វិស័យហិរញ្ញវត្ថុនៅកម្ពុជាកំពុងមានស្ថានភាពល្អប្រសើរ ស្របពេលដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារបានពង្រីកខ្លួនកាន់តែធំឡើងៗជាមួយសាខាស្ទើរគ្រប់ទីកន្លែងទាំងតំបន់ជនបទ និងទីក្រុង។ ជាមួយនឹងការពង្រីកទីផ្សាររបស់គ្រឹះស្ថានហិរញ្ញវត្ថុនេះធនធានជាច្រើនបានក្លាយជាតម្រូវការចាំបាច់សម្រាប់ផ្គត់ផ្គង់ឱ្យដំណើរការរបស់ស្ថាប័នធំៗ ដែលក្នុងនោះធនធានមនុស្សក៏ជាផ្នែកមួយមិនអាចខ្វះបានផងដែរសម្រាប់សម័យបច្ចេកវិទ្យា។
ទន្ទឹមនឹងភាពវិជ្ជមាននៃការអភិវឌ្ឍនេះ ធនធានមនុស្សផ្នែកធនាគារក៏ត្រូវបានគេមើលឃើញថាអាចនឹងប្រឈមបញ្ហាជាច្រើនផងដែរនៅពេលដែលបដិវត្ដន៍ឧស្សាហកម្មថ្មីចូលមកដល់ ដែលម៉ាស៊ីនចាប់ផ្តើមចូលជំនួសផ្នែកខ្លះៗនៃធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាចរន្តមួយប៉ះពាល់ដល់ធនធានមនុស្សដែលកំពុងសិក្សានេះ។ បើទោះបីជាយ៉ាងនេះក្តី អ្នកជំនាញនៅតែមើលឃើញថាកម្ពុជានៅត្រូវការអ្នកជំនាញហិរញ្ញវត្ថុជាច្រើនផ្សេងទៀតដើម្បីបំពេញតម្រូវការនៅក្នុងស្រុកបើទោះបីជាបច្ចេកវិទ្យាត្រូវបានគេដាក់ឱ្យប្រើប្រាស់នៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើននៅកម្ពុជាក៏ដោយ។
បណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានឱ្យដឹងថា បច្ចុប្បន្ននេះធនាគារ និងមីក្រូហិរញ្ញវត្ថុត្រូវការបុគ្គលិកច្រើនគួរសមដែរដើម្បីបម្រើការងារលើវិស័យនេះ បើទោះបីជាមានវត្តមានបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ (FINTECH)ក៏ដោយ។ ជាក់ស្តែងបើគិតត្រឹមតែធនាគារអេស៊ីលីដា ភីអិលស៊ី តែមួយ កាលពីមិនទាន់រៀបចំប្រព័ន្ធ Fintechធនាគារត្រូវការជ្រើសរើសបុគ្គលិកបន្ថែមចន្លោះពី20ភាគរយ ទៅ30ភាគរយជារៀងរាល់ឆ្នាំ។ ប្រសិនបើគិតពីចំនួនមធ្យមសម្រាប់បុគ្គលិក 1ម៉ឺននាក់ ហើយយើងត្រូវការជាមធ្យមប្រហែល 25ភាគរយនោះយើងត្រូវការបុគ្គលិកប្រមាណ 2,500នាក់បន្ថែម។ ក្រោយពេលមានវត្តមាន Fintech យើងនៅតែបន្តជ្រើសរើសបុគ្គលិកច្រើនដដែល គ្រាន់តែមានការថយចុះបន្តិចប៉ុណ្ណោះ។
លោកបណ្ឌិត ផុន ណារិន បាននិយាយថា៖ “បើគិតពីធនាគារនៅទូទាំងប្រទេស ប្រសិនបើតម្រូវការធនធានមនុស្សកើនឡើងត្រឹមតែ 5ភាគរយនោះ មានន័យថា តម្រូវការទីផ្សារផ្នែកហិរញ្ញវត្ថុនៅត្រូវការបុគ្គលិកថ្មីពីចន្លោះ 4,000នាក់ ទៅ 5,000នាក់”។
អ្នកគ្រប់គ្រងស្ថាប័នអប់រំទាក់ទងនឹងវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្មខាងលើបានលើកឡើងផងដែរថា បើតាមទស្សនៈរបស់លោកផ្ទាល់រយៈពេល5ឆ្នាំ ទៅ10ឆ្នាំទៀត Fintechមិនអាចវាយលុកខ្លាំងលើទីផ្សារការងារផ្នែកហិរញ្ញវត្ថុនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានោះទេ ព្រោះបច្ចុប្បន្ននេះមានហេតុផលសំខាន់ៗមួយចំនួនដែលធ្វើឱ្យយើងនៅតែប្រតិបត្តិការធនាគារបែបប្រពៃណីនៅកម្ពុជា។ ចំណុចសំខាន់ទី1 គឺបច្ចុប្បន្ននេះមានតែធនាគារធំៗចំនួន 2-3ប៉ុណ្ណោះដែលប្រើប្រាស់បណ្តាញបច្ចេកវិទ្យាក្នុងវិស័យធនាគារនេះសម្រាប់ប្រតិបត្តិការធនាគាររបស់ខ្លួន ហេតុនេះយើងត្រូវចំណាយពេលវេលាយូរបន្ថែមទៀតដើម្បីឱ្យធនាគារកាន់តែច្រើនឡើងប្រើប្រាស់ Fintech។ ចំណុចទី2 គឺប្រជាជន ឬអតិថិជនបច្ចុប្បន្នភាគច្រើនមិនទាន់ទុកចិត្តទាំងស្រុង 100ភាគរយលើប្រព័ន្ធបច្ចេកវិទ្យានោះទេហេតុនេះទើបប្រជាជននៅចូលចិត្តប្រើប្រាស់ប្រព័ន្ធធនាគារបែបប្រពៃណីនៅឡើយ។ ចំណុចសំខាន់ម្យ៉ាង-ទៀតនោះគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនដែលកំពុងប្រែខ្លួនទៅជាធនាគារក៏ស្ថិតក្នុងកម្រិតមួយនៅឡើយចំពោះបញ្ហាបច្ចេកវិទ្យានេះ ហេតុនេះទើបមិនទាន់អាចទៅលឿនបានទេ។ ជារួមបើមើលតាមទំនោររបស់ស្រុកយើងសព្វថ្ងៃនេះឃើញថា 10ឆ្នាំទៀត ផលប៉ះពាល់របស់ Fintechមកលើធនធានមនុស្សផ្នែកធនាគារមានប្រមាណត្រឹមតែ 10ភាគរយ ទៅ20ភាគរយតែប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យ ជី គឹមអុី ព្រឹទ្ធបុរសនៃមហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យបៀលប្រាយ បានបញ្ជាក់ថា តាមប្រវត្តិនៃការធ្វើបដិវត្តន៍ឧស្សាហកម្ម គេត្រូវចំណាយពេលមួយសតវត្សរ៍ដើម្បីធ្វើឱ្យបានពេញលេញ ហេតុនេះសម្រាប់កម្ពុជាយើងក៏ត្រូវការពេលវេលាផងដែរ។ លើវិស័យណាក៏ដោយ យើងចាំបាច់ត្រូវដើរបន្តិចម្តងៗតាមរយៈការជំរុញការបណ្តុះបណ្តាលលើផ្នែកបច្ចេកវិទ្យា និងបណ្តុះបណ្តាលឱ្យយល់ច្បាស់ពីការផ្លាស់ប្តូររបៀបធ្វើការងារដោយបញ្ចូលបច្ចេកវិទ្យាបន្តិចម្តង។ ក្រោយពេលដែលយើងបណ្តុះបណ្តាលបាននូវធនធានមនុស្សខ្លាំងហើយទើបយើងអាចអនុវត្តការងារបានដោយរលូន ព្រោះបើទោះបីជាយើងប្រើប្រាស់បច្ចេកវិទ្យាក៏ដោយក៏ត្រូវការមនុស្សជាអ្នកគ្រប់គ្រងដែរ។
លោក ជី គឹមអុី បាននិយាយថា៖ “ពិភពលោកចាប់ផ្តើមធ្វើស្វ័យប្រវត្តិកម្ម (automation) លើផ្នែកផលិតកម្ម និងសេវាកកម្ម តែចរន្តនេះអាចធ្វើទៅមិនសូវជាបានស្រុះគ្នានោះទេ វាទាមទារឱ្យមានការចំណាយពេលវេលាដើម្បីត្រៀមទាំងធនធាន និងការអប់រំឱ្យបានល្អជាមុនសិន”។
អ្នកជំនាញខាងលើបានបញ្ជាក់ផងដែរថា បន្តិចម្តងៗកម្ពុជាអាចនឹងអនុវត្តបានល្អលើការប្រើប្រាស់បណ្តាញបច្ចេកវិទ្យាទាំងផ្នែកផលិតកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ តែមិនមែនក្នុងពេលត្រឹមតែ 4-5ឆ្នាំទៀតទេ តែវាអាចត្រូវការពេលវេលាច្រើនឆ្នាំទៀតដែរដើម្បីបញ្ជ្រាបប្រព័ន្ធថ្មីៗទាំងអស់នេះឱ្យបានគ្រប់ទីកន្លែង។ ម្យ៉ាងវិញទៀត បើទោះបីជាការធ្វើស្វ័យប្រវត្តិកម្មប៉ះពាល់ដល់ការងារមនុស្សក៏ដោយ តែមនុស្សក៏នៅតែមានឱកាសធ្វើការងារបានល្អដដែល គ្រាន់តែផ្លាស់ប្តូរពីការងារចាស់ទៅការងារថ្មីៗតែប៉ុណ្ណោះ៕