន្តែ គ្រាប់បាល់តែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Yoshinori Muto របស់ក្លិប Newcastle United និងគ្រាប់បាល់បញ្ចូលទីយ៉ាងល្អរបស់ Shiotani បានជួយឱ្យជប៉ុន ដណ្តើមបានជ័យជម្នះជាលើកទី3 របស់ពួកគេ ក្នុងវគ្គចែកពូល។
ស្របពេលជាមួយគ្នា ក្នុងពូលដូចគ្នានេះ ក្រុមជម្រើសជាតិអូម៉ង់ បានស៊ុតបាល់បញ្ចូលទី 2គ្រាប់នៅជិតបញ្ចប់ការប្រកួត ដើម្បីផ្តួលក្រុមជម្រើសជាតិតួកមេនីស្ថាន 3-1 និងឈានទៅវគ្គបន្តក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមឈរលេខ3 មានពិន្ទុខ្ពស់ជាងគេបំផុត ពីក្រោយក្រុមជប៉ុន និងអ៊ូសបេគីស្ថាន។ ក្នុងវគ្គ 16ក្រុមចុងក្រោយ ក្រុមជម្រើសជាតិជប៉ុន នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ដែលបានរងបរាជ័យ 2-០ ក្រោមស្នាដៃក្រុមកាតា ក្នុងការប្រកួតពូល E ស្របពេលដែលអ៊ូសបេគីស្ថាន នឹងត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ការពារតំណែងជើងឯកអូស្ត្រាលី។
លោក Hajime Moriyasu គ្រូបង្វឹកនៃក្រុមជម្រើសជាតិជប៉ុន បានឱ្យដឹងថា៖ «កីឡាករសម្រេចបាននូវគោលដៅមួយក្នុងចំណោមគោលដៅរបស់យើង ពោលគឺការឈានទៅវគ្គបន្ត ជាមួយនឹងការឈ្នះ 3លើក និងការឈរនៅលើកំពូលតារាង»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំមិនបានប្រថុយជាមួយនឹងការផ្លាស់ប្តូរកីឡាករ 10នាក់នោះឡើយ តែខ្ញុំចង់ប្រើប្រាស់កីឡាករទាំងនោះនៅថ្ងៃនេះ»៕
ប្រភពពី៖ Channel News Asia