ដោយមានទំនុកចិត្តលើវិស័យធនាគារ បានធ្វើប្រជាពលរដ្ឋខ្មែរនាំគ្នាដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនកើនឡើងរហូតដល់ជិត100% នៅដំណាច់ឆ្នាំ2018 កន្លងទៅថ្មីនេះ។ នេះបើតាមរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។
របាយការណ៍ចេញផ្សាយដោយធនាគារជាតិកាលពីសប្តាហ៍មុនបានលើកឡើងថា ការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ពិសេសការមានជំនឿទុកចិត្តពីសាធារណជនបានធ្វើឱ្យប្រាក់បញ្ញើនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាកើនឡើងរហូតដល់91% ក្នុងរយៈពេលពេញមួយឆ្នាំ2018។
របាយការណ៍ខាងលើបង្ហាញថា ការអនុវត្តគោលនយោបាយហិរញ្ញវត្ថុ និងគោលនយោបាយសារពើពន្ធសមស្រប បានចូលរួមចំណែកសំខាន់ក្នុងការរក្សារស្ថិរភាពរឹងមាំ ដែលគាំទ្រដោយការវិនិយោគ និងការរីកចម្រើននៃសកម្មភាពសេដ្ឋកិច្ច ដែលក្នុងនោះវិស័យធនាគារ រូបិយវត្ថុទូទៅកើនដល់24.2% ពោលគឺកើនឡើងជាងឆ្នាំ2017 ស្ថិតក្នុងស្ថានភាពសមស្រប និងរីកចម្រើនសេដ្ឋកិច្ច គឺមិនបណ្តោយឱ្យមានសម្ពាធដល់អតិផរណាឡើយ។
ក្នុងពេលដែលម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាន់តែមានភាពរីកចម្រើន វិស័យធនាគារបានចូលរួមចំណែកយ៉ាងសំខាន់ ដោយសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ជាក់ស្តែងវិស័យធនាគារបានបន្តចាក់ឫសគល់យ៉ាងជ្រៅទៅក្នុងសេដ្ឋកិច្ចដ៏រឹងមាំ ដោយបានជំរុញភាពស៊ីជម្រៅលើផ្នែកហិរញ្ញវត្ថុ បានកើនឡើងដល់78% ក្នុងឆ្នាំ2018 ហើយទ្រព្យសកម្មសរុបមានកំណើនឡើង ដល់ 174ភាគរយនៃផលទុនជាតិសរុបកើនឡើង 20ភាគរយក្នុងឆ្នាំ2018នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីភាពទុកចិត្តពីសាធារណជនមកលើប្រព័ន្ធធនាគារជាក់ស្តែងបានជំរុញប្រាក់បញ្ញើឱ្យមានកំណើនឡើង91% នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស) កើនឡើង16% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកត្តារីកចម្រើនដែលបានផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធ្វើអន្តរការិយកម្មហិរញ្ញប្បទានកាន់តែសកម្ម។
ឥណទានក៏សម្រេចបាន10% នៃផ.ស.ស គឺបានកើនឡើង20.1% ដែលបានគាំទ្រដល់ការធ្វើ ពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របពេលដែលវិស័យធនាគារ បានកំពុងចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ដែលបានបង្កើនបរិយាប័ន្នហិរញ្ញវត្ថុជាប់ជាលំដាប់96% នៃប្រជាជនពេញវ័យ កំពុងទទួលបានសេវាហិរញ្ញវត្ថុស្របពេលដែលចំណេះដឹងពីការប្រើប្រាស់ហិរញ្ញវត្ថុ ត្រូវបាន ពង្រីកជាប្រចាំផងដែរ។
ពាក់ព័ន្ធករណីនេះ លោកឧកញ៉ា ហួត អៀងតុង ប្រធាននាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករមានប្រសាសន៍ទទួលស្គាល់ថា អត្រាប្រាក់បញ្ញើក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ កើនឡើងគួរឱ្យកត់សម្គាល់ពិតប្រាកដមែន ហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករផ្ទាល់មានការកើនឡើងប្រមាណជា25% ក្នុងឆ្នាំ2018 ធៀបនឹងឆ្នាំ2017កន្លងទៅ ដែលមានសាច់ប្រាក់បញ្ញើសរុបប្រមាណជា 460លានដុល្លារអាមេរិក ក្នុងចំណោមអតិជនជាង 10ម៉ឺននាក់។
លោកឧកញ៉ាបានបន្តថា ការដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលបានអត្រាការប្រាក់ទាបបំផុត 7.5ភាគរយ ប្រសើជាងយកប្រាក់ទៅទុកក្នុងផ្ទះ ឬដាក់កូនជ្រូកដែលមិនអាចទទួលបានប្រាក់ចំណេញ ហើយអាចជួបហានិភ័យបាត់បង់ដោយប្រការណាមួយក៏អាចថាបាន។ ការយកលុយទៅវិនិយោគប្រកបរបររកស៊ី ជួនបានប្រាក់ចំណេញជាងដាក់ប្រាក់បញ្ញើ ជួនក៏មិនបានចំណេញដូចប្រាក់បញ្ញើដែរ ហើយបើសិនជាការរកស៊ីមិនបានប្រុងប្រយ័ត្ន មិនរៀបចំយុទ្ធសាស្ត្រជាមុន អាចនឹងជួបហានិភ័យខាតបង់ថែមទៀត។
លោកឧកញ៉ាអះអាងថា ការកើនឡើងនៃប្រាក់បញ្ញើសន្សំនេះ គឺដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ស្របពេលដែលការប្រកបរបររកទទួលទានរបស់ពលរដ្ឋកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយការកើនឡើងនៃអត្រាប្រាក់បញ្ញើនេះក៏ទទួលបានពីការួមចំណែកនៃស្ថិរភាពនយោបាយក៏ដូចជាស្ថិរភាពសេដ្ឋកិច្ចក្នុងប្រទេសជារៀងរាល់ឆ្នាំផងដែរ៕