បញ្ហាមន្ត្រីច្រើនស្ថាប័ននៅតាមច្រកព្រំដែននានាធ្លាប់ត្រូវបានលើកឡើងថាជាឧបសគ្គមួយផងដែរសម្រាប់អាជីវករ និងពាណិជ្ជករដែលរកស៊ីផ្នែកនាំចេញ និងនាំចូលផលិតផលពីបរទេសមកកម្ពុជា និងពីកម្ពុជាទៅក្រៅប្រទេស។
បញ្ហាស្ថាប័នច្រើននេះត្រូវបានគេមើលឃើញថា អាចធ្វើឱ្យនីតិវិធីនៃការនាំចេញ-នាំចូលមានភាពសាំញ៉ាំ ចំណាយពេលវេលាយូរ និងថវិកាច្រើនដែលបញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់អ្នករកស៊ីដែលត្រូវការភាពឆាប់រហ័ស។
នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានលើកទី3 កាលពីថ្ងៃទី11 ខែមករា ឆ្នាំ2019 ម្សិលមិញនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលនឹងកាត់បន្ថយមន្ត្រីគ្រប់ស្ថាប័នទាំងអស់នៅច្រកព្រំដែន ដោយទុកតែមន្ត្រីអន្តោប្រវេសន៍ ដែលត្រូវបំពេញបែបបទវាយត្រាចេញ-ចូលប្រទេសជាចាំបាច់ និងមន្ត្រីគយសម្រាប់ប្រមូលពន្ធតែប៉ុណ្ណោះ ក្រៅពីនេះមន្ត្រីកាំកុងត្រូល និងមន្ត្រីផ្សេងៗទៀតនឹងមិនឱ្យមាននៅច្រកព្រំដែនតទៅទៀតទេ។
ចំណាត់ការនេះធ្វើឡើងដើម្បីពង្រឹងឯករាជភាពលើវិស័យសេដ្ឋកិច្ច តាមរយៈការជំរុញឱ្យមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស៕