លោក Pep Guardiola បានបញ្ជាក់ថា ក្រុម Manchester City របស់លោក នឹងត្រៀមខ្លួនរួចរាល់ក្នុងការដណ្តើមយកប្រៀប ប្រសិនបើក្រុមកំពុងតែនាំមុខលើតារាង Premier League គឺ Liverpool មានការភ្លាត់ស្នៀត ក្រោយពីការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 3-០ លើក្រុម Wolves កាលពីថ្ងៃចន្ទ ដែលបានធ្វើឲ្យក្រុម Man City ដេញតាមពីក្រោយក្រុមរបស់លោក Jurgen Klopp ត្រឹមតែ 4ពិន្ទុ។
គ្រាប់បាល់ស៊ុតបញ្ចូលទី 2គ្រាប់ក្នុងតង់ទី2 ពីសំណាក់កីឡាករខ្សែប្រយុទ្ធ Gabriel Jesus នៅចន្លោះពេលនៃការពិន័យកាតក្រហមសម្រាប់ខ្សែការពារបារាំង Willy Boly របស់ Wolves បានអនុញ្ញាតឲ្យក្រុម Man City បង្ហាញថា ពួកគេបានលុបចោលការធ្លាក់ចុះទម្រង់លេងរបស់ពួកគេកាលពីខែធ្នូហើយ។
អ្នកចាត់ការទូទៅរបស់ក្រុម Man City រូបនេះ មិនមានអារម្មណ៍ក្នុងការធ្វើការវិភាគទៅលើតារាងឡើយ និងបានបញ្ជាក់ថា លោកចាប់អារម្មណ៍តែទៅលើការបង្ហាញពីទម្រង់លេងរបស់ក្រុមលោកប៉ុណ្ណោះ។
លោក Guardiola បានឲ្យដឹងថា៖ «យើងមិនអាចលេងការប្រកួតជាច្រើនជាមួយនឹងក្រុម Liverpool ទេ ហើយយើងមិនអាចធ្វើអ្វីទៅលើពួកគេបានឡើយ»។
គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «អ្វីដែលយើងអាចធ្វើបាន គឺការដណ្តើមបានជ័យជម្នះក្នុងការប្រកួតរបស់យើង និងរក្សាការដេញតាមពីក្រោយ។ យើងមិនបាននិយាយទៅកាន់កីឡាកររបស់យើងពីបញ្ហានោះទេ ហើយយើងមិនអាចគ្រប់គ្រងអ្វីដែលយើងអាចធ្វើបានឡើយ។ អ្វីដែលយើងអាចធ្វើបាន គឺការបង្ហាញពីភាពខ្លាំង ហើយនៅថ្ងៃណាមួយ ពួកគេប្រហែលជាចាញ់។ ប៉ុន្តែ ប្រសិនបើពួកគេមិនចាញ់ទេនោះ ពួកគេនឹងក្លាយជាម្ចាស់ជើងឯក»។
លោក Guardiola បានបន្ថែមទៀតថា៖ «យើងបានធ្វើរឿងដ៏អស្ចារ្យជាច្រើនបន្ទាប់ពីរដូវកាលមុន ប៉ុន្តែ ក្រុមមួយធ្វើបានល្អប្រសើរជាងយើងមកទល់ពេលនេះ។ អ្វីដែលយើងអាចធ្វើបាន គឺការរក្សាភាពខ្លាំងរហូតដល់បញ្ចប់រដូវកាល ហើយលទ្ធផលនឹងបង្ហាញថា ក្រុមណានឹងឈ្នះ»៕