ថ្មីនេះមានការភ្ញាក់ផ្អើលបំផុត ខណៈដែលបានឃើញអ៊ីនស្ដាក្រាមរបស់តារាចម្រៀងស្រីវ័យក្មេងនៅក្នុងក្រុម BLACPINK គឺ Lisa BLACPINK ដែលនាងគឺជា ជនជាតិថៃប្រលូកសិល្បៈKPOP។ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រចម្រៀង KPOP ចំហមាត់ថ្លុងនោះគឺ តារាស្រីរូបនេះ មានអ្នកតាមដាននៅលើអ៊ីនស្ដាក្រាមដល់ទៅ 13.2 លាននាក់ ដែលយកឈ្នះកំពូលតារាស្រីកូរ៉េ Taeyeon មានអ្នកតាមដានត្រឹមតែ 12.9 លាននាក់ប៉ុណ្ណោះ។
តារាសម្រៀងកូរ៉េជនជាតិថៃរូបនេះ មានឈ្មោះពិត ลลิสา มโนบาล ( លីហ្សា មៈណូបាន ) ហើយត្រូវបានមហាជនជាច្រើននិយាយថា ជាតារាចម្រៀងប្រជាប្រិយ និងទទួលបានភាពល្បីល្បាញខ្លាំងជាងគេប្រចាំក្រុម ហើយរឿងរ៉ាវរបស់នាង តែងតែនៅជាចំណុចដ៏ចាប់អារម្មណ៍ខ្លាំងរបស់អ្នកគាំទ្រ។ នាងធ្លាប់រងសម្ពាធពីអ្នកគាំទ្រូកូរ៉េ ដែលទទូចចង់ឱ្យបាងចាកចេញពីក្រុម។
គួររំឭកផងដែរថា ក្រុមចម្រៀងកូរ៉េដ៏ល្បី Black Pink បានមកប្រគំតន្ត្រីដ៏ធំរយៈពេលបីថ្ងៃនៅប្រទេសថៃ ចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី13 ខែមករា ឆ្នាំ 2019 នេះ ។ ព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់ក្រុមចម្រៀងស្រីខាងលើ បានប្រារព្ធឡើងដោយជោគជ័យក្រោមការចូលរួមពីទស្សនិកជនយ៉ាងច្រើនផុសផុល មិនតែប៉ុណ្ណោះ សូម្បីតែសិល្បករល្បីៗលំដាប់ជួរមុខប្រចាំប្រទេសថៃ ក៏បាននាំគ្នាចូលរួមដែរ ។ ក្នុងនោះដែរ ដើម្បីលើកទឹកចិត្តដល់តារាចម្រៀង Lisa កូនស្រីពៅក្នុងក្រុម BLACPINK មានតារាសិល្បករថៃជាច្រើនដួងមានដូចជា ប៊េឡា រ៉ានី តារាសម្ដែង Taew Natapohn នាង Mew Nittha តារាស្រី Mint Chalida តារាប្រុស Boy Pakorn ព្រមទាំងតារាល្បីៗជាច្រើនដួងទៀត បាននាំគ្នាសម្ដែងនូវអារម្មណ៍រំភើបយ៉ាងខ្លាំងក្នុងការចូលរួមប្រគំតន្ត្រីនេះ ជាពិសេសពួកគេក៏បានជួប និង ផ្ដិតយករូបភាពយ៉ាងស្និទ្ធស្នាលជាមួយតារាចម្រៀង Lisa ទៀតផង ។ តារាសិល្បថៃថា នាងគឺសិល្បករកម្លាំងចិត្តមួយរូប ដែលហ៊ានពង្រឹងជំហ៊ាននៅលើវិថីសិល្បៈបរទេស និងជាគំរូបមួយសម្រាប់តារាសិល្បករថៃ៕