ការប្រឡង ពេលខ្លះអាចបង្កឱ្យអ្នកសិក្សាធុញថប់ ឬចំណាយថាមពលច្រើន ព្រោះពួកគេត្រូវគិត និងបារម្ភខ្លាំងនៅពេលដែលខួរក្បាលមិនមានរបៀបរៀបរយ។ អារម្មណ៍ភ័យ ឬមិនទាន់បានបង្កើតរបៀបរៀបរយ អាចធ្វើឱ្យសិស្ស-និស្សិតបាត់បង់ទំនុកចិត្ត ហើយមិនអាចធ្វើលំហាត់បានល្អ ដែលអាចបណ្តាលឱ្យធ្លាក់នៅក្នុងការប្រឡងទៀតផង។
ខាងក្រោមនេះជាគន្លឹះខ្លះៗក្នុងការដោះស្រាយបញ្ហាខាងលើតាមរយៈការរៀបចំខួរក្បាល និងការគិតឱ្យមានសណ្តាប់ធ្នាប់ល្អ។
១. ដាក់កាលវិភាគសម្រាប់ខ្លួនឯង
មនុស្សជាច្រើនបរាជ័យក្នុងការដាក់ផែនការសម្រាប់ខ្លួនឯងលើការសិក្សា ព្រោះវាមិនមែនជារឿងងាយនោះទេ តែប្រសិនបើអ្នកអាចធ្វើបាន វាអាចជួយដល់ការគិតរបស់អ្នកបានយ៉ាងល្អបំផុត។ តាមពិតទៅវាមិនមែនជារឿងពិបាកទាំងស្រុងនោះទេក្នុងការដោះស្រាយបញ្ហាមិនគោរពគោលការណ៍របស់ខ្លួនឯងនេះ តែមកពីអ្នកសិក្សាភាគច្រើនមិនចេះទប់ខ្លួនឯងឱ្យបានក្នុងរយៈពេលដំបូងៗតែប៉ុណ្ណោះ។ ជាដំណោះស្រាយ អ្នកគួរសាកល្បងដាក់កាលវិភាគដែលធូរបំផុត តែត្រូវអនុវត្តឱ្យបានក្នុងរយៈពេលយ៉ាងតិច ២០ថ្ងៃជាប់គ្នាកុំខកខាន។
២. កត់ត្រានូវអ្វីដែលខ្លួនបានធ្វើ និងកត់ពីគម្រោងសម្រាប់ថ្ងៃស្អែក
ការកត់ត្រានូវអ្វីដែលអ្នកបានធ្វើ និងមេរៀនដែលបានរៀនរួចមកហើយ អាចធ្វើឱ្យការគិតរបស់អ្នកមានរបៀបរៀបរយ។ អ្នកនឹងមិនបារម្ភឡើយថា នឹងត្រូវធ្វើអ្វីខ្លះនៅថ្ងៃនេះប្រសិនបើអ្នកបានរៀបចំកាលវិភាគរួចតាំងពីម្សិលមិញ។ ម្យ៉ាងវិញទៀតការកត់ត្រាពីអ្វីដែលខ្លួនបានធ្វើ និងបានរៀននៅពេលល្ងាចអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ល្អដើម្បីរំលឹកមេរៀន ដើម្បីដឹងពីចំណុចខ្វះខាតរបស់ខ្លួន ហើយបន្តអភិវឌ្ឍនៅថ្ងៃបន្ទាប់ទៀត។
៣. គេងឱ្យបានគ្រប់គ្រាន់
ការគេងសម្រាកឱ្យបានគ្រប់គ្រាន់អាចជួយឱ្យមនុស្សមានទឹកមុខស្រស់ថ្លា និងធ្វើឱ្យខួរក្បាលមានថាមពលល្អ មិនស្ពឹកស្រពន់។ នៅពេលដែលមនុស្សគ្មានទម្លាប់ល្អ ពួកគេនឹងបណ្តោយខ្លួនឱ្យជ្រុលជាមួយនឹងការលេងឧបករណ៍អេឡិចត្រូនិចករហូតដល់យប់ជ្រៅ ហើយងោកនៅពេលរៀន។ ជាដំណោះស្រាយល្អ អ្នកគួរកំណត់ម៉ោងគេងឱ្យបានច្បាស់លាស់ ហើយកំណត់ម៉ោងភ្ញាក់ដើម្បីធានាថាអ្នកអាចសម្រាកបានគ្រប់ចំនួនម៉ោង។ សម្រាប់ចំនួនម៉ោងដែលអ្នកត្រូវគេងសម្រាក គឺចន្លោះពី 6ម៉ោង ទៅ8ម៉ោង៕