ក្លិបតោខៀវ Chelsea បានយល់ព្រមលើការផ្ទេរមួយជាមួយនឹងក្លិប Juventus ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Gonzalo Higuain ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់បញ្ចប់រដូវកាលនេះ។ នេះបើយោងតាមបណ្តាញសារព័ត៌មាន Sky ក្នុងប្រទេសអ៊ីតាលី។
វាត្រូវបានគេយល់ឃើញថា ការខ្ចីជើងនេះ អាចនឹងត្រូវបន្តសម្រាប់រយៈពេល 12ខែទៀត ប្រសិនបើមានលក្ខខណ្ឌជាក់លាក់ផ្សេងៗ។ Higuain បានស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងក្លិប AC Milan ពីក្លិប Juventus ចាប់តាំងពីដើមរដូវកាលនេះ ជាមួយនឹងជម្រើសទិញយកដាច់កាលពីចុងរដូវកាលមុន។
លោក Maurizio Sarri គ្រូបង្វឹករបស់ក្រុម Chelsea ត្រូវបានគេយល់ឃើញថា ចង់នាំយក Higuain ទៅកាន់កីឡដ្ឋាន Stamford Bridge បើទោះបីជាមានកង្វល់ផ្សេងៗពីក្រុមប្រឹក្សាក្លិបក៏ដោយ។ បើយោងតាមបណ្តាញសារព័ត៌មាន Sky ក្នុងប្រទេសអ៊ីតាលី លោកស្រី Marina Granovskaia នាយកប្រតិបត្តិក្លិប Chelsea នៅតែមិនជឿជាក់ថា Higuain គឺជាដំណោះស្រាយចំពោះបញ្ហាតំបន់ប្រយុទ្ធរបស់ក្លិបនេះ។
Higuain បានចូលលេងក្នុងនាមជាកីឡាករបម្រុងរយៈពេល 20នាទីចុងក្រោយក្នុងពេលក្រុម AC Milan ចាញ់ក្រុម Juventus 1-០ ក្នុងការប្រកួតដណ្តើមពាន Super Cup របស់អ៊ីតាលី នៅអារ៉ាប៊ីសាអ៊ូឌីត។
កាលពីចុងសប្តាហ៍មុន លោក GennaroGattuso ហាក់បានប្រកាសថា Higuain ចង់ចេញពីកីឡដ្ឋាន San Siro តាមរយៈការនិយាយថា៖ «នៅពេលដែលកីឡាករម្នាក់សម្រេចចិត្តរបស់គេហើយ វាពិតជាពិបាកណាស់ក្នុងការបញ្ចុះបញ្ចូលឱ្យកីឡាកររូបនោះបន្តនៅជាមួយយើងទៀត»៕