ក្លិប Villareal បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Enes Unal វ័យ២០ឆ្នាំមកពីក្លិប Manchester City របស់ក្របខ័ណ្ឌ Premier League ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ La Liga មួយនេះ កាលពីថ្ងៃពុធ។
ខ្សែប្រយុទ្ធអន្តរជាតិតួកគី Unal បានចូលរួមជាមួយនឹងក្លិប Man City កាលឆ្នាំ២០១៥ និងត្រូវបានខ្ចីជើងទៅកាន់ក្លិប Genk របស់បែលហ្ស៊ិក និង NAC Breda របស់ហូឡង់ នៅមុនការចំណាយពេលខ្ចីជើងពេញមួយរដូវកាល នៅឯក្លិប FC Twente សម្រាប់យុទ្ធនាការឆ្នាំ២០១៦-២០១៧ ដោយរូបគេបានស៊ុតបាល់បញ្ចូលទី១៩គ្រាប់ក្នុងការបង្ហាញខ្លួន៣៣លើក។ Unal បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្រុមបាល់ទាត់ជម្រើសជាតិតួកគី កាលពីឆ្នាំ២០១៥ ក្នុងវ័យត្រឹមតែ១៧ឆ្នាំ និងបានស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួនចំនួន៥គ្រាប់មកទល់ពេលនេះ។ ការផ្ទេរនេះគឺមានតមៃ្លខ្លួន១២លានផោន (ស្មើនឹង១៥,៥លានដុល្លារអាមេរិក) ក្នុងនោះរាប់បញ្ចូលទាំងលក្ខខណ្ឌទិញរំលាយកិច្ចសន្យាទៅលើកុងត្រារបស់កីឡាករវ័យក្មេងរូបនេះដែលមានតម្លៃ១៧,៥លានផោនផងដែរ។ នេះបើយោងទៅតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាននានា។
Unal ត្រូវបានរំពឹងទុកថា នឹងឈានដល់ទម្រង់លេងកម្រិតកំពូលរបស់ខ្លួន ចាប់តាំងពីទទួលបានជោគជ័យដ៏ធំធេងនៅឯក្លិប Bursaspor ក្រោយពីរូបគេបានស៊ុតបាល់បញ្ចូលទីសរុប១៨២គ្រាប់ ក្នុងការបង្ហាញខ្លួន១១០លើកក្នុងកម្រិតយុវជន និងក្រុមឈុតធំ។ រូបគេក៏បានបានស៊ុតបាល់បញ្ចូលទី២៤គ្រាប់ ក្នុងការប្រកួត២៥លើកសម្រាប់ក្រុមជម្រើសជាតិតួកគីអាយុក្រោម១៦ឆ្នាំផងដែរ៕
ប្រភពពី៖ Reuters