ឧស្សាហកម្មជប៉ុននឹងមានតម្រូវការកម្លាំងពលកម្មបន្ថែមទៀតពីប្រទេសជាដៃគូក្នុងការបញ្ជូនពលករទៅកាន់ប្រទេសជប៉ុន ក្នុងនោះកម្ពុជាក៏ជាដៃគូមួយដែរ ដែលគ្រោងនឹងបញ្ជូនពលករ-ពលការិនីបន្ថែមទៅធ្វើការនៅប្រទេសជប៉ុនផងដែរ។ នេះបើតាមព័ត៌មានឱ្យដឹងក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយនឹងមន្រ្តីតំណាងពីប្រទេសជប៉ុន និងរដ្ឋមន្រ្តីក្រសួងការងារ។
ក្នុងជំនួបពិភាក្សាការងាររវាងលោក មីគី វ៉ាតាណាបេ (Miki Watanabe) ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍សភាកិច្ចការបរទេស និងការពារជាតិនៃរដ្ឋសភាជប៉ុននៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នៅពេលខាងមុខនឹងមានក្រុមហ៊ុនជប៉ុនមកបើកជាបន្តបន្ទាប់ដើម្បីបណ្តុះបណ្តាល និងងាយស្រួលបញ្ជូនកម្មសិក្សាការីពីកម្ពុជាទៅប្រទេសជប៉ុន ខណៈដែលរដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់ថ្មី។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រុមហ៊ុនខាងលើ គឺជាក្រុមហ៊ុនចម្រុះខាងផ្នែកឧស្សាហកម្ម និងផ្នែកសេវាកម្ម ដែលបច្ចុប្បន្ន ក្រុមហ៊ុននេះបានគ្រប់គ្រងបុគ្គលិកប្រមាណ 2ម៉ឺននាក់នៅប្រទេសជប៉ុន កំពុងត្រូវការកម្លាំងបន្ថែមទៀត។ ប្រទេសជប៉ុនបានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មីសម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗ និងសម្រាប់អនុវត្តនៅអំឡុងខែមេសា ឆ្នាំ2019ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញនៅប្រទេសជប៉ុន។
ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់បន្ថែមថា៖ ដើម្បីអនុវត្តគម្រោងថ្មីនេះបាន នាពេលខាងមុខរដ្ឋាភិបាលប្រទេសទាំង2 (កម្ពុជា-ជប៉ុន) ពិសេសក្រសួងការងារកំពុងរៀបចំឱ្យមានការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីអនុវត្តនូវប្រព័ន្ធថ្មី និងច្បាប់ថ្មីរបស់ភាគីជប៉ុន។ គិតមកដល់ពេលនេះ កម្ពុជាមានកម្មសិក្សាការីចេញទៅធ្វើការនៅប្រទេសជប៉ុនចំនួន ប្រមាណជាង 9ពាន់នាក់។
ឯកឧត្តមបន្តថា ជាមួយគ្នានេះ ប្រទេសជប៉ុនបាននិងកំពុងរៀបចំឱ្យមានសេចក្តីព្រាង និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលបញ្ជូនពលករទាំងអស់ និងបានអនុញ្ញាតឱ្យបញ្ជូនទាំងកម្មសិក្សាការីបច្ចេកទេស និងអ្នកធ្វើការជំនាញបច្ចេកទេសទៅកាន់ប្រទេសជប៉ុនផងដែរ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយមន្ត្រីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងចំណោមប្រទេសជាដៃគូរបស់ប្រទេសជប៉ុនដែលបានបញ្ជូនពលករទៅធ្វើការនៅទីនោះមានចំនួន 15ប្រទេសហើយ។ ក្នុងចំណោមប្រទេសដែលបានបញ្ជូនពលករទៅប្រទេសជប៉ុនពីលេខ1 រហូតដល់15 ប្រទេសកម្ពុជាឈរនៅលេខរៀងទី7៕