
កម្ពុជាគ្រោងនឹងដាក់ចេញច្បាប់ពាណិជ្ជកម្មអនឡាញ ឬហៅថា E-Commerce សម្រាប់ប្រទេសឱ្យចេញជារូបរាងនៅក្នុងឆ្នាំ2019 នេះ។ ការដាក់ចេញនូវច្បាប់ពាណិជ្ជកម្មអនឡាញធ្វើឡើងដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកទិញ និងអ្នកលក់លើការប្រកបអាជីវកម្ម ខណៈបច្ចុប្បន្នគណៈរដ្ឋមន្ត្រីកំពុងពិនិត្យលើសំណុំឯកសារមួយចំនួនដែលក្រសួងពាណិជ្ជកម្មបានដាក់ជូន ហើយប្រសិនបើច្បាប់នេះចេញជារូបរាង វានឹងជួយការពារប្រយោជន៍ដល់អ្នកលក់ និងអ្នកទិញក្នុងវិស័យអនឡាញនេះ។
លោក ថៅ សុខមុនី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ច្បាប់ពាណិជ្ជកម្មអនឡាញនេះក្រសួងពាណិជ្ជកម្មបានចងក្រងឡើងអស់រយៈពេលជាយូរឆ្នាំមកហើយ ខណៈពេលនេះកំពុងស្ថិតក្នុងដំណាក់កាល ពិនិត្យកម្រិតជំនាញនៅគណៈរដ្ឋមន្ត្រី។ លោកបញ្ជាក់ថា៖ «ប្រសិនបើច្បាប់ពាណិជ្ជកម្មអនឡាញនេះ ត្រូវបានពិភាក្សាពីគណៈរដ្ឋមន្ដ្រីអំពីកម្រិតបច្ចេកទេសរួចហើយឃើញថាគ្រប់គ្រាន់នោះ វានឹងអាចចេញលឿន និយាយរួមច្បាប់នេះនឹងចេញជាផ្លូវការនៅក្នុងឆ្នាំ2019 នេះតែម្ដង»។
លោកបន្ដថា «ការដាក់ចេញច្បាប់ពាណិជ្ជកម្មអនឡាញនេះ គឺដើម្បីជំរុញផលិតផលក្នុងស្រុកឱ្យមានទីផ្សារកាន់តែទូលំទូលាយឡើង មានន័យថា ប្រជាជននៅកម្ពុជាមានប្រមាណ 16លាននាក់ តែប្រសិនបើយើងលក់ទំនិញតាមធម្មតា យើងលក់បានត្រឹមតែ 16លាននាក់ហ្នឹងទេ ប៉ុន្ដែបើលក់តាមប្រព័ន្ធអនឡាញ យើងនឹងលក់បានច្រើនជាងនេះ ព្រោះមិនត្រឹមតែលក់ក្នុងស្រុកប៉ុណ្ណោះទេ តែលក់ដល់បរទេសថែមទៀតផង»។

លោកបន្ថែមថា ការដាក់ចេញច្បាប់ពាណិជ្ជកម្មអនឡាញនេះ គឺល្អប្រសើរបំផុតសម្រាប់កម្ពុជា ព្រោះវាផ្ដល់ប្រយោជន៍ដល់អ្នកលក់ និងអ្នកទិញ។ មានន័យថា នៅពេលច្បាប់នេះចេញជាផ្លូវការ អ្នកលក់មិនអាចបោកប្រាស់អ្នកទិញដោយប្រការផ្សេងៗបាននោះទេ ដូចជា៖ ទំនិញមិនដូចរូបភាពបង្ហាញ ទំនិញគ្មានគុណភាព គ្មានភាពទទួលខុសត្រូវលើការដឹកជញ្ជូន ឱ្យអតិថិជនផ្ញើលុយ តែមិនផ្ញើទំនិញឱ្យជាដើម។ ដោយឡែកសម្រាប់អ្នកទិញក៏ដូចគ្នាដែរ គឺមិនអាចបោកប្រាស់អ្នកលក់ដោយប្រការផ្សេងៗទាំងឡាយដូចគ្នា។
លោកបានឱ្យដឹងទៀតថា ប្រសិនបើគ្មានច្បាប់ទម្លាប់ត្រឹមត្រូវទេនោះ វិស័យនេះនឹងមិនរីកលូតលាស់លឿនដូចបណ្ដាប្រទេសជិតខាងឡើយ មួយវិញទៀតកាលណាអត់មានច្បាប់ទម្លាប់ត្រឹមត្រូវ អាចបណ្ដាលឱ្យមានជម្លោះ ហើយបើមានជម្លោះ គឺមិនអាចដោះស្រាយបានឡើយ ព្រោះតែគ្មានច្បាប់គ្រប់គ្រង។
លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា តាំងពីដើមរហូតដល់បច្ចុប្បន្ន ការធ្វើពាណិជ្ជកម្មនៅកម្ពុជាត្រូវពឹងផ្អែកលើការទូទាត់ប្រាក់សុទ្ធ និងត្រូវទៅដល់ទីតាំងទំនិញផ្ទាល់តែម្ដង កត្តាទាំងនេះធ្វើឱ្យខាតពេលវេលា ខាតបង់ប្រាក់កាស និងហានិភ័យសម្រាប់អ្នកលក់ និងអ្នកទិញ។
លោកឧកញ៉ាបន្ដថា «ប៉ុន្ដែបើសិនបើមានការធ្វើពាណិជ្ជកម្មអនឡាញ និងការទូទាត់ទំនិញតាមបច្ចេកវិទ្យា Fintech កាន់តែទូលំទូលាយនៅកម្ពុជានោះ មិនត្រឹមតែផ្ដល់ផលចំណេញទាំងប្រាក់កាស ពេលវេលា និងសុវត្ថិភាពដល់អតិថិជន និងអ្នកលក់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយជំរុញសកម្មភាពពាណិជ្ជកម្មឱ្យកាន់តែផុសផុលឡើង ពិសេសការជំរុញទំនិញក្នុងស្រុកឱ្យកាន់តែមានទីផ្សារទាំងក្នុង និងក្រៅប្រទេសទៀតផង» ៕
