កីឡាករវាយកូនបាល់ Andy Murray បានចាកចេញទាំងការបើកចំហទ្វារឲ្យមានការវិលត្រឡប់មួយទៅកាន់ទីលាន Melbourne Park ក្រោយពីបានរងបរាជ័យក្រោមស្នាដៃរបស់កីឡាករ Roberto Bautista Agut ក្នុងការប្រកួតដ៏ស្វិតស្វាញចំនួន 5សិត ក្នុងជុំទី1 នៃព្រឹត្តិការណ៍ Australian Open កាលពីថ្ងៃចន្ទ។
ក្រោយពីបានបញ្ជាក់ថា យុទ្ធនាការនេះអាចនឹងក្លាយជាយុទ្ធនាការចុងក្រោយក្នុងនាមជាកីឡាករអាជីព ដោយសារតែមានបញ្ហាឈឺចាប់ត្រង់ចង្កេះ Murray បានលេងជាមួយនឹងការខិតខំព្យាយាមអស់ពីសមត្ថភាពរបស់គេ តាមរយៈការវាយបកពីការតាមក្រោយ 2សិត មុនពេលចាញ់ទៅវិញក្នុងលទ្ធផល 6-4, 6-4, 6-7 (5) 6-7 (4) និង6-2 នៅក្រោមពន្លឺភ្លើង នៅលើទីលាន Melbourne Arena។
អតីតកីឡាករមានចំណាត់ថ្នាក់លេខ1 លើពិភពលោករូបនេះ បានធ្វើឲ្យការប្រកួតរបស់គេស្ថិតក្នុងភាពស្វិតស្វាញ ខណៈដែលរូបគេបានបង្ខំឲ្យការប្រកួតឈានដល់សិតកាត់សេចក្តី និងបន្ទាប់មកបានធ្វើឲ្យអ្នកគាំទ្រសង្ឃឹមថា រូបគេអាចនឹងបង្កើតឲ្យមានការរំភើបម្តងទៀតនៅអូស្ត្រាលី។
ម្ចាស់ជើងឯក Grand Slam 3 សម័យកាលរូបនេះ បាននិយាយនៅលើទីលានប្រកួតថា៖ «ខ្ញុំប្រហែលជានឹងជួបអ្នកទាំងអស់គ្នាម្តងទៀត ខ្ញុំនឹងធ្វើរាល់អ្វីៗទាំងអស់តាមដែលអាចធ្វើបាន។ ប្រសិនបើខ្ញុំចង់ធ្វើម្តងទៀត ខ្ញុំនឹងត្រូវតែមានការវះកាត់ដ៏ធំមួយ ដែលមិនមានការធានាថា ខ្ញុំអាចវិលទៅប្រកួតបានវិញឡើយ ប៉ុន្តែ ខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព» ៕