កសិករដាំអំពៅនៅតាមជនបទបានសម្តែងក្តីរីករាយយ៉ាងខ្លាំង ដោយសារតម្លៃអំពៅនៅឆ្នាំនេះកើនលើសឆ្នាំមុន100% ដោយអំពៅលេខ1 ក្នុង1បាច់មានតម្លៃ 20,000រៀល ខុសពីឆ្នាំមុនដែលលក់បានត្រឹមតែតម្លៃ 10.000រៀលប៉ុណ្ណោះ។
លោក យឿន សំអាង កសិករដាំអំពៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តក ណ្តាលបានឱ្យដឹងថា គ្រួសារលោកបានប្រកបរបរដាំអំពៅម្រេចនេះយូរឆ្នាំមកហើយ ពោលគឺជាដំណាំដែលបន្សល់ជាកេរដំណែលមកតាំងពីដូនតា តពីឪពុកម្តាយជាង 20ឆ្នាំមកហើយ។ លោកប្រាប់ថា កាលពីឆ្នាំកន្លងទៅ អ្នកដាំអំពៅបានខាតឡុងចុង ចូលដើម និងស្ទើរតែលែងហ៊ានដាំ ដោយសារអំពៅប្រភេទលេខ1 ក្នុង1បាច់លក់បានតែ 6,000 ទៅ7,000រៀល ហើយបើឡើងខ្ពស់បំផុត ក៏លក់តម្លៃត្រឹមតែ 10,000រៀលប៉ុណ្ណោះក្នុងមួយបាច់។
ចំណែកដើមរដូវនេះវិញ អំពៅបានឡើងថ្លៃល្អ1ជា3 គឺអាចស្រង់ដើមដែលខាតកាលពីឆ្នាំមុន និងបានចំណេញមកវិញខ្លះ ដោយអាលេខ1 លក់នៅចម្ការតែម្ដង បានក្នុង 1បាច់មិនក្រោម 18,000រៀលទេហើយបើដឹកយកទៅលក់ដល់ផ្សារតាខ្មៅផង គឺអាចលក់បានថ្លៃដល់ទៅ 22,000រៀលឯណោះ ហើយបើអំពៅដើមតូចៗ ប្រភេទលេខ3 វិញ ក៏អាចលក់បានពី6,000 ទៅ7,000រៀលដែរ។ ខណៈដែលអំពៅលេខ2 លក់បានក្នុង 1បាច់តម្លៃពី10,000 ទៅ12,000រៀល។ លោកបានបន្តថា ឆ្នាំកន្លងទៅ អំពៅថោកដោយសារមានអ្នកដាំច្រើន ឆ្នាំនេះកសិករមួយចំនួនប្តូរទៅដាំដំណាំផ្សេងៗ ហើយទឹកជំនន់ឆ្នាំនេះក៏ឡើងធំ លិចខូចអស់មួយចំនួនទៀតនោះទើបធ្វើឱ្យអំពៅឡើងថ្លៃ និងរកអំពៅលក់ស្ទើរមិនបានទៀតផង។
លោកក៏បានប្រាប់ផងដែរអំពីបច្ចេកទេសដាំដំណាំអំពៅនេះថា ជាដំបូងគេត្រូវកាត់ដើមអំពៅជាកំណាត់ខ្លីៗ យកត្រង់ថ្នាំងនីមួយៗ រួចហើយយកកង់ថ្នាំងអំពៅទាំងនោះទៅដាក់តម្រៀបគ្នាបណ្ដុះនៅក្នុងថ្នាលមួយក្បែរប្រភពទឹក ដើម្បីងាយស្រួលក្នុងការស្រោចស្រពវា។ កំណាត់ថ្នាំងដើមអំពៅទាំងនោះ គេមិនត្រូវលុបដីលើវាឱ្យជិតទេ ត្រូវដាក់តម្រៀបឱ្យភ្នែកថ្នាំងអំពៅបញ្ឈរឡើងលើដើម្បីឱ្យឆាប់ដុះពន្លកឡើង បន្ទាប់មកត្រូវគ្របចំបើងស្ងួតពីលើថ្នាំងអំពៅទាំងនោះ ហើយស្រោចទឹកមួយថ្ងៃម្ដងដើម្បីឱ្យកូនអំពៅឆាប់ដុះឡើងល្អ។
ពេលដែលកូនអំពៅដុះឡើងបានទំហំប៉ុនម្រាមដៃ គឺក្រោយបណ្ដុះប្រមាណជា 1ខែ ទើបគេយកវាទៅដាក់ដាំនៅក្នុងដីចម្ការ។ ការដាំដុះតាមវិធីនេះ គេអាចអនុវត្តបានចំពេលដែលដីចម្ការនៅសើម ហើយវិធីនេះអាចចំណាយដើមទុនតិច និងឆាប់បានទទួលផលទៀតផងប៉ុន្តែវាមានគុណវិបត្តិម្យ៉ាង គឺដើមអំពៅដុះឡើងមិនសូវបានល្អទេ នៅពេលពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់។
