ក្រោយពីទទួលបានវិញ្ញាបនបត្របញ្ជាក់ផលិតផលសម្គាល់ភូមិសាស្ត្រ(GI)កាលពីខែមិថុនាឆ្នាំមុន ក្រូចថ្លុងកោះទ្រង់ ខេត្តក្រចេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងក្នុងតំបន់ និងនៅតាមបណ្តាខេត្តនានា។
ក្រូចថ្លុងកោះទ្រង់ ខេត្តក្រចេះ ជាផលិតផលសម្គាល់ភូមិសាស្ត្រទី3 បន្ទាប់ពីម្រេចខេត្តកំពត និងស្ករត្នោតកំពង់ស្ពឺ។ ក្រូចថ្លុងកោះទ្រង់ ខេត្តក្រចេះ គឺជាផលិតផលដំណាំហូបផ្លែប្រពៃណី ហើយវាមានសក្តានុពលខ្ពស់ក្នុងការលើកកម្ពស់ប្រាក់ចំណូលប្រជាជនក្នុងតំបន់ និងជួយបង្កើនចំនួនភ្ញៀវទេសចរទៅកាន់រមណីយដ្ឋានកោះទ្រង់ ខេត្តក្រចេះទៀតផង។
ចាប់តាំងពីក្រូចថ្លុងកោះទ្រង់ ត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ត្រមក ប្រជាពលរដ្ឋនៅក្នុងសង្កាត់កោះទ្រង់ ខេត្តក្រចេះចាប់ផ្តើមពង្រីកការដាំដុះបន្ថែមទៀតដើម្បីផ្គត់ផ្គង់ និងបំពេញតម្រូវការទីផ្សារ។ នេះបើយោងតាមលោកស្រី គាន រីណា ប្រធានសមាគមអ្នកដាំក្រូចថ្លុងកោះ-ទ្រង់ក្រចេះ។
លោកស្រី រីណា មានប្រសាសន៍ថា សព្វថ្ងៃសមាគមរបស់លោកស្រីមានសមាជិកចំនួន 226គ្រួសារ ដែលមានក្រូចថ្លុងប្រមាណជាង 1ម៉ឺនដើម ដោយឡែកក្រូចថ្លុងដែលកំពុងផ្តល់ផលមានប្រមាណតែជាង 2ពាន់ដើមប៉ុណ្ណោះ។
លោកស្រី រីណា បន្ថែមទៀតថា ទនិ្នផលរបស់ក្រូចថ្លុងកោះទ្រង់ អាស្រ័យលើអាយុកាលរបស់ដើមក្រូចដោយលោកស្រីពន្យល់ថា ដើមក្រូចថ្លុងដែលលូតលាស់ថ្មីៗ ផ្តល់ផលឆ្នាំដំបូងបានប្រមាណតែ4 ទៅ10ផ្លែតែប៉ុណ្ណោះ ដោយឡែកដើមក្រូចថ្លុងដែលមានអាយុកាលចាប់ពី2 ទៅ3ឆ្នាំ ទិន្នផលនឹងទទួលបានប្រមាណពី50 ទៅ50ផ្លែក្នុងមួយដើម ហើយចាប់ពី 3ឆ្នាំឡើងទៅ ទន្និផលនឹងទទួលបានកាន់តែច្រើនឡើងដែរ។
លោកស្រីបានបន្តថា៖“ឥឡូវនេះមានការទទួលស្គាល់ច្រើនលើរសជាតិរបស់ក្រូចថ្លុងកោះទ្រង់ហើយក្រោយពីទទួលបានផលិតផលសម្គាល់ភូមិសាស្ត្រ កាន់តែមានការទទួលស្គាល់ថែមទៀតពីសំណាក់អ្នកនិយមទទួលទានក្រូចថ្លុងកោះទ្រង់ ឯតម្លៃវិញ ក្រូចថ្លុងមួយផ្លែមានតម្លៃប្រមាណជា 14,000រៀល ឬ3.5ដុល្លារអាមេរិក”។
លោកស្រី រីណា បានបញ្ជាក់ថា ក្រូចថ្លុងកោះទ្រង់ភាគច្រើនគេយកមកលក់នៅភ្នំពេញ ហើយឥឡូវការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ ដោយសារក្រូចថ្លុងកោះទ្រង់ផ្លែតាមរដូវ ដោយរដូវប្រមូលផលក្រូចថ្លុងកោះទ្រង់ គឺចាប់ពីខែតុលា ដល់ខែធ្នូ ហើយបើផុតពីរដូវប្រមូលផល រសជាតិក៏មិនសូវឆ្ងាញ់ដូចរដូវប្រមូលផលដែរ។
