ជារឿងភ្ញាក់ផ្អើល ខណៈដែលអ្នកដឹកនាំសម្ដែងនៅផលិតកម្មថោន រិទ្ធ អូមេហ្គា បានLive វីដេអូកាលពីយប់មិញថា ក្មេងពាលមួយក្រុមបានកាប់បុគ្គលិកលោកបែកមួកសុវត្ថិភាពជាពីរ ក្រោយចេញពីធ្វើការនៅកោះពេជ្រ វេលាម៉ោង3ទៀបភ្លឺនាថ្ងៃទី12 ខែមករា ឆ្នាំ2019កន្លងទៅថ្មីៗនេះ។ លោកថា បើសិនជាគាត់គ្មានមួកសុវត្ថិភាពការពារទេនោះប្រហែលជាស្លាប់ហើយពេលនេះ។
លោក រិទ្ធ អូមេហ្គា ថាជនបង្កហេតុខាងលើបានគំរាមបាញ់សម្លាប់លោកថែមទៀតផង ដោយពួកគេបានបោះពាក្យសម្ដីមកលើកូនចៅថា«ពួកហែងត្រៀមធាតុត្រៀមកោដ្ឋឲ្យហើយទៅ»។ លោកថា រឿងកើតឡើងចំពោះលោកនិងកូនចៅកើតឡើងដោយសារតែការប្រជែងរឿងរកស៊ី។ អ្នកដឹកនាំសម្ដែងមួយនេះ បញ្ជាក់ថា « មួយទៀត ឮអ្នកឯងថាចង់បាញ់ខ្ញុំបំបាក់ជើងមែន? អាងអី? អ្នកឯងកំពុងមើលងាយសមត្ថកិច្ចមើលងាយរាជជរដ្ធាភិបាល នឹង ច្បាប់ក្នុងប្រទេសកម្ពុជាហើយ នឹងថ្នាក់ដឹកនាំហើយ។ ប្រយ័ត្នពាក្យសម្តីអ្នកឯង នឹងទង្វើអ្នកឯង សូមកុំបំពានមកខ្ញុំនឹងហាងខ្ញុំទៀត ខ្ញុំរកស៊ីសុំតែម៉ាសុខ នឹងរកស៊ីដោយសុច្ចរឹត ប្រឹងបង្កើតអ្វីដែលជាគំនិតខ្លួនឯង។ ខ្ញុំបានដាក់ពាក្យបណ្តឹងបង្កក់ហើយៗ បើខ្ញុំ នឹងគ្រួសារខ្ញុំមានបញ្ហាអីកើតឡើងគឺខាងអ្នកឯងជាអ្នកបង្ក។ ព្រោះខ្ញុំជាប្រជាពលរដ្ធស្លូតត្រង់ តែងតែជួយការងារសង្គម នឹងសប្បុរសធម៌ មិនដែលដើរបង្ករជំលោះអ្នកណា រឺចារឹកពាលចង់សំលាប់អ្នកណាដូចអ្នកឯងទេ។ សំខាន់ប្រទេសមានច្បាប់ !!! »។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីជួបហេតុការណ៍ដូច្នេះ រិទ្ធ អូមេហ្គា និងកូនចៅបានទៅដាក់ពាក្យប្ដឹងជនល្មើសរួចរាល់ហើយដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ដោយខាងលោក បានថតរថយន្ត និងសកម្មភាពជនបង្ករហេតុទុកជាភ័ស្ដតាងផងដែរ។ រិទ្ធ អូមេហ្គា បានរៀបរាប់ថា ចំពោះអត្តសញ្ញាណមេធំនៅពីក្រោយការគំរាមបាញ់សម្លាប់នេះលោក សុំលាក់សិនគ្រប់យ៉ាងនឹងបង្ហាញក្នុងពេលឆាប់ព្រោះរឿងនេះបានទៅដល់ដៃសមត្ថកិច្ចហើយ៕