សម្រាប់អ្នកដែលចង់រក្សាទម្ងន់ គួរតែចាប់អារម្មណ៍អាននូវអត្ថបទនេះ ព្រោះថាប្រសិនបើអ្នកជាមនុស្សកំពុងតែសម្រាកមិនបានគ្រប់គ្រាន់ និងមិនសមល្មមទេនោះ ការគេងយប់ជ្រៅរបស់អ្នកជាបញ្ហាចម្បងមួយដែលធ្វើឱ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន។ អ្នកអាចនឹងគិតថា ខំញ៉ាំអាហារបន្ដិចៗ ឬបង្អត់អាហារពេលល្ងាចហើយនៅតែឡើងគីឡូទៀត ព្រោះមូលហេតុអ្វីទៅ? ថ្ងៃនេះទស្សនាវដ្ដី ឡារ៉ែន សូមណែនាំនូវអត្ថបទដ៏គួរឱ្យចាប់អារម្មណ៍នេះ។
1. គេងមិនគ្រប់ រាងកាយទន់ខ្សោយ
អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញថាការដែលគេងមិនគ្រប់គ្រាន់ មានការហុចផលដល់ការប្រើប្រាស់កម្លាំងរាងកាយខ្សោយជាងធម្មតា5% និងធ្វើឱ្យប្រពន្ធរំលាយអាហារធ្វើការមិនបានល្អ ហើយបណ្ដាលឱ្យបន្ទោបង់មិនទៀងទាត់។ រាងកាយរបស់មនុស្សត្រូវប្រើប្រាស់កម្លាំងធ្វើការ20% បើកើតមានអាការនឿយហត់ អស់កម្លាំងហើយនោះ បានសេចក្ដីថា រាងកាយរបស់អ្នកចុះថាមពលហើយ។
2. ការគេងមិនគ្រប់ ធ្វើឱ្យញ៉ាំកាន់តែច្រើន
ការស្រាវជ្រាវទូទៅបានបញ្ជាក់ឱ្យឃើញថា ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ក្នុងមួយយប់ នៅព្រឹកថ្ងៃបន្ទាប់ នោះនឹងធ្វើឱ្យរាងកាយអ្នកទន់ខ្សោយ និងមានអារម្មណ៍ចង់ទទួលទានអាហារមកបំពេញកម្លាំងបន្ថែម។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសាកល្បងលើបុរស និងស្ត្រី ឱ្យគេងតិចក្នុងរយៈពេល4ម៉ោងប៉ុណ្ណោះ។ ការស្រាវជ្រាវនោះ បានរកឃើញថា នៅពេលព្រឹកឡើង ស្ត្រីបានទទួលទានអាហារច្រើនលើសដើមរហូតដល់លើសកាឡួរី 329គីឡូកាឡូរី ក្នុងខណៈដែលបុរសបានទទួលទានអាហារលើសត្រឹមតែ263គីឡួកាឡូរី (ស្ត្រីទទួលទានច្រើនជាងពិតមែន) ។
3. គេងមិនគ្រប់ បណ្ដាលឱ្យទទួលទានអាហារមានជាតិផ្អែមលើសដើម
ដោយសារតែរាងកាយទទួលបានការសម្រាកមិនគ្រប់គ្រាន់ រាងកាយនិងធ្វើការផ្លាស់-ប្ដូរអ័រម៉ូន ដែលហៅថា Ghrelin ដែលជាអ័រម៉ូនរំញោចឱ្យមានអារម្មណ៍ថាឃ្លាន និងធ្វើឱ្យចង់ទទួលទានសារធាតុផ្អែមមកបំពេញ។ ជាពិសេសអាហារដែលផលិតពីជាតិស្ករ ដូចជា ទឹកក្រូច នំផ្អែម ឬបង្អែមជាដើម។ កាលណារាងកាយទទួលបានជាតិស្គរគ្រប់គ្រាន់ហើយនោះ ទើបបណ្ដាលឱ្យរាងកាយមានសភាពស្រស់ស្រាយឡើងវិញ។
4. គេងមិនគ្រប់គ្រាន់ រាងកាយនឹងឡើងជាតិខ្លាញ់លើសដើម
ការគេងមិនគ្រប់គ្រាន់ អាចបណ្ដាលឱ្យអ័រម៉ូនដុតកំលោចសារជាតិខ្លាញ់នៅក្នុងរាងកាយចុះខ្សោយ ធ្វើការមិនបានប្រសើរ។ ក្រៅពីអ័រម៉ូនខាងលើ Ghrelin បណ្ដាលឱ្យរាងកាយឃ្លានអាហារខ្លាំងហើយនោះ ការរំលាយអាហារនៅក្នុងរាងកាយរបស់យើងក៏នៅតែដំណើរការមិនសូវបានល្អផងដែរ ជាហេតុនាំឱ្យការដុតកំលោចជាតិខ្លាញ់ក្នុងរាកាយខុសប្រក្រតី។
5. គេងមិនគ្រប់គ្រាន់ មានឱកាសទទួលទានអាហារមិនទំនេរ
ត្រង់ចំណុចនេះ អាចពន្យល់បានយ៉ាងងាយតែម្ដង ព្រោះនៅខណៈដែលយើងនៅគេងពេលយប់ជ្រៅ មិនប៉ុន្មាននាទីនោះទេ ក្រពះរបស់យើងនិងឃ្លាន នោះក៏ដោយសារតែខួរក្បាលនៅមានអារម្មណ៍ថា ពេលវេលានោះ កំពុងតែស្ថិតនៅពេលថ្ងៃនៅឡើយ ជាហេតុធ្វើឱ្យអ្នកចង់ទទួលទានអាហារបន្ទាប់បន្សំ។ ម្យ៉ាងវិញទៀត កាលណាខួរនៅតែធ្វើការឥតឈប់សម្រាក នោះរាងកាយក៏ត្រូវបានស្រែកឃ្លាន អាហារដើម្បីបំពេញថាមពលខួរក្បាលដូចគ្នា។ សរុបមកទង្វើបែបនេះ ហើយដែលបណ្ដាលឱ្យអ្នកធាត់ដោយមិនដឹងខ្លួន៕