លោកស្រីមានប្រសាសន៍ថា នៅពេលនេះយើងកំពុងធ្វើការពង្រីកការដាំដុះបន្ថែមទៀត ដោយសារតែឃើញក្រូចថ្លុងរបស់យើងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន។ កាលពីមុន កសិករមានការពិបាកលក់បន្តិច ប៉ុន្តែឥឡូវនេះមានការបញ្ជាទិញច្រើន ដែលសឹងតែគ្មានក្រូចថ្លុងលក់ឱ្យគេទៀតផង។ ជាទូទៅ ការទិញក្រូចថ្លុងកោះទ្រង់ភាគច្រើនគឺគេយកទៅបរិភោគជាលក្ខណៈគ្រួសារ ដោយឡែកក៏មានអាជីវករមួយចំនួនចាប់ផ្តើមទាក់ទងមកទំនាក់ទំនងសមាគមដើម្បីម៉ៅទិញយកទៅលក់បន្តផងដែរ។
លោក ប៊ុន បាន ប្រធានសហគមន៍អេកូទេសចរណ៍កោះទ្រង់ បានថ្លែងថា រមណីយដ្ឋានកោះទ្រង់មិនត្រឹមតែជាតំបន់កសិ-ទេសចរណ៍ប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងមានឆ្នេរខ្សាច់វែង លាតសន្ធឹងប្រមាណជាង 4គីឡូម៉ែត្រទៀតផង។
លោកបានបន្ថែមថា៖“យើងថែមទាំងមានសមាគមផលិតបន្លែសម្រាប់ផ្គត់ផ្គង់សហគមន៍ផ្ទះសំណាក់ ដើម្បីទទួលភ្ញៀវទេសចរ លើកលែងតែបន្លែមួយចំនួនដែលពិបាករក។ យើងមានដំណាំហូបផ្លែតាមរដូវកាលដូចជា ក្រូចថ្លុង ខ្នុរ ផ្លែទឹកដោះគោជាដើម”។
លោកថា៖“យើងបានចងក្រងជាសហគមន៍សមាគម និងជាក្រុមតូចៗដើម្បីបម្រើសេវាកម្មទេសចរណ៍ ដូចជារទេះសេះ រទេះគោ រ៉ឺម៉កកង់បី កង់ ទូកជិះកម្សាន្ត និងផ្ទះស្នាក់នៅ ជាដើម យើងបង្កើតមុខរបរបានជាច្រើន និងកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋក្នុងស្រុកទៀតផង។
លោក បាន បានបន្តថា ទេសចរជាច្រើនបានទៅលេងរមណីយដ្ឋានកោះទ្រង់ ដោយនៅឆ្នាំ2018 ទេសចរជាតិដែលបានទៅទស្សនារមណីយដ្ឋានកោះទ្រង់មានជាង 17,000នាក់ និងភ្ញៀវបរទេសមានជាង 300នាក់បានមកកម្សាន្តឆ្នេរខ្សាច់។
ដោយឡែកលោក អប់ រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានថ្លែងថាបច្ចុប្បន្នកម្ពុជាមានផលិតផលកសិកម្មជាង 20មុខទៀតដែលអាចនឹងទទួលបានវិញ្ញាបនបត្រផលិតផលសម្គាល់ភូមិសាស្ត្រនាពេលអនាគត ដូចជា អំបិលកំពត ទុរេនកំពត សូត្រភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្រូវសែនក្រអូបខេត្តបាត់ដំបង និងប្រហុកខេត្តសៀមរាបជាដើម៕