តាមការចេញផ្សាយរបស់សារព័ត៌មាន Thairath នៅពេលមុននេះបន្ដិចបានឱ្យដឹងថា ការដ្ឋានសាងសង់គម្រោងរថភ្លើងអេឡិចត្រូនិកនៅក្នុងទីក្រុងបាងកក ត្រូវបានបិទរយៈពេល7ថ្ងៃ ខណៈរដ្ឋាភិបាលថៃកំពុងប្រយុទ្ធ ប្រឆាំងនឹងផ្សែងអ័ព្ទពុលនៅក្នុងរាជធានីនៃប្រទេស។
រដ្ឋមន្ត្រីនៃក្រសួងគមនាគមប្រទេសថៃលោក Arkhom Termpittayapaisith បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះថា អាជ្ញាធរបាន សម្រេចចេញសេចក្ដីណែនាំមួយដល់ម្ចាស់ការដ្ឋានទាំងអស់ក្នុងទីក្រុងបាងកក ផ្អាកសកម្មភាពសាងសង់របស់ខ្លួនរហូតដល់ថ្ងៃអង្គារ សប្ដាហ៍ក្រោយ។ លោកបន្ថែមថា ម្ចាស់ការដ្ឋានទាំងអស់ចំាបាច់ត្រូវតែសំអាតការដ្ឋានសាងសង់របស់ខ្លួន និងផ្លូវស្ថិតនៅក្បែរ ហើយមិនតែប៉ុណ្ណោះសម្បីតែរថយន្ដចេញចូលការដ្ឋានក៏ត្រូវសំអាត់កង់រថយន្ដឱ្យបានស្អាតផងដែរ។ ក្រៅតែវិធានលើការដ្ឋានសាងសង់ អាជ្ញាធរថៃថែមទាំងបានបង្គាប់ឱ្យរថយន្ដក្រុងប្រើប្រាស់ម៉ាស៊ូត ចំនួន2,075គ្រឿង ក្នុងទីក្រុងបាងកក ប្ដូរមកប្រើប្រាស់ប្រេងសាំងវិញ ដោយទុករយៈពេល២ថ្ងៃ ដើម្បីការពារ ក៏ដូចជាទប់ស្កាត់ការបញ្ចេញផ្សែងខ្មៅទៅក្នុង បរិយាកាស៕