មុននេះបន្ដិចនៅលើបណ្ដាញសង្គម គេមើលឃើញថា ពិធីការិនី ណាក់ ស្រីណា ត្រូវបានជនខិលខូច ប្រើឈ្មោះ បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើរខ្ចីលុយគេឯង។ សូមជម្រាបថា គណនីហ្វេសប៊ុកនោះមិនបានដាក់ឈ្មោះ ណាក់ ស្រីណា ចំៗក្តី តែបានប្រើរូបភាពរបស់តារា ស្រីរូបនេះ ដែលធ្វើឱ្យទស្សនិកជន និងអ្នកធ្លាប់ស្គាល់មានការយល់ច្រឡំ ថាស្មានតែគណនីផ្សេងមួយទៀតរបស់ នាងមួយទៀតពិតៗ។
ដើម្បីកុំឱ្យមានការយល់ច្រឡំ និងក្លាយអ្នកសិល្បៈ ឬអ្នកដែលស្គាល់ខ្លួន ចាញ់បោកជនខិលខូច កញ្ញា ណាក់ ស្រីណា ដែលមានគណនីផ្លូវការឈ្មោះ «Nak Sreyna» បានបង្ហោះសារជាព័ត៌មានថា «សូមបងប្អូនទាំងអស់ គ្នាជួយ shear ផង ដើម្បីកុំឱ្យមានការយល់ច្រលំ និងត្រូវចាញ់បោកជនខិលខូចនេះមិនមែនជាគណនេយ្យ Facebook របស់ខ្ញុំទេ ដូច្នេះប្រសិនបើបងប្អូនឃើញ Facebook ឈ្មោះ អ៊ីសា អ៊ីសា (រ័ត្នមុន្នីពេជ្រ) មួយនេះ chart ទៅខ្ចីលុយរឺក៏មានការប្រើប្រាស់ខុសឆ្គង ដោយប្រការណាមួយ នាងខ្ញុំសូមមិនទទួលខុសត្រូវឡើយ។ សូមបញ្ជាក់ថា Facebook ពិតរបស់ខ្ញុំមានតែមួយគត់គឺ Nak Sreyna ដែលខ្ញុំកំពុងប្រើរាល់ថ្ងៃនេះអរគុណបងប្អូន និងមិត្តភ័ក្ដិទាំងអស់គ្នា ដែលបានផ្តល់ដំណឹងមកឱ្យខ្ញុំ»។
គួរបញ្ជាក់ដែរថា ការបង្ហោះសាររបស់នាងខាងលើនេះ ប្រៀបបាននឹងសារមួយ ឱ្យមហាជនមានការប្រុងប្រយ័ត្ន កុំឱ្យចាញ់បោកបុគ្គលខិលខូច៕