ក្នុងចំណោមតារាហ្វេសបុកដែលមានកេរ្តិ៍ឈ្មោះសំលេង កញ្ញា ដេននី ក្វាន់ បានក្លាយជាតារាដែលមានភាពលេចធ្លោរជាងគេទាំងរឿងល្អ និងរឿងអាក្រក់។ រឿងមិនល្អ គឺនាងត្រូវគេរិះគន់ថាស៊ិចស៊ី និងជានារីមាត់ដាចមិនសំចៃមាត់ នៅពេលមានបុគ្គលណាម្នាក់ធ្វើឱ្យឆេះដុំ សូម្បីតែក្នុងម៉ោងនាង Live ឃោសនាផលិតផល។
ប៉ុន្តែអ្វីមិនសរសើរនាងមិនបាន គឺនាងជាតារាដែលបានចំណាយពេលធ្វើទានទាំងខ្លួនរវល់ដកឃ្លាមិនរួច ដោយសកម្មភាពចែកទានរបស់នាង ក៍មិនមែនគ្រាន់តែចែកបាយកញ្ចប់ ឬ ចែកទានបន្តិចបន្តួច ហើយថតបង្ហោះនោះទេ។
នៅលើគណនីផ្លូវការរបស់នាង កញ្ញា ដេននី ក្វាន់ ត្រូវគេឃើញផុសពីសកម្មភាពទាំងល្អ និងអាក្រក់ចម្រុះគ្នា ដោយក្នុងពេលខ្លះនាងផុសតបតនឹងអ្នកមាក់ងាយចំពោះនាង និងផុសពីអារម្មណ៍មិនសប្បាយចិត្តក្នុងរឿងស្នេហា តែស្របនឹងការបង្ហោះមិនល្អ នាងក៍ផុសពីការចែកទាន ដើម្បីជាគំរូដល់តារាផ្សេងទៀត។
ដេននី ក្វាន់ បានបង្ហោះក្ដៅៗ នៅថ្ងៃទី12 ខែ មករា ថា « ថ្ងៃនេះនាងខ្ញុំ និងបងស្រីរបស់នាងខ្ញុំបាននាំយកអំណោយចំនួន18គ្រួសារជូន ដល់លោកយាយលោកតា នៅភូមក្បាលពោធ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ ក្រោយពីចែកជូនពួកគាត់ហើយមានអារម្មណ៏ថាជ្រះថ្លាក្នុងចិត្តណាស់ សម្រាប់ខ្ញុំគ្មានអ្វីសប្បាយចិត្តជាងការដែលបានចែករំលែកដល់អ្នកក្រខ្សត់ជាងខ្ញុំនោះទេ។ ខ្ញុំសន្យាថា និងបន្តធ្វើការងារមនុស្សធម៌ជារៀងរហូតតាមលទ្ធភាពនិងពេលវេលាដែលនាងខ្ញុំមាន »។
សកម្មភាពចែកទានរបស់នាង ត្រូវបានគេចែកចាយ និងកោតសរសើរយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលគេដឹងថា នាងរវល់ស្ទើររកម៉ោងសម្រាកមិនបាន ប៉ុន្តែនៅតែចំណាយលុយធ្វើទាន ដែលត្រូវគេឱ្យពិន្ទុថា បើគ្មានឆន្ទៈ គឺមិនអាចចំណាយពេលកើតទេ ហើយទឹកចិត្តដែលនាងឈានដល់ការចំណាយពេលធ្វើទាននោះ ក៏ពិបាករកបុគ្គលសាមញ្ញដែលរវល់ដូចនាង អាចធ្វើបានដែរ។ នេះមិនមែនជាសកម្មភាពលើកដំបូងដែលនាងបានធ្វើនោះទេ គឺអាចនិយាយបានថាជាទម្លាប់ទៅហើយ ទើបនាងត្រូវគេលាន់មាត់ថា ដេនីក្វាន់ ពិតជាមិនសរសើរមិនបាន ដោយមិនមែនធ្វើតែរឿងរងការរិះគន់ដូចតារាដែលមានរឿងអាស្រូវខ្លះឡើយ៕