ខ្សែការពារ Maya Yoshida ប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានទទួលស្គាល់ថា ក្រុមមានរហស្សនាមថា Blue Samurai មួយនេះ ត្រូវតែបង្ហាញពីភាពមុតស្រួចបន្ថែមទៀត ខណៈដែលពួកគេបានយកឈ្នះលើក្រុមជម្រើសជាតិអូម៉ង់ ក្នុងលទ្ធផល 1-០ ដើម្បីឈានទៅវគ្គ 16ក្រុមចុងក្រោយនៃយុទ្ធនាការ Asian Cup កាលពីថ្ងៃអាទិត្យ។
ការស៊ុតបាល់ប៉េណាល់ទី 1គ្រាប់ដ៏ចម្រូងចម្រាសពីខ្សែបម្រើ Genki Haraguchi បានជួយឱ្យក្រុមម្ចាស់ជើងឯក 4សម័យកាលមួយនេះ ឈានទៅវគ្គ 16ក្រុមចុងក្រោយ ក្រោយពីការបង្ហាញទម្រង់លេងដ៏ត្រដាបត្រដួសមួយ ដែលបានធ្វើឱ្យ Yoshida ត្អូញត្អែរពីការខ្វះភាពមុតស្រួចរបស់ក្រុមខ្លួននៅក្នុងទីក្រុង Abu Dhabi។
ក្រោយពីក្រុមជប៉ុន ដណ្តើមបានជ័យជម្នះ 2លើកជាប់ៗគ្នា ក្នុងការប្រកួតពូល F កីឡាករ Yoshida បានឱ្យដឹងថា៖ «យើងត្រូវតែមានភាពមុតស្រួចជាងមុន។ យើងគួរតែបានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ឬច្រើនជាងនេះ។ នោះគឺជាមូលហេតុដែលយើងបានជួបការលំបាកនៅរយៈពេល 10នាទីចុងក្រោយ។ វាតែងតែលំបាក នៅពេលដែលអ្នកនាំមុខ 1-០ ហើយខ្សែការពារ ត្រូវតែរក្សាការនាំមុខនោះ»។
Yoshida ក៏មានអារម្មណ៍ថា សំណាងបានធ្លាក់ទៅលើក្រុមជម្រើសជាតិជប៉ុន ដែលបានទទួលបាល់ប៉េណាល់ទី 1គ្រាប់ នៅពេលដែល Haraguchi ត្រូវបានធ្វើឱ្យដួលក្នុងប្រអប់គ្រោះថ្នាក់ និងគេចផុតពីការពិន័យនៅពេលដែលខ្សែការពារ Yuto Nagatomo បានយកដៃប៉ះបាល់ នៅមុនពេលបញ្ចប់តង់ទី1។ ក្រុមជម្រើសជាតិជប៉ុន នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ឬកាតា ក្នុងវគ្គ 16ក្រុមចុងក្រោយ ខណៈដែលក្រុមម្ចាស់ផ្ទះ World Cup ឆ្នាំ2022 មួយនេះ បានយកឈ្នះលើក្រុមកូរ៉េខាងជើង ក្នុងលទ្ធផល 6–០ ដើម្បីកក់កៅអីទៅវគ្គ 16ក្រុមរួចជាស្រេច កាលពីថ្ងៃអាទិត្យ៕