ដូចប្រិយមិត្តបានជ្រាបដឹងហើយថា អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង មានទំនាក់ទំនងស្នេហ៍ជាមួយគ្នាជាង4ឆ្នាំមកហើយ បន្ទាប់ពីអ្នកនាងចែកផ្លូវជាមួយលោក យុត្ថារ៉ា ឆានី ។ បើទោះបីរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយរយៈពេលច្រើនឆ្នាំក្ដី តារាសម្ដែងស្រីប្រកបដោយពហុទេពកោសល្យរូបនេះ បានបង្ហើបថា អ្នកនាងនៅមិនគិតអំពីការរៀបមង្គលការលើកទីពីរនោះទេ ព្រោះដោយសារតែ ជីវិតគូសព្វថ្ងៃនេះមានក្ដីសុខទៅហើយ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហើបឱ្យដឹងថា អ្នកទាំងពីរមិនចាំបាច់ត្រូវរៀបចំមង្គលការនោះទេ ព្រោះជីវិតគូរបស់អ្នកទាំងពីរអាចដើរជាមួយគ្នាបាន ដោយសារតែការរស់នៅរាល់ថ្ងៃ មានភាពល្អប្រសើរ និងចុះសម្រុងគ្នាល្អហើយ។ គួរបញ្ជាក់ផងដែរថា កាលដែលមិនបានគិតគូអំពីការរៀបអាពាហ៍ពិពាហ៍ជាមួយលោក ហេង ឡុង នោះក៏មិនបានមានន័យថា តារាស្រីរូបនេះអស់ក្ដីស្រឡាញ់ចំពោះលោកនោះទេ ក៏ប៉ុន្ដែបានស្គាល់ចិត្តថ្លើមគ្នារួចហើយ និងអាចរស់នៅយ៉ាងមានសេចក្ដីសុខនឹងគ្នាផងដែរ៕