ចំណែកឯការត្រៀមដីសម្រាប់ដាំដុះវិញ មុនពេលដាក់ដាំ គេត្រូវភ្ជួរដីឱ្យបាន 3សា និងត្រូវភ្ជួរឱ្យបានជម្រៅជ្រៅ រាស់បំបែកដីឱ្យម៉ដ្ឋ រួចឆូតជាគន្លងដើម្បីឱ្យមានចង្អូរសងខាង ប៉ុន្តែមិនត្រូវលើកជារងទេ។ ការកាយជាគន្លងនោះ ត្រូវឱ្យមាត់រណ្ដៅមានទំហំ8តឹក(0.80ម៉ែត្រ) រួចយកកូនអំពៅដែលបណ្ដុះបានហើយ 1ដើមដែលមានដុះដើមប៉ុនមេដៃ កម្ពស់ប្រមាណ 2តឹក(0.20ម៉ែត្រ)មកកប់ក្នុងរណ្ដៅដែលមានល្បាយផេះ ដីដំបូក លាមកសត្វក្រៀម ដាក់នៅបាតរណ្ដៅនោះជាស្រេច ដោយត្រូវកប់កូនអំពៅដោយដីពីលើល្មមៗ រួចហើយស្រោចទឹកទៅតាមអាកាសធាតុ តែមិនត្រូវស្រោចទឹកតិចពេកដែលនាំឱ្យដើមអំពៅលូតលាស់មិនបានល្អ និងក៏មិនត្រូវស្រោចច្រើនជ្រុលនាំឱ្យជាំទឹកខូចខាតដំណាំអស់ដែរ។ ការដាំអំពៅសំខាន់គឺ ត្រូវធ្វើការសកស្លឹកវាចេញទៅតាមដំណាក់កាល ហើយដាក់ជីភ្ជួរកប់លើគុម្ព ទើបដើមអំពៅលូតលាស់ល្អ។
រយៈពេលជិតមួយឆ្នាំក្រោយនឹងទទួលបានផល ដោយពេលកាប់ដើមអំពៅចាស់អស់ ដើមអំពៅថ្មីអាចលូតលាស់ឡើងបន្តពេលមានភ្លៀងធ្លាក់ ដែលធ្វើឱ្យគេអាចប្រមូលផលបានពី2 ទៅ3ឆ្នាំបន្តទៀត។
អ្នកស្រី សៀក ឃី ឈ្មួញកណ្តាលម្នាក់បានប្រាប់ផងដែរថា កាលពីឆ្នាំមុនអំពៅពិតជាថោកនិយាយលែងចេញមែន រហូតមានអ្នកខ្លះទុកដើមអំពៅឱ្យចាស់ចោលទៀតផង ព្រោះគ្មានម៉ូយទទួលទិញ បើកាប់ត្រូវជួលកម្មករ និងត្រូវដឹកដើរលក់ខ្លួនឯងទៀត។ ប៉ុន្តែឆ្នាំនេះ រកអំពៅលក់មិនបានទេហើយឡើងថ្លៃមួយទ្វេជា2 ជា3 ឯណោះ។ ហើយពេលនេះគ្រាន់តែជាពេលប្រមូលផលដើមដៃ អំពៅឡើងថ្លៃប៉ុណ្ណេះហើយ ទម្រាំដល់កណ្តាលដៃ និងចុងដៃដែលជារដូវក្តៅទៀតនោះ តម្លៃអំពៅនឹងឡើងខ្ពស់ជាងពេលនេះទៅទៀត។ ក្រៅពីដើរម៉ៅចម្ការពីកសិករហើយ អ្នកស្រីក៏ប្រមូលទិញគិតជាបាច់តាមចម្ការផងដែរ ដោយក្នុង1បាច់ផាត់សាហ៊ុយ និងចំណាយផ្សេងៗរួចហើយ អ្នកស្រីអាចចំណេញបានពី1,000 ទៅ1,500រៀលដែរក្នុង 1បាច់។ ពាក់ព័ន្ធនឹងដំណាំអំពៅនេះ លោក កាង ម៉ាំងអនុប្រធានការិយាល័យផែនការនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល បានមានប្រសាសន៍ថា ក្នុងឆ្នាំ2018 នេះ ទូទាំងខេត្តមានដំណាំអំពៅចំនួន 401ហិកតា ខណៈកាលពីឆ្នាំ2017 មានចំនួនជិត 1ពាន់ហិកតាឯណោះ ក្នុងនោះស្រុកស្អាងដាំអំពៅច្រើនជាងគេ គឺចំនួន 350ហិតា និងទើបនឹងចាប់ផ្តើមប្រមូលផលបានជាបណ្តើរៗប៉ុណ្ណោះ។
លោកក៏បានបន្តដែរថា កសិករត្រូវចេះពិនិត្យមើលអំពីតម្រូវការលើទីផ្សារ និងចៀសវាងដាំដំណាំតាមៗគ្នា ដែលនាំឱ្យជន់ច្រើននៅលើទីផ្សារ ជាកត្តាធ្វើឱ្យផលដំណាំចុះថោកនាំឱ្យខាត់បង់ ហើយលោកអនុប្រធានការិយាល័យក៏បានឱ្យដឹងដែរថា នៅទូទាំងខេត្តកណ្ដាលនេះ ក្រៅអំពីផ្ទៃដីសម្រាប់ធ្វើស្រូវហើយ នៅមានដីសម្រាប់ដាំដំណាំចម្រុះចំនួន 36,500ហិកតាទៀត៕