អ្នកត្រូវវាស់សម្ពាធឈាមគ្រប់ពេលដែលទៅជួបគ្រូពេទ្យ តែថ្មីៗនេះគោលការណ៍ក្នុងការវិនិច្ឆ័យរោគសម្ពាធឈាមមានការប្រែប្រួលជាលើកដំបូងក្នុងជុំ14ឆ្នាំ។ តាមរយៈគោលការណ៍ថ្មីនេះបានចង្អុលបញ្ជាក់ថា អ្នកណាក៏ដោយដែលមានកម្រិតសម្ពាធឈាមច្រើនជាង130/80 នឹងត្រូវពិចារណាថា កើតជំងឺលើសឈាម តែកម្រិតសម្ពាធឈាមធម្មតា មិនប្រែប្រួលទេគឺ 120/80ដដែល ដែលតួលេខខាងលើបញ្ជាក់ពីសម្ពាធឈាម ស៊ីស្តូលិក (នៅពេលបេះដូងបាញ់ឈាមចូលទៅក្នុងសរសៃឈាម) និងតួលេខខាងក្រោម គឺកម្រិតសម្ពាធឈាម ដៃអេស្តូលិក (នៅពេលបេះដូងបន្ធូរខ្លួនមកវិញ)។
កាលពីពេលមុននេះ កម្រិតសម្ពាធឈាមស៊ីស្តូលិក ស្ថិតក្នុងចន្លោះ 120 – 139 នឹងមិនត្រូវបានវិនិច្ឆ័យថា កើតជំងឺលើសឈាមទេ រហូតទាល់តែខ្ពស់ជាង 140/90…តែសម្រាប់គោលការណ៍ថ្មីវិញ អ្នកដែលមានកម្រិតសម្ពាធឈាមស៊ីស្តូលិកក្នុងចន្លោះ 130 – 139 ឬកម្រិតសម្ពាធឈាមដៃអេស្តូលិកស្ថិតក្នុងចន្លោះ 80 – 89 នឹងត្រូវពិចារណាថា កើតជំងឺលើសឈាមរយៈទី1 ខណៈដែលកម្រិតសម្ពាធឈាម 140/90 នឹងឈានចូលជំងឺលើសឈាមរយៈទី2 និងកម្រិតសម្ពាធឈាម 180/120 នឹងក្លាយជាជំងឺលើសឈាមកម្រិតគ្រោះថ្នាក់។
កម្រិតសម្ពាធឈាម គឺជាអ្នកបញ្ជាក់ប្រាប់ពីសុខភាពដែលសំខាន់ខ្លាំងសម្រាប់ខ្លួនអ្នក និងគ្រូពេទ្យទាំងឡាយ។ ទោះជាការប្រែប្រួលនេះនឹងសាងនូវភាពច្របូកច្របល់បន្តិចមែន តែក៏មានតម្លៃសម្រាប់ការរៀនយល់ដឹងអំពីកម្រិតសម្ពាធឈាមរបស់ខ្លួនឯងដែរ។
1. ជំងឺលើសឈាមគ្មានអាការបង្ហាញឡើងឱ្យឃើញច្បាស់លាស់ជានិច្ចនោះទេ : ក្នុងករណីដែលកម្រិត ជំងឺលើសឈាមអាចហុចផលឱ្យមានអាការតឹងណែនក្នុងទ្រូង ពិបាកដកដង្ហើមឈឺក្បាល ឬមានហូរឈាមច្រមុះ ប៉ុន្តែក្នុងករណីភាគច្រើនបែរជាមិនបង្ហាញអាការណាមួយសោះទៅវិញ ដែលនេះហើយគឺជាឃាតករលាក់មុខដ៏ពិតប្រាកដនោះ។ យ៉ាងណាក៏ដោយ វិធីដែលល្អបំផុតនោះ លោកអ្នកគួរពិនិត្យកម្រិតសម្ពាធឈាមនៅពេលយប់ ដើម្បីឱ្យឃើញច្បាស់ពិតប្រាកដ មុននឹងចូលទៅទទួលការព្យាបាល។
2. ជំងឺលើសឈាម គឺជាដើមហេតុរបស់ជំងឺបេះដូង : និងបើសិនបណ្ដោយទុកចោលមិន ព្យាបាល វានឹងធ្វើឱ្យអវយវៈផ្សេងទៀតខូចខាតទៅតាមដែរ។ ជំងឺលើសឈាម គឺជាបច្ច័យប្រថុយប្រថានសម្រាប់ជំងឺជាច្រើន ដូចជា ជំងឺបេះដូង ជំងឺសរសៃឈាមខួរក្បាល សភាវគាំងបេះដូង អាការចេញឈាមនៅក្នុងខួរក្បាល និងគាំងក្រលៀន អាចនឹងត្រូវចូលទៅទទួលការលាងក្រលៀននៅទីបំផុត។ សួរថា ហេតុអ្វីបានហុចផលប៉ះពាល់ធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹង? ព្រោះថាគ្រប់ពេលដែលបេះដូងធ្វើការបឺតបាញ់ឈាមក៏នឹងបឺតបាញ់ដោយកម្លាំងរុញច្រានខ្លាំង ដែលមានន័យថា បេះដូងត្រូវធ្វើការខ្លាំងធ្វើឱ្យសាច់ដុំបេះដូងក្រាស់ៗ និងបឺតបាញ់ឈាមបានយ៉ាងមានប្រសិទ្ធភាពកាន់តែពិបាកជាងមុនហ្នឹងឯង។
3. អ្នកអាចព្យាបាលជំងឺលើសឈាមបានតាមរយៈការផ្លាស់ប្ដូររបៀបរបបរស់នៅរបស់ខ្លួនឯងតាំងពីដំបូងៗ : នៅពេលកម្រិតសម្ពាធឈាមរបស់អ្នកស្ថិតក្នុងកម្រិត 120-129/80 លោកអ្នកមិនទាន់ចាំបាច់ប្រញាប់ប្រញាល់ចូលទៅទទួលការព្យាបាលទេ តែគ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឱ្យអ្នកផ្លាស់ប្ដូរឡាយហ្វ៍ស្តាយល៍មួយចំនួនដូចជា ការទទួលទានអាហារ ការតមភេសជ្ជៈអាល់កុល ឬបន្ថែមលំដាប់ការហាត់ប្រាណជាដើម។ ពេលតួលេខចាប់ផ្ដើមខ្ពស់ឡើង ការផ្លាស់ប្ដូររបៀបរបររស់នៅក៏ក្លាយជារឿងចាំបាច់ រួមទាំងលោកអ្នកអាចញ៉ាំថ្នាំរួមជាមួយផង តែគោលបំណងរបស់គោលការណ៍ថ្មីនេះ គឺដើម្បីការពារភាពធ្ងន់ធ្ងរដែលអាចកើតឡើងដោយការសង្កត់ធ្ងន់លើការព្យាបាលតាំងពីដំបូងៗ។
អ្នកជំងឺអាចគ្រប់គ្រងកម្រិតសម្ពាធឈាមរបស់ខ្លួនបានដោយការជ្រើសរើសទទួលទានអាហារដែលមានប្រយោជន៍ និងឧស្សាហ៍ហាត់ប្រាណជាប់ជាប្រចាំ។ ក្រៅពីនេះលោកអ្នកនៅគួរហាត់រៀនវាស់កម្រិតសម្ពាធឈាមដោយខ្លួនឯងនៅផ្ទះផងដែរ។ យ៉ាងណាក៏ដោយ បើលោកអ្នកមានចំណុចងឿងឆ្ងល់ ឬសង្ស័យពាក់ព័ន្ធនឹងសម្ពាធឈាម ឬវិធីវាស់នោះ ក៏គួរតែប្រឹក្សាជាមួយគ្រូពេទ្យ៕