ក្លិប Manchester United បានដកការចាប់អារម្មណ៍របស់ពួកគេពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann របស់ក្លិប Atletico Madrid។ នេះបើយោងទៅតាមប្រភពជិតដិតមួយរបស់ក្លិបនេះកាលពីថ្ងៃព្រហស្បតិ៍។ Man United ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Europa League ត្រូវបានបណ្តាញសារព័ត៌មានចេញផ្សាយថា កំពុងតែរៀបចំផែនការក្នុងការទិញយក Griezmann វ័យ២៦ឆ្នាំ។ ប៉ុន្តែ ប្រភពមួយ និងបណ្តាញសារព័ត៌មានជាច្រើនរបស់ចក្រភពអង់គ្លេសអះអាងថា ក្លិបបិសាចក្រហម Man United បានផ្លាស់ប្តូរការចាប់អារម្មណ៍របស់ពួកគេ។ ក្លិបនេះត្រូវបានគេយល់ឃើញថា បានដាក់អាទិភាពរបស់ខ្លួនទៅលើការនាំយកខ្សែប្រយុទ្ធកណ្តាលដ៏មានសក្តានុពលជំនួសវិញ។
ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ Man United នៅតែស្ថិតក្នុងបញ្ហារបួសជង្គង់រយៈពេលវែង ហើយនឹងត្រូវផុតកិច្ចសន្យារបស់គេនៅចុងខែនេះ។ តុលាការអាជ្ញាកណ្តាលកីឡា កាលពីថ្ងៃព្រហស្បតិ៍បានចេញសេចក្តីសម្រេចដាក់ពិន័យព្យួរលើការដោះដូរកីឡាករប្រឆាំងនឹង Atletico ជុំវិញការប្រព្រឹត្តល្មើសនឹងការចុះហត្ថលេខាកីឡាករបរទេសមានអាយុក្រោម១៨ឆ្នាំ។ វាមានន័យថា ក្លិបស្ថិតក្នុងទីក្រុង Madrid មួយនេះ នឹងមិនអាចទិញចូលកីឡាករថ្មីរហូតដល់ខែមករា ឆ្នាំ២០១៨។ Atletico កំពុងតែមានបំណងក្នុងការលក់ Griezmann និងទិញយកខ្សែប្រយុទ្ធអន្តរជាតិបារាំងម្នាក់ទៀត Alexandre Lacazette ពីក្លិប Lyon ដើម្បីជំនួសកន្លែងរបស់គេ។ Griezmann គឺជាមិត្តជិតស្និទ្ធរបស់ខ្សែបម្រើ Paul Pogba ដែលកំពុងលេងឲ្យ Man United និងបានបង្ហើបពីការចង់ផ្ទេរទៅកាន់កីឡដ្ឋាន Old Trafford នាពេលថ្មីៗនេះ៕
ប្រភពពី៖ Daily